មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកសាព័ត៌មានក្នុងខេត្តព្រៃវែង ចូលរួមទប់ស្កាត់ការផ្សាព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យបះពាល់សង្គមជាតិ
01-12-2025 15:26
(ព្រៃវែង)៖ លោក ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង បានជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកសាព័ត៌មានទាំងអស់ក្នុងខេត្តព្រៃវែង ត្រូវចូលរួមទប់ស្កាត់ការចែកចាយ ការផ្សព្វផ្សាយ ឬការផលិតព័ត៌មាន ក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់សង្គមជាតិ ការអភិវឌ្ឍ និងប្រជាពលរដ្ឋ។
ការជំរុញបែបនេះរបស់លោក ម៉ែន សាម៉ន បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់មន្ទីរព័ត៌មានខេត្តព្រៃវែង ដែលមានពីចូលរួមពីលោក អន ភារៈ អភិបាលរងខេត្តព្រៃវែង តំណាងលោកអភិបាលខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។
លោក ម៉ែន សាម៉ន បានបន្តថា ការចូលរួមទប់ស្កាត់ ការផ្សព្វផ្សាយ ការផលិតព័ត៌មានក្លែងក្លាយ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់រាល់ភាពមិនប្រក្រតី ក៏ដូចជាការបង្ហាញនូវព័ត៌មានដែលមិនពិតប្រាកដ ធ្វើឱ្យប្រជាពលរដ្ឋ មានការយល់ច្រឡំ មានការវឹកវរ និងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងន់ធ្ងរដល់ប្រទេសជាតិ ក៏ដូចជាការអភិវឌ្ឍប្រទេសផងដែរ។
លោកអនុរដ្ឋលេខាធិការ បានកោតសរសើរមន្ទីរព័ត៌មានខេត្តព្រៃវែង ដែលកន្លងមកបានយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ជាពិសេសបានចូលរួមចំណែកទប់ស្កាត់ក្នុងការផ្សព្វផ្សាយដល់មហាជន ប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយតាមគ្រប់មធ្យោបាយរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាបញ្ជ្រៀបដល់ប្រជាពលរដ្ឋឱ្យគាត់យល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។
ក្នុងឱកាសនោះលោក អន ភារៈ បានលើកឡើងថា ក្រុមការងារព័ត៌មាន និងសាធារណមតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ (Fake News) ដោយសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការបកស្រាយបំភ្លឺជូនសាធារណជនកុំឱ្យមានការភាន់ច្រឡំ។
អភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ត្រីនៃមន្ទីរព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលដែលខេត្តបានខិតខំអភិវឌ្ឍន៍រីកចម្រើននាពេលបច្ចុប្បន្ននេះ ដល់ប្រជាពលរដ្ឋមហាជនឱ្យបានឃើញអំពី ភាពរីកចម្រើនរបស់ខេត្ត ដែលបានយកចិត្តទុកដាក់ខិតខំប្រមូលផ្តុំគំនិតអភិវឌ្ឍន៍ខេត្តនេះឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់នោះផងដែរ៕






















