Fresh News ទទួលបានការសរសើរ និងថ្លែងអំណរគុណពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ដែលត្រូវបានចាត់ទុកជាបណ្តាញផ្សព្វផ្សាយដ៏ឆ្នើម ក្នុងសកម្មភាពចូលរួមអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា (Video inside)

01-12-2025 15:32

(ភ្នំពេញ)៖ បណ្តាញព័ត៌មាន Fresh News ទទួលបានការសរសើរ និងថ្លែងអំណរគុណ ពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ដែលត្រូវបានចាត់ទុកជាបណ្តាញផ្សព្វផ្សាយដ៏ឆ្នើម និងសកម្មក្នុងការជួយផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងវិស័យមូលបត្រ ដើម្បី​ចូលរួមអភិវឌ្ឍវិស័យមូលបត្រកម្ពុជា។

ពិធីប្រគល់លិខិតសរសើរ និងថ្លែងអំណរគុណនេះ បានធ្វើឡើងកាលពីល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សារទំនើបអ៊ឺអនម៉ល ភ្នំពេញ ក្នុងឱកាសបិទពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK» ប្រចាំឆ្នាំ២០២៥។

ថ្លែងក្នុងពិធីនេះ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបា​លទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថា ក្រុមហ៊ុន និងតួអង្គពាក់ព័ន្ធក្នុងវិស័យមូលបត្រ ពិតជាស័ក្កិសមក្នុងការទទួលបានការសរសើរ ដោយពួកគេបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍវិស័យមូលបត្រកម្ពុជា។

លោកសូមអរគុណដល់បងប្អូនសារព័ត៌មានទាំងអស់ ដែលតែងតែចូលរួមគាំទ្រការអភិវឌ្ឍវិស័យមូលបត្រ តាមរយៈការជួយផ្សព្វផ្សាយអំពីវិស័យនេះ។

សូមជម្រាបថា ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK» ប្រចាំឆ្នាំ២០២៥ បានរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨, ២៩ និង ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥​។ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ជាពិព័រណ៍លក្ខណៈយុទ្ធនាការទាក់ទាញចំណាប់អារម្មណ៍សាធារណជន ទាក់ទាញការបើកគណនីថ្មី ជំរុញការជួញដូរ អប់រំ បណ្តុះគំនិតវិនិយោគលើភាគហ៊ុន និងណែនាំពីបច្ចុប្បន្នភាពទីផ្សារ​៕