លោកជំទាវ សោម គីមសួគ៌ ផ្ញើសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជូនលោកជំទាវ ខៀវ វណ្ណា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី

01-12-2025 16:37

(ភ្នំពេញ)៖ លោកជំទាវ សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ សម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាព​ឯកឧត្តម​សាស្ត្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ក្នុងសារលិខិតរំលែកមរណទុក្ខផ្ញើជូនលោកជំទាវ ខៀវ វណ្ណា, លោកជំទាវ សោម គីមសួគ៌ បានចាត់ទុកមរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត និងសាច់ញាតិជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ល្អប្រពៃ និងជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូប ក្នុងការដឹកនាំ និងលើកកម្ពស់វិស័យសុខាភិបាល ប្រកបដោយឆន្ទៈមនសិការស្នេហាជាតិ និងបទពិសោធន៍ខ្ពស់ ដែលកន្លងមកបានលះបង់បូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដោយការទទួលខុសត្រូវក្នុងការបម្រើប្រទេសជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ។

ទោះបីរូបកាយឯកឧត្តមសាស្ត្រាចារ្យ បានឃ្លាតឆ្ងាយទៅក៏ពិតមែន ប៉ុន្តែស្នាដៃ និង​សមិទ្ធ​ផលជាច្រើន បានចូលរួមជាមួយរាជរដ្ឋាភិបាល និងបានបន្សល់ទុកសម្រាប់​មនុស្ស​ជំនាន់ក្រោយ ជាពិសេសការងារលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមចងចាំនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តម របស់ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយ ស្រណោះអាឡោះ​អាល័យ​ជាទីបំផុត ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួង​ដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១២៖១០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ៕