អ្នកនាំពាក្យក្រសួងការងារ អំពាវនាវដល់អតីតពលករខ្មែរ មកពីថៃចូលរៀនជំនាញដើម្បីទទួលបានជំនាញពិតប្រាកដនិងចំណូលខ្ពស់
01-12-2025 16:43
(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអំពាវនាវដល់បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់មានជំនាញ សូមមករៀនជំនាញក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីមានជំនាញប្រចាំជីវិត ឆ្លើយតបទីផ្សារការងារ និងមានជីវភាពកាន់តែល្អប្រសើរក្នុងសម័យបច្ចេកវិទ្យា។
អ្នកនាំពាក្យរូបនេះ បានថ្លែងថា៖ «បើបងប្អូនមិនទាន់មានជំនាញ ហើយរកចំណូលមិនសូវបាន សូមមករៀនជំនាញ ពេលយើងមានជំនាញចំណូលក៏បានខ្ពស់គួរសម ជីវភាពកាន់តែល្អប្រសើរ ពេលមានជំនាញហើយ បើបងប្អូនមិនចង់ធ្វើការឱ្យគេ ក៏អាចបើកមុខរបរដោយខ្លួនឯងបានដែរ។កម្មវិធីបណ្តុះបណ្តាលជំនាញរបស់សម្តេចធិបតី បងប្អូនអាចចូលរៀនដោយមិនអស់ប្រាក់»។
បើតាម លោក ស៊ុន មេសា ការរៀនជំនាញគឺជាការលើកកម្ពស់ជីវភាពរស់នៅឱ្យបានកាន់តែប្រសើរ និងជាការរួមចំណែករក្សានូវស្ថិរភាពការងារ កំណើនផលិតភាព អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ លោកបញ្ជាក់ថា ដើម្បីទទួលបានចំណូលខ្ពស់ មានតែបងប្អូនអតីតពលករទាំងអស់ចូលសិក្សាជំនាញ ព្រោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ធំៗកំពុងបន្តវិនិយោគបន្ថែមកកម្ពុជានិងមានតម្រូវការកម្លាំងពលកម្មជំនាញជាចាំបាច់។
សូមជម្រាបថា ការអំពាវនាវរបស់ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងស្របពេលដែលក្រសួងការងារនៅតែបន្តរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺនៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងនឹងរៀបចំពិព័រណ៍ការងារនៅក្នុងខេត្តសៀមរៀបបន្តទៀត បន្ទាប់ពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនាពេលកន្លងទៅ។
គួរបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕












