សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសពសាស្ត្រាចារ្យ ហេង តៃគ្រី (Video inside)

01-12-2025 17:01

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃចន្ទទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយលោកជំទាវ ខៀវ វណ្ណា ព្រមទាំងក្រុមគ្រួសារចំពោះមរណភាព ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអតីតសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១២:១០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងវេលាដ៏ក្រៀមក្រំនេះ ឯកឧត្តម ពិត ចំណាន បានចូលរួមសម្តែងការសោកស្តាយអាឡោះអាល័យជាទីបំផុត និងបានប្រគល់សារលិខិត របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ដែលសារលិខិតមានខ្លឹមសារថា៖ «ក្នុងនាមខ្ញុំផ្ទាល់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកជំទាវ ខៀវ វណ្ណា និងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាព ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអតីតសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១២:១០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត និងសាច់ញាតិជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ល្អប្រពៃ និងជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូប ក្នុងការដឹកនាំ និងលើកកម្ពស់វិស័យសុខាភិបាល ប្រកបដោយឆន្ទៈមនសិការស្នេហាជាតិ និងបទពិសោធន៍ខ្ពស់ ដែលកន្លងមកបានលះបង់បូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដោយការទទួលខុសត្រូវក្នុងការបម្រើប្រទេសជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ។ ទោះបីរូបកាយ ឯកឧត្តមសាស្ត្រាចារ្យ បានឃ្លាតឆ្ងាយទៅក៏ពិតមែន ប៉ុន្តែស្នាដៃ និងសមិទ្ធផលជាច្រើន បានចូលរួមជាមួយរាជរដ្ឋាភិបាល និងបានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ជាពិសេស ការងារមនុស្សធម៌ មានគុណតម្លៃដ៏ធំធេង នៅក្នុងការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងការរៀបចំកម្មវិធីវេទិកាពិភពលោក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ រៀងរាល់ឆ្នាំរបស់កាកបាទក្រហមកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមចងចាំនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តម របស់ ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕