សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្ពោធជាផ្លូវការ នូវទស្សនាវដ្តីនិស្សិត La Gazette Francophone ផ្សាយជាពីរភាសា បារាំង-ខ្មែរ

01-12-2025 18:43

(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ស.ភ.ន.វ.ស.) បានរៀបចំពិធីសម្ពោធជាផ្លូវការ នូវទស្សនាវដ្តីនិស្សិត La Gazette Francophone ផ្សាយជាពីរភាសា (បារាំង–ខ្មែរ) ដែលមានបំណងបង្ហាញស្នាដៃ គំនិតផ្តួចផ្តើម និងដំណើរការសិក្សារបស់និស្សិត ដែលរៀនក្នុងថ្នាក់ពិសេសហ្វ្រង់កូហ្វូនផ្នែកនីតិសាស្ត្រ និងសេដ្ឋកិច្ចនិងគ្រប់គ្រង។

នាកម្មវិធីសម្ពោធនោះ មានអ្នកចូលរួមជាង៨០នាក់ តំណាងមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតបារាំង តំណាងមកពីគ្រឹះស្ថានឧត្តមសិក្សានានា ដៃគូរសហការ សាស្ត្រាចារ្យ និងនិស្សិត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រោមការគាំទ្រពីទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) ក្នុងក្របខណ្ឌនៃគម្រោងពង្រឹងភាពទាក់ទាញក្នុងការបណ្តុះបណ្តាលជាភាសាបារាំងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
ទស្សនាវដ្តីនេះគឺជាលទ្ធផលនៃកិច្ចសហការយ៉ាងស្វាហាប់រវាងអ្នកស្ម័គ្រចិត្តបារាំង ក្រុមនិស្សិត និងក្រុមការងារនៃ Espace francophone ក្រោមការសម្របសម្រួល របស់លោកស្រីឆយ សុខលាង ជាគ្រូបង្រៀន និងជាអ្នកសម្របសម្រួលភាសាបារាំង។

លោក អ៊ឺម ក្រាវង្ស តំណាងប្រចាំនៅកម្ពុជា (AUF-Cambodge) បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទស្សនាវដ្តីនេះ ចាត់ទុកជាវេទិកានៃការបញ្ចេញមតិនិងការសិក្សាសំរាប់និស្សិត។
លោកបានបន្ថែមថា «តាមរយៈការប្តេជ្ញាចិត្ត និងចែករំលែក យើងនឹងចូលរួមជាមួយគ្នា ក្នុងការជំរុញហ្រង់កូហ្វូនីវិទ្យាសាស្ត្រនៅកម្ពុជា លើកទឹកចិត្តដល់ការប្រើប្រាស់ភាសាបារាំង ជាភាសានៃចំណេះដឹងនិងឳកាស និងគាំទ្រយុវជនជំនាន់ថ្មី ក្នុងការបើកទូលាយទៅរកពិភពប្រើប្រាស់ភាសាបារាំង»។

នាពិធីសម្ភោធទស្សនាវដ្តីនេះ ទីប្រឹក្សាពិសេសនៃសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក Laurent MESMAN បានបង្ហាញនូវសេចក្តីសោមនស្សរីករាយនៃគំរោងនេះ និងបានរំលឹកអំពីអតីតសហការីរបស់លោកដែលមានគំនិតផ្តួចផ្តើមក្នុងការបង្កើតទស្សនាវដ្តី។

«កម្លាំងនៃគំរោងនេះគឺគ្រាន់តែជាដំណើរនៃការផ្ទេរអំណាចរវាងសាស្ត្រាចារ្យនិងនិស្សិតប៉ុណ្ណោះ។ យើងអាចដឹងច្បាស់ចាប់ផ្តើមពីបន្ទាត់ដំបូងនៃគំរោង គឺកសាងស្ពានរវាងសាស្ត្រាចារ្យ អ្នក ដឹកនាំ និងនិស្សិត។ បើគ្មានស្ថាបត្យកម្មឬរចនាបទនៃការសហការណ៏ទេ ទស្សនាវដ្តីនេះនឹងស្ថិតនៅគ្រាន់ជាគំនិតរហូត»។

ការនិពន្ធនិងតាក់តែងទស្សនាវដ្តីនេះដឹកនាំដោយក្រុមនិស្សិតក្រោមការសម្របសម្រួលរបស់សាស្ត្រាចារ្យនិងអ្នកស្ម័គ្រចិត្តបារាំង។ លោក គឹម សុគន្ធណាដាវីដ និស្សិតឆ្នាំទី៤ នៃថ្នាក់សិក្សាពិសេសផ្នែកច្បាប់បានពន្យល់ថាគំរោងនេះផ្តល់តម្លៃដល់ការផ្តួចផ្តើមនិងពង្រឹងភាពមើលឃើញនៃការបណ្តុះបណ្តាលជាភាសាបារាំង។

លោកបានបន្ថែមថា៖ «ខ្ញុំយល់ថា ទស្សនាវដ្តីនេះ ពង្រឹងយ៉ាងពិតប្រាកដនូវស្មារតីការងារជាក្រុម និងការសាមគ្គីគ្នារវាងនិស្សិតដែលប្រើប្រាស់ភាសាបារាំង។ គ្រប់លេខនីមួយៗនៃទស្សនាវដ្តីនេះគឺជាលទ្ធផលនៃការងារសហការណ័៏គ្នាលើដំណាក់កាលសំខាន់ៗ៖ ស្រាវជ្រាវ តែងនិពន្ធ កែសម្រួល ធ្វើឲ្យប្រសើរ» ។

ការផ្សព្វផ្សាយទស្សនវដ្តីនេះបង្កើតឡើងក្នុងដំណើរការប្រកបដោយមហិច្ឆតា សំដៅលើកតម្លៃផលិតផលបញ្ញារបស់និស្សិត ពង្រឹងការមើលឃើញនៃហ្វ្រង់កូហ្វូនីនៅសាកលវិទ្យាល័យ និងលើកទឹកចិត្តដល់ការបើកទូលាយនៃវប្បធម៌។

ដោយបានបង្កើតឡើងនៅឆ្នាំ១៩៤៩និងបានក្លាយជាសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅឆ្នាំ២០០៣ សាកលវិទ្យាល័យនេះមាននិស្សិតប្រមាណ១៩៥០០ នាក់ ដែលធ្វើអោយស្ថាប័ននេះ ក្លាយជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដ៏សំខាន់មួយនៅកម្ពុជា។ ជាសមាជិកនៃបណ្តាញសាកលវិទ្យាល័យអាស៊ាន(AUN) និងជាសមាជិកពេញសិទ្ធិរបស់ AUF ស.ភ.ន.វ.ស.ដើរតួជាគ្រឹះស្ថានឯកទេសមួយក្នុងវិស័យ ច្បាប់ និងសេដ្ឋកិច្ចនិងគ្រប់គ្រង។

តាំងពីទសវត្សឆ្នាំ១៩៩០មកសាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសបារាំងដោយបានទទួលអត្ថប្រយោជន៍ដូចជា៖ អ្នកជំនាញការ កម្មវិធីសិក្សាជាភាសាបារាំង សញ្ញាបត្រ បារាំង និងទទួលបានឱកាសផ្សេងៗសម្រាប់និសិ្សតកម្ពុជា។ បន្ទាប់ពីមានជំនួយបច្ចេកទេសយ៉ាងច្រើន ពីឆ្នាំ១៩៩៨ដល់២០១៦ សាកលវិទ្យាល័យអាច គ្រប់គ្រងការបណ្តុះបណ្តាលពេញលេញដោយខ្លួនឯង ព្រមទាំងពង្រឹង និងពង្រីក ដៃគូរផ្សេងៗ យ៉ាងទូលំទូលាយ។

និស្សិតជាង២០០០នាក់ដែលបានបញ្ចប់ការសិក្សាជាភាសាបារាំង ក្នុងចំណោមនោះ បានកាន់តំណែងខ្ពស់ក្នុងរាជរដ្ឋាភិបាល និងរដ្ឋបាលសាធារណៈ។ ដោយផ្តល់វេទិកាឱ្យនិស្សិត និងដោយបង្ហាញគម្រោង ដំណើរការសិក្សា និងការត្រិះរិះពិចារណារបស់និស្សិត ទស្សនាវដ្តីនេះ បង្កើតបានជាឧបករណ៍យុទ្ធសាស្ត្រមួយ ដែលធ្វើឲ្យគេរឹតតែស្គាល់ ស.ភ.ន.វ.ស. និងជាសក្ខីកម្មមួយជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការបារាំង និងកម្ពុជា៕