វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ កំពុងត្រៀមវាយប្រហារលើវ៉េណេស៊ុយអេឡា ឬ?

01-12-2025 20:28

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា បានប្រកាសថាដែនអាកាសវ៉េណេស៊ុយអេឡាត្រូវបានបិទ ដោយមិនមានការផ្ដល់ព័ត៌មានអ្វីលម្អិតនោះទេ ដែលនេះបាន និងកំពុងបង្កើនភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស នៅចំពោះមុខការបង្កើនវត្តមានយោធាអាមេរិកក្នុងតំបន់ Caribbean។ វ៉េណេស៊ុយអេឡាបានចោទប្រកាន់ជុំវិញ ការគំរាមកំហែងពីអាណានិគមនិយមអាមេរិកក្នុងតំបន់អាមេរិកឡាទីន ខណៈប្រជាជនរាប់លាននាក់ក្នុងប្រទេសនេះកំពុងភិតភ័យពីហានិភ័យផ្ទុះសង្រ្គាម។

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានព្រមានថាទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្កើតលេសដើម្បីធ្វើអន្តរាគមន៍យោធាក្នុងប្រទេសរបស់លោក។ លោក ម៉ាឌូរ៉ូបានបញ្ជាឱ្យយោធាវ៉េណេស៊ុយអេឡាដឹកនាំការធ្វើសមយុទ្ធជាប្រចាំ នាប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ហើយប្រកាសពីការកែនកងជីវពលទ្រង់ទ្រាយធំជាការត្រៀមលក្ខណៈទប់ទល់នឹងការវាយប្រហារណាមួយ។ ជាការបង្កើនការដាក់សម្ពាធលើលោក ម៉ាឌូរ៉ូ សហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុនបានដាក់បញ្ចូលក្រុមឧក្រិដ្ឋជនគ្រឿងញៀនវ៉េណេស៊ុយអេឡា Cartel de los Soles ទៅក្នុងបញ្ជីខ្មៅនៃ «អង្គការភេរវករបរទេស»។ រដ្ឋបាលលោក ត្រាំ បានអះអាងថាការកំណត់គោលដៅរបស់ខ្លួនលើវ៉េណេស៊ុយអេឡាគឺជាផ្នែកមួយនៃប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក៏ប៉ុន្តែ ក្រុមអ្នកវិភាគនយោបាយ និងអ្នកការពារសិទ្ធិមនុស្សបានព្រមានថាទីក្រុងវ៉ាស៊ីនតោនកំពុងត្រៀមលក្ខណៈធ្វើសកម្មភាពដោយខុសច្បាប់ដើម្បីទម្លាក់លោក ម៉ាឌូរ៉ូចេញពីអំណាច។ ដូច្នេះតើលោក ត្រាំ នឹងបើកការវាយប្រហារលើវ៉េណេស៊ុយអេឡា ក្រោយប្រកាសពីការបិទដែនអាកាសវ៉េណេស៊ុយអេឡាឬ? តើសកម្មភាពយោធាអាមេរិកអាចត្រឹមត្រូវតាមច្បាប់ទេ? ហើយថាតើអ្វីទៅជាមូលហេតុ នៅពីក្រោយគោលនយោបាយអរិភាពរបស់លោក ត្រាំ ប្រឆាំងលោក ម៉ាឌូរ៉ូ?

* តើសហរដ្ឋអាមេរិកនឹងធ្វើសង្រ្គាមប្រឆាំងវ៉េណេស៊ុយអេឡា ឬ?
ចាប់តាំងពីត្រឡប់មកកាន់អំណាចសាជាថ្មីកាលពីខែមករា ឆ្នាំ២០២៥មក លោក ដូណាល់ ត្រាំ បានបង្កើនវោហាសាស្ត្រប្រឆាំងលោក ម៉ាឌូរ៉ូ តាមរយៈការទម្លាក់កំហុសលើទីក្រុងការ៉ាកាសសម្រាប់ ការជួញដូរគ្រឿងញៀន និងលំហូរជនអន្តោប្រវេសន៍ពីវ៉េណេស៊ុយអេឡាចូលទៅកាន់សហរដ្ឋអាមេរិក។ នៅប៉ុន្មានសប្ដាហ៍ដំបូងក្រោយស្បថចូលកាន់តំណែង លោក ត្រាំ បានលុបចោលសម្បទានលើ ការទិញប្រេងពីវ៉េណេស៊ុយអេឡាដែលផ្ដល់ដោយអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជាមួយការប្រកាសយកពន្ធ ២៥ភាគរយលើបណ្ដាប្រទេសទាំងឡាយណាដែលទិញប្រេងពីវ៉េណេស៊ុយអេឡា ហើយថែមទាំងបន្ថែមប្រាក់រង្វាន់ដល់ ៥០លានដុល្លារទៀតផងសម្រាប់ការផ្ដល់ព័ត៌មានទាំងឡាយណាដែលនាំទៅរកការចាប់ខ្លួនលោក ម៉ាឌូរ៉ូ យកទៅកាត់ទោសតាមច្បាប់របស់សហរដ្ឋអាមេរិកដែល បានចោទមេដឹកនាំវ៉េណេស៊ុយអេឡារូបនេះថាជា «មេកើយក្រុមភេរវករអន្តរជាតិ»។

កាលពីពេលថ្មីៗនេះ លោក ត្រាំ បានទទួលស្គាល់ថារូបលោកបានអនុញ្ញាតឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ធ្វើប្រតិបត្តិការសម្ងាត់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា និងបានដាក់ពង្រាយ នាវាផ្ទុកយន្ដហោះចម្បាំងធំជាងគេបំផុតនៅលើពិភពលោក USS Gerald R Ford រួមទាំងនាវាចម្បាំងជាច្រើនគ្រឿងទៀត កងទ័ពរាប់ពាន់នាក់ និងយន្ដហោះចម្បាំង F-35 ទៅកាន់តំបន់ Caribbean។ រហូតដល់កាលពីថ្ងៃទី២៧ ខែវិច្ឆិកា លោក ត្រាំ បាននិយាយថាការវាយប្រហារលើគោលដៅគ្រឿងញៀនក្នុងប្រទេសវ៉េណេស៊ុយអេឡាអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗ។ នៅចំពោះមុខភាពតានតឹងយោធាកាន់តែខ្លាំងឡើង លោក ត្រាំ ត្រូវបានរាយការណ៍ថាបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក​ ម៉ាឌូរ៉ូកាលពីសប្ដាហ៍មុន មុននឹងការដាក់ទណ្ឌកម្មលើក្រុម Cartel de los Soles ចូលជាធរមាន។ នេះបើតាមកាសែតអាមេរិក New York Times និង Wall Street Journal។

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា នៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរនៅលើយន្ដហោះ Air Force One ថាតើលោកមានគម្រោងសន្ទនាជាមួយលោក ម៉ាឌូរ៉ូដែរឬទេ? លោក ត្រាំ បានឆ្លើយថា លោកអាចនឹងនិយាយជាមួយលោក ម៉ាឌូរ៉ូ។ ដោយឡែក នៅពេលត្រូវបានសាកសួរថាតើហេតុអ្វីលោកចង់និយាយជាមួយមេដឹកនាំម្នាក់ដែលលោកចាត់ទុកថាភេរវករអន្តរជាតិ លោក ត្រាំបាននិយាយថា «ប្រសិនបើយើងអាចជួយសង្រ្គោះជីវិតមនុស្សដោយមធ្យោបាយងាយស្រួល នោះវាជារឿងដ៏ល្អប្រសើរ។ តែប្រសិនបើយើងត្រូវធ្វើវាដោយមធ្យោបាយលំបាកលំបិន នោះវាក៏មិនអីនោះដែរ»។

*​ តើសកម្មភាពយោធាអាមេរិកអាចនឹងត្រូវបានសំអាងថាត្រឹមត្រូវតាមផ្លូវច្បាប់ឬ?
ក្រុមអ្នករិះគន់រដ្ឋបាលលោក ដូណាល់ ត្រាំ បានអះអាងថាសកម្មភាពយោធានៃរដ្ឋបាលរបស់លោកបានបំពានលើរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក រួមទាំងច្បាប់អន្តរជាតិ។ ក្រុមអ្នកការពារសិទ្ធិមនុស្ស និងបញ្ញវន្តផ្នែកច្បាប់បាននិយាយថាការវាយប្រហារដ៏ប្រល័យលើទូកសង្ស័យដឹកគ្រឿងញៀនគឺជាការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ និងជាការរំលោភបំពានលើសិទ្ធិមនុស្ស។ តាមសេចក្ដីរាយការណ៍ របស់កាសែត Washington Post រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាឱ្យយោធាអាមេរិកសម្លាប់អ្នកដំណើរទាំងអស់ដែលជិះនៅលើទូកមួយគ្រឿងដែលត្រូវបានសង្ស័យថា ដឹកគ្រឿងញៀន។ លោក Hegseth បានទាត់ចោលសេចក្ដីរាយការណ៍នេះដោយចាត់ទុកថាជាព័ត៌មានក្លែងក្លាយ ហើយថាការវាយប្រហាររបស់យោធាអាមេរិកក្នុងតំបន់ Caribbean ធ្វើឡើងដោយស្របច្បាប់។

ព្រមពេលជាមួយគ្នា សភាអាមេរិកកាលពីថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា បានបញ្ជាឱ្យបើកការស៊ើបអង្កេតលើឧបទ្ទវហេតុដែលត្រូវបានរាយការណ៍ដោយ Washington Post។ «នៅខណៈនេះ ខ្ញុំនឹងហៅវាជា ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ»។ នេះជាការលើកឡើងរបស់សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Rand Paul ក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីខែតុលា កន្លងទៅ។ លោក Bruce Fein ជាអ្នកជំនាញខាងរដ្ឋធម្មនុញ្ញអាមេរិកម្នាក់ក៏យល់ស្របនឹងការលើកឡើងរបស់លោក Rand Paul។ អ្នកជំនាញរូបនេះបានគូសបញ្ជាក់ដូច្នេះថា «រដ្ឋបាលលោក ត្រាំ កំពុងធ្វើសកម្មភាពដែលមិនត្រូវបានអនុញ្ញាតដោយរដ្ឋធម្មនុញ្ញអាមេរិក និងកំពុងប្រព្រឹត្តអំពើមនុស្សឃាត»។ តាមលោក Bruce Fein មានតែសភាអាមេរិកប៉ុណ្ណោះដែលអាចអនុញ្ញាតឱ្យ មានការប្រើប្រាស់កម្លាំងយោធា។ លោកបន្ថែមថាបទបញ្ជាប្រតិបត្តិរបស់លោក ត្រាំឱ្យបើកការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀនមិនមានមូលដ្ឋានច្បាប់គ្រប់គ្រាន់នោះទេ។

តែទោះជាបែបនេះក្ដី តាមរយៈការចាត់ទុក Cartel de los Soles ជាក្រុមភេរវករបរទេស រដ្ឋបាលលោក ត្រាំ កំពុងចង់បង្ហាញថានេះមិនមែនជាសង្រ្គាមរវាងប្រទេស២ដែលតម្រូវឱ្យស្នើសុំការអនុញ្ញាតពី សភាអាមេរិកជាមុននោះទេ តែវាជាប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុមភេរវករដើម្បីប្រឆាំងនឹងអង្គការមួយដែលមិនមែនរដ្ឋ។

* តើអ្វីទៅនៅពីក្រោយនយោបាយអរិភាពរបស់លោក ត្រាំ ចំពោះលោក ម៉ាឌូរ៉ូ?

ក្រុមអ្នកវិភាគគោលនយោបាយការបរទេសបានអះអាងថាគោលនយោបាយអរិភាពរបស់លោក ត្រាំ ប្រឆាំងនឹងរដ្ឋាភិបាលវ៉េណេស៊ុយអេឡាគឺមានឫសគល់ចេញពីការក្ដោបក្ដាប់ធនធានប្រេងរបស់ការ៉ាកាស និងដើម្បីបង្កើតអនុត្តរភាពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អឌ្ឍគោលខាងលិច។ លោក Salvador Santino Regilme ជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូបខាងទំនាក់ទំនងអន្តរជាតិមកពី សាកលវិទ្យាល័យ Leiden University បាននិយាយថាទីក្រុងវ៉ាស៊ីនតោនចង់ឱ្យវ៉េណេស៊ុយអេឡាដើរទន្ទឹមគ្នានឹងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ជាជាងទៅឈរនៅខាងរុស្ស៉ី និងចិន ឬអ៉ីរ៉ង់។

តាមពិតទៅ វ៉េណេស៊ុយអេឡាធ្លាប់ជាសម្ព័ន្ធមិត្តដ៏គួរឱ្យទុកចិត្តបាន កាលពីសម័យសង្រ្គាមត្រជាក់របស់សហរដ្ឋអាមេរិកអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។ ប៉ុន្តែនៅពេលដែលស្ថានិកគណបក្ស United Socialist Party និងជាអតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Hugo Chavez ជាប់ឆ្នោតក្នុងឆ្នាំ១៩៩៨ ទំនាក់ទំនងរវាងការ៉ាកាស និងវ៉ាស៊ីនតោនបានចាប់ផ្ដើមល្អក់កករនឹងគ្នា។ នៅបន្ទាប់ពី មានការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យមួយក្នុងឆ្នាំ២០០២ លោក Chavez បានបិទបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារបង្រ្កាបគ្រឿងញៀនរបស់សហរដ្ឋអាមេរិក និងបណ្ដេញទីប្រឹក្សាយោធាអាមេរិក ចេញពីប្រទេស។ លោក Chavez ក៏បានបណ្ដេញក្រុមហ៊ុនប្រេងអាមេរិក ExxonMobil និង ConocoPhillips មិនឱ្យរកស៊ីនៅវ៉េណេស៊ុយអេឡាផងដែរតាមរយៈការធ្វើជាតិតូបនីយកម្មប្រេងដែលនេះ ធ្វើឱ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកកាន់តែប្រេះឆា។

មកទល់នឹងពេលនេះ មានក្រុមហ៊ុនប្រេងអាមេរិកមួយទៀតនៅតែបន្តធ្វើប្រតិបត្តិការក្នុងប្រទេសវ៉េណេស៊ុយអេឡានៅឡើយ គឺក្រុមហ៊ុន Chevron។ លោក Chavez គឺជាមនុស្សម្នាក់ដែលប្រឆាំងដាច់ខាត នឹងវត្តមាន និងឥទ្ធិពលអាមេរិកក្នុងតំបន់អាមេរិកឡាទីន។ លោកបានកសាងទំនាក់ទំនងជាមួយបណ្ដាប្រទេសដែលមិនត្រូវគ្នាជាមួយសហរដ្ឋអាមេរិក ដូចជាគុយបា និងបូលីវីដែលនៅក្រោមការដឹកនាំរបស់ អតីតប្រធានាធិបតី លោក Evo Morales។ លោកក៏បានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយរុស្ស៉ី និងចិនដែរ។ ក្រោយលោក ម៉ាឌូរ៉ូឡើងកាន់តំណែងជាប្រធានាធិបតីវ៉េណេស៊ុយអេឡាបន្តពីលោក Chavez នៅឆ្នាំ២០១៣ ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកកាន់តែដុនដាន។ កាលពីអាណតិ្តទី១ លោក ត្រាំ បានគាំទ្រសត្រូវនយោបាយរបស់លោក ​ម៉ាឌូរ៉ូ ដោយទទួលស្គាល់អតីតមេដឹកនាំបក្សប្រឆាំង លោក Juan Guaido ជាប្រធានាធិបតីស្ដីទីស្របច្បាប់របស់វ៉េណេស៊ុយអេឡាក្នុងឆ្នាំ២០១៩។

តាមលោក Regilme ការបង្រ្កាបគ្រឿងញៀនដែលរដ្ឋបាលលោក ត្រាំ ហៅថាសង្រ្គាមប្រឆាំងគ្រឿងញៀន គឺត្រូវបានប្រើប្រាស់ជាមូលដ្ឋាននៃបច្ចេកទេសនយោបាយដែលដកហូតភាពជាមនុស្សរបស់អ្នក ដែលត្រូវបានសង្ស័យថាឧក្រិដ្ឋជនជួញដូរគ្រឿងញៀន។ ការធ្វើដូច្នេះមានន័យថាការវាយប្រហារដ៏សាហាវឃោរឃៅ និងការផ្លាស់ប្ដូររបបដឹកនាំំហាក់មើលទៅជាសកម្មភាពស្របច្បាប់ជាជាងការធ្វើសង្រ្គាម។ លោក Regilme បានបន្ថែមថារដ្ឋបាលលោក ត្រាំបានចាត់ទុកថារដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូជាសហជីពឧក្រិដ្ឋជនមួយដើម្បីធ្វើឱ្យគេមើលឃើញថាសកម្មភាពរបស់រដ្ឋបាលលោក ត្រាំ មើលទៅត្រឹមត្រូវ តាមផ្លូវច្បាប់។

ស្រដៀងគ្នាទៅនឹង លោក Regilme លោក Adolfo Franco ជាមេធាវី និងអ្នកយុទ្ធសាស្ត្រម្នាក់ខាងបក្សសាធារណរដ្ឋបាននិយាយថាទោះជាលោក ត្រាំ មិនបាននិយាយចំៗគោលដៅពិតប្រាកដក៏ដោយ តែច្បាស់ណាស់លោកចង់ផ្លាស់ប្ដូររបបដឹកនាំនៅវ៉េណេស៊ុយអេឡា។ «សម្រាប់លោកប្រធានាធិបតី ត្រាំ អ្វីៗគ្រប់យ៉ាងនៅលើតុ។ ចេតនានៅទីនេះតាមរយៈបទពិសោធន៍របស់ខ្ញុំ នៅក្នុងរដ្ឋាភិបាលអាមេរិក នោះគឺបង្ខំឱ្យលោក ម៉ាឌូរ៉ូចុះចេញពីអំណាច ឬឱ្យចុះចេញពីតំណែងដោយសន្តិវិធីដែលខ្ញុំគិតថានេះជាកិច្ចការមួយដ៏ពិបាក»។ នេះបើតាមលោក Franco។

គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ បានបើកការវាយប្រហារជាបន្តបន្ទាប់លើទូកសង្ស័យដឹកគ្រឿងញៀនចាប់តាំងពីដើមខែកញ្ញាមក ក្នុងតំបន់ Caribbean និងប៉ាស៊ីហ្វិក ដោយសម្លាប់មនុស្សយ៉ាងហោច ៨៣នាក់៕