សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវ ៧ចំណុច ជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមមូលបទសកល «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍»

01-12-2025 21:04

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានអំពាវនាវ ៧ចំណុច ដល់បងប្អូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមមូលបទសកល «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍»។

សារអំពាវនាវចំនួន ៧ចំណុច របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន៖

១៖ សូមបងប្អូនជនរួមជាតិទាំងអស់ចូលរួមយ៉ាងសកម្ម និងឱ្យបានទ្វេដង ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក្នុងយន្តការជាតិតែមួយ ដើម្បីសម្រេចបានដោយជោគជ័យនូវគោល នយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០៣០។

២៖ ចំពោះក្មួយៗយុវនារី យុវជនទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវផ្នត់គំនិត និងឥរិយាបថ វិជ្ជមានបង្ការខ្លួនពីការចម្លងមេរោគអេដស៍ និងដើរតួជាសកម្មជនប្រយុទ្ធនឹងជំងឺអេដស៍តាមរយៈ សកម្មភាពមិត្តអប់រំមិត្ត ការបង្កើតក្រុមជួយខ្លួនឯង ចែករំលែកចំណេះដឹង ផ្សព្វផ្សាយព័ត៌មានថ្មីៗ ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ដល់មិត្តភក្តិ សហគមន៍ និងសង្គមជាតិរបស់យើង ជាពិសេស ត្រូវនាំគ្នាចៀសឱ្យឆ្ងាយ ពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការប្រើបារីអេឡិចត្រូនិក និង ត្រូវលើកកម្ពស់ស្មារតី «ស្រឡាញ់ខ្លួន ស្ងួនចំណី»។

៣៖ ចំពោះបងប្អូនដែលបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវតែ ស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ឱ្យបានឆាប់បំផុត ដើម្បីអាចទទួលបាន នូវសេវាព្យាបាលទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ និងសូមចងចាំជានិច្ចថា «យើងអាច ភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ»។

៤៖ ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅទទួលសេវាពិនិត្យ និងថែទាំផ្ទៃពោះឱ្យបានត្រឹមត្រូវ និង ទៀងទាត់ ទទួលបានការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ មេរោគស្វាយ ទប់ស្កាត់ កាត់ការចម្លងមេរោគអេដស៍ មេរោគស្វាយពីម្តាយទៅកូន។

៥៖ ចំពោះបងប្អូនដែលមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ចូរប្រើប្រាស់ស្រោម អនាម័យឱ្យបាន១០០% នៅរៀងរាល់ពេលរួមភេទ និងស្វែងរកការប្រើឱសថបង្ការការចម្លង មេរោគអេដស៍ឱ្យបានត្រឹមត្រូវ និងទៀងទាត់ ពីមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត។

៦៖ ចំពោះបងប្អូនដែលរស់នៅជាមួយមេរោគអេដស៍ សូមបន្តការយកចិត្តទុកដាក់ លេបឱសថប្រឆាំង មេរោគអេដស៍ ឱ្យបានត្រឹមត្រូវ ទៀងទាត់ ជាប់លាប់ និងមកជួបគ្រូពេទ្យតាមការកំណត់។

៧៖ សូមកុំរើសអើង និងមាក់ងាយអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ព្រោះវាជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពី ការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និង ជំងឺអេដស៍នៅកម្ពុជា។ ផ្ទុយទៅវិញ សូមចូលរួមលើកទឹកចិត្ត ផ្តល់កិច្ចគាំពារ មិនបោះបង់ចោល ឬ ទុកឱ្យនៅឯកា ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍និងអ្នកជំងឺអេដស៍ណាម្នាក់ឡើយ។

ក្នុងសារលិខិតខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងទៀតថា «ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនរួមជាតិ សកម្មជនប្រយុទ្ធនឹងជំងឺអេដស៍ ក្រុមប្រជាជនគន្លឹះ ដៃគូអភិវឌ្ឍន៍ រួមទាំងវិស័យឯកជន និងសង្គមស៊ីវិលទាំងអស់បន្តភាពជាដៃគូជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចឱ្យបានគោលដៅបញ្ចប់ជំងឺអេដស៍នៅកម្ពុជា តាមគោលដៅអភិវឌ្ឍន៍មានចីរភាព ឆ្នាំ២០៣០។ យើងត្រូវការនូវយុទ្ធវិធីដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋាននៃសង្គមជាតិ ទាំងមូល ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍»។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់បន្ថែមថា «ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្នុងនាមខ្ញុំផ្ទាល់ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ខ្ញុំមានកិត្តិយសសូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមមូលបទសកល «យកឈ្នះការរំខាន បរិវត្តកម្ម ឆ្លើយតបនឹងជំងឺអេដស៍»។

ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ នៅកម្ពុជា អស់រយៈពេល៣២ឆ្នាំកន្លងទៅនេះ បានបង្ហាញពីឆន្ទៈនយោបាយដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក ឆ្ពោះទៅបញ្ចប់អេដស៍។ ដោយឡែក នៅក្នុងឆ្នាំ២០២៥នេះ ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ គឺជាឱកាសគូសបញ្ជាក់បន្ថែមទៀត ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែងរួមជាសកល ជម្នះគ្រប់ឧបសគ្គដែលកើតមានឡើងដោយសារតែសង្គ្រាម, ជម្លោះប្រដាប់អាវុធដែលកើតមានឡើងជាច្រើន កន្លែងនៅក្នុងពិភពលោក, ការធ្លាក់ចុះសេដ្ឋកិច្ចសកល និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៅទៀត, វិបត្តិមូលនិធិជាប្រវត្តិសាស្ត្រកំពុងគំរាមកំហែង ឈានទៅបំផ្លាញវឌ្ឍនភាពដែលខិតខំកសាងឡើងរាប់ទសវត្សរ៍។ ប្រទេសជាច្រើន ត្រូវបង្ខំចិត្តធ្វើការផ្លាស់ប្តូរយ៉ាងធំធេង ក្នុងដំណើរការកម្មវិធីអេដស៍ និងការផ្តល់មូលនិធិ។

នៅចំពោះមុខបរិការណ៍សកលនេះ ព្រះរាជាណាចក្រកម្ពុជា បើទោះបីកំពុងមានការរំខានដោយសារតែ ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃក៏ដោយ ក៏រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តសម្រេចឱ្យបាននូវគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០៣០ ដែលបច្ចុប្បន្នកម្ពុជាសម្រេចបាន រួចទៅហើយ នូវគោលដៅសកលចំនួនពីរគឺ៖ ទី១) អ្នកដែលបានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ចំនួន ១០០% បានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍, ទី២) ក្នុងចំណោមអ្នកដែលបានទទួលការ ព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ គឺ៩៨% ទទួលបានប្រសិទ្ធភាពខ្ពស់។ នៅចំពោះមុខ កម្ពុជាយើងត្រូវតែនាំគ្នាប្តេជ្ញាបន្តខិតខំប្រឹងប្រែង សម្រេចឱ្យបានគោលដៅសកលទី១ ពោលគឺធ្វើយ៉ាងណាឱ្យអ្នក ដែលសង្ស័យថាមានផ្ទុកមេរោគអេដស៍ ដែលបច្ចុប្បន្នមាន៩២%នោះ ឱ្យបានកើនជាង៩៥% ដើម្បីពួកគាត់ បានទៅទទួលសេវាព្យាបាល បានទាន់ពេលវេលា និងទប់ស្កាត់ករណីឆ្លងថ្មីនៃមេរោគអេដស៍។

ជាមួយគ្នានេះដើម្បីចូលរួមសម្រេចបានគោលនយោបាយជាតិដ៏ស្រួចស្រាវខាងលើនេះ កាកបាទក្រហម កម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រួមទាំងរូបសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតផ្ទាល់ បានកំណត់ការងារជាអាទិភាពចំនួន៤គឺ៖

១៖ ពង្រឹងភាពជាអ្នកដឹកនាំនិងភាពធន់ ដោយលើកកម្ពស់ភាពជាម្ចាស់របស់សហគមន៍ចូលរួមជា ចរន្តជាតិតែមួយឈានឆ្ពោះទៅបញ្ចប់អេដស៍។

២៖ បន្តពង្រឹងនិងពង្រីកការអប់រំលើកកម្ពស់ការយល់ដឹងពីការបង្ការការចម្លងមេរោគអេដស៍ ជារួមនៅ តាមគ្រឹះស្ថានអប់រំ សហគមន៍មូលដ្ឋាន ជាពិសេសក្នុងចំណោមយុវវ័យ ក្រុមប្រជាជនគន្លឹះ និង លើកកម្ពស់ការទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។

៣៖ បន្តផ្តល់សេវាគាំទ្រសង្គម ជួយជនរងគ្រោះដោយសារមេរោគអេដស៍ ជំងឺអេដស៍។

៤៖ បន្តធ្វើជាគំរូនៅក្នុងសង្គមជាតិនិងរក្សាបរិយាកាស លើកកម្ពស់ការមិនរើសអើង និងមាក់ងាយ អ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍៕