ជំនួបជាមួយរដ្ឋមន្ដ្រីសុខាភិបាល, US-ASEAN បញ្ជាក់ជំហរបន្ដគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន ឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា

01-12-2025 21:34

(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ​ជាមួយលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ក្រុមប្រឹក្សាធុរកិច្ច US-ASEAN Business Council (US-ABC) ដឹកនាំដោយលោក Jack Myint សមាជិកក្រុមប្រឹក្សាភិបាល US-ABC បានបញ្ជាក់ជំហរយ៉ាងរឹងមាំថា នឹងបន្ដគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន ឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។

ឆ្លើយតបទៅនឹងការបន្ដជំហរយ៉ាងរឹងមាំរបស់តំណាង US-ASEAN, លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាធុរកិច្ច US-ASEAN Business Council (US-ABC) ដឹកនាំដោយលោក លោក Jack Myint ចំពោះការវិនិយោគកន្លងមកក្នុងវិស័យសុខាភិបាលកម្ពុជា រួមមានការចុះបញ្ជីសម្ភារពេទ្យ ឱសថ និងវ៉ាក់សាំង ដែលបានចូលរួមចំណែកក្នុងការធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំសុខភាពប្រជាជន។

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្ត US-ABC ឱ្យពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការបន្ថែមក្រៅពីការវិនិយោគ លើការពង្រឹងប្រព័ន្ធសុខាភិបាល រួមទាំងការកសាងសមត្ថភាព អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សេវាថែទាំសុខភាពបឋម អាហារូបត្ថម្ភ និងសុខភាពផ្លូវចិត្តសហគមន៍ និងពង្រីកកិច្ចសហប្រតិបត្តិការ ការថែទាំមនុស្សចាស់ ផ្នែកជំងឺ និងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព បុគ្គលិកសុខាភិបាលគ្រប់កម្រិត ព្រមទាំងការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រ។

ជាថ្មីម្ដងលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គណៈប្រតិភូធុរកិច្ច US-ABC ដែលបានបញ្ជាក់ជំហរក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដើម្បីសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។

គួរបញ្ជាក់ផងដែរថា ភាគីទាំងពីរបានពិភាក្សាអំពីវិធីសាស្ត្រ ដើម្បីបង្កើនកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យសុខាភិបាល ដោយផ្អែកលើការគោរពច្បាប់ តម្លៃសមរម្យ សុវត្ថិភាព និងគុណភាពខ្ពស់៕