រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជូននិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

01-12-2025 22:13

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជូននិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) ចំនួន ២៤២នាក់ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ ក.ប.ទ. ប្រធាន ប.ប.ឌ. ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាវិទ្យាសាស្រ្ត សាស្រ្តាចារ្យ និងបុគ្គលិកសិក្សា នៃ ប.ប.ឌ. តំណាងអង្គទូត ដៃគូរអភិវឌ្ឍន៍ គ្រឹះស្ថានអប់រំ និងអាណាព្យាបាលប្រមាណជាង ៩០០នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានលើកឡើងអំពីសារៈសំខាន់នៃការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ក្នុងអាជីពការងារ ដោយសារបច្ចេកវិទ្យាឌីជីថលបាននិងកំពុងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងដំណើរការការងារ ជីវភាពរស់នៅ និងការវិវត្តនៃសេដ្ឋកិច្ចនិងសង្គម។ លើសពីនេះ លោករដ្ឋមន្រ្តី ក៏បានគូសរំលេចអំពីមោទកភាពនៃស្នាដៃកូនខ្មែរ ដែលជាមន្រ្តីបច្ចេកទេសនៃ ក.ប.ទ. ក្នុងការអភិវឌ្ឍថ្នាល verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល និងត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ។

មុននឹងបញ្ចប់ លោករដ្ឋមន្រ្តី បានថ្លែងនូវការអបអរសាទរចំពោះប្អូនៗនិស្សិតជ័យលាភីទាំងអស់ និងផ្តល់អនុសាសន៍ណែនាំឱ្យនិស្សិតជ័យលាភីត្រូវខិតខំអភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំ បំពេញការងារដោយឧស្សាហ៍ព្យាយាម មានការទទួលខុសត្រូវខ្ពស់លើការងារ និងត្រូវប្រកាន់ខ្ជាប់ស្មារតីជាខ្មែរទោះស្ថិតនៅកាលៈទេសៈណាក៏ដោយ៕