រដ្ឋមន្រ្តី ហួត ហាក់ ជួបពិភាក្សាការងារជាមួយ អនុប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ស្ដីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍
02-12-2025 08:07
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារលើការបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ជាមួយលោក Jack Myint អនុប្រធានប្រតិភូរបស់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដែលអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ពី ស្ថានភាពពិត និងកាលានុវត្តភាពវិនិយោគក្នុងវិស័យជាច្រើនរួមទាំងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច នៅប្រទេសកម្ពុជា។
លោក Jack Myint អនុប្រធានប្រតិភូរបស់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ជាអ្នកដឹកនាំគណៈប្រតិភូសមាជិកក្រុមប្រឹក្សាធុរកិច្ច ជាក្រុមហ៊ុនអាម៉េរិកធំៗ និងល្បីដូចជា៖ Abbott, ConocoPhillips, Marriott International, Mastercard, Visa, Meta, 3M, Ford & RMA Cambodia, Manulife, Coca-Cola, Plug and Play, Vriens & Partners៕











