ក្រសួងរៀបចំដែនដី ចេញបណ្ណកម្មសិទ្ធិដី ជូនប្រជាពលរដ្ឋបានចំនួនជិត ៩លានបណ្ណ គិតត្រឹមឆ្នាំ២០២៥

02-12-2025 10:49

(ភ្នំពេញ)៖ គិតពីចាប់ផ្តើមរហូតដល់ឆ្នាំ២០២៥នេះ ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម បានចេញបណ្ណកម្មសិទ្ធិដី ជូនប្រជាជនពលរដ្ឋបានចំនួន ៨ ៨៩២ ០០៧បណ្ណ ដើម្បីផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនវត្ថុរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់តម្លៃសេដ្ឋកិច្ចនៃអចលនទ្រព្យ ។ នេះបើយោងតាមរបាយការបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

បើតាមក្រសួងដែនដី បានបញ្ចប់ការចេញបណ្ណជំហានទី១ ចំនួន ៧លានក្បាលដី ស្មើនឹង១០០%នៃផែនការ និង បាននិងកំពុងអនុវត្តការចេញបណ្ណជំហានទី២ បានចំនួន១ ៨៩២ ០០៧បណ្ណ ស្មើនឹង៣៧.៨៤% នៃចំនួនក្បាលដីប៉ាន់ស្មានជំហានទី២ ប្រមាណ ៥លានក្បាលដី។ ដោយឡែក ការចុះបញ្ជីដីគរុភណ្ឌវត្តបានចំនួន ៤ ០៥១បណ្ណ។

ក្រសួងបានកំណត់យកការចុះបញ្ជីដីបង្ហើយ ដើម្បីបញ្ចប់ការងារវាស់វែងដីធ្លីនៅកម្ពុជា កែសម្រួលភាពមិនច្បាស់លាស់ កាត់បន្ថយជម្លោះលើព្រំដី ដើម្បីផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនវត្ថុរបស់ប្រជាពលរដ្ឋ លើកកម្ពស់តម្លៃសេដ្ឋកិច្ចនៃអចលនទ្រព្យ បង្កើតនូវបរិយាកាសគ្មានវិវាទ ឈានទៅកសាងសង្គម កម្ពុជាជាភូមិឋានក្សេមក្សាន្ត។

ទន្ទឹមនេះ ក្រសួងក៏បាន និងកំពុងបន្តអភិវឌ្ឍប្រព័ន្ធព័ត៌មានសុរិយោដីទំនើប ដើម្បីគ្រប់គ្រងនិងផ្តល់សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសការចុះបញ្ជីបន្ត ដើម្បីឈានទៅសម្រេចបាន នូវទស្សនាទាន «សេវាគាប់ចិត្ត» ជូនប្រជាពលរដ្ឋ និងពង្រីកបាននូវមូលដ្ឋានពន្ធពាក់ព័ន្ធនឹងអចលនទ្រព្យកាន់ តែធំថែមទៀត។

ដោយឡែកចំពោះការងារចុះបញ្ជីបន្ត គិតពីចាប់ផ្តើមអនុវត្តដល់ឆ្នាំ២០២៥ ក្រសួងបានចុះបញ្ជីការផ្ទេរសិទ្ធិចំនួន៩៧៩ ០៦២ករណី ចុះបញ្ជី សិទ្ធិប្រាតិភោគ (ដាក់បញ្ចាំ/ហ៊ីប៉ូតែក) ចំនួន៤៩៩ ២៥៣ករណី ចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍ចំនួន៧១៩បណ្ណ ស្មើនឹង ៨៩ ០១៧ហិកតា ៣៧អា ចុះបញ្ជីសិទ្ធិសម្បទានដីសេដ្ឋកិច្ចចំនួន៤៤៩បណ្ណ ស្មើនឹង២៨២ ៨៨២ហិកតា ៦៨អា និងចុះបញ្ជីបំបែកក្បាលដីក្នុងបុរីចំនួន៤៥៤បុរី ស្មើនឹង៨២ ២២២បណ្ណ។

សម្រាប់ទិសដីបន្ត ក្រសួងនឹងជំរុញការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីឈានដល់ការរៀបចំខួបលើកទី៤០ឆ្នាំ នៃការផ្តល់កម្មសិទ្ធិឯកជនលើដីធ្លីឡើងវិញ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយធ្វើការសម្អាត ការកែតម្រូវ និងការកែសម្រួល ទិន្នន័យសុរិយោដី ការជម្រះបញ្ហាកកស្ទះដែលនៅសេសសល់ ការប្រើកម្លាំងសរុបដែលមានស្រាប់ ការរៀបចំសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការចុះបញ្ជីដីរដ្ឋ ពិសេសដីបុរណដ្ឋាននិងដីតំបន់ការពារធនធានធម្មជាតិ ការកំណត់មុខសញ្ញា ទន្ទ្រានដីរដ្ឋ និងការអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង៕