ក្រសួងរៀបចំដែនដី បង្ហាញវឌ្ឍនភាពការងារចុះវាស់វែង ពិនិត្យផ្ទៀតផ្ទាត់ ចងក្រងទិន្នន័យក្បាលដី និងចុះបញ្ជីដីតំបន់បឹងទន្លេសាប
02-12-2025 11:37
(ភ្នំពេញ)៖ តាមរយៈរបាយការណ៍សង្ខេបបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់ខ្លួន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបរាប់ពីវឌ្ឍនភាព ដែលសម្រេចបានក្នុងការចុះវាស់វែង ពិនិត្យផ្ទៀតផ្ទាត់ ចងក្រងទិន្នន័យក្បាលដី និងចុះបញ្ជីដីតំបន់បឹងទន្លេសាប។
របាយការណ៍បញ្ជាក់ថា ក្នុងគោលបំណងអភិរក្សឱ្យបានជាដាច់ខាតនូវអាយុជីវិតបឹងទន្លេសាប សម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាជាតិគ្រប់រូបនិងតជំនាន់ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំគណៈកម្មការចំពោះកិច្ចការងារចុះបញ្ជីដីតំបន់បឹងទន្លេសាប ដែលមានបេសកកម្មចុះបញ្ជីដីរដ្ឋ បោះបង្គោលព្រំដី និងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបការចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប។
ក្នុងបេសកកម្មនេះក្រសួងបានចុះវាស់វែង ពិនិត្យផ្ទៀតផ្ទាត់ ចងក្រងទិន្នន័យក្បាលដី កំណត់បញ្ហាប្រឈមនានា វាយតម្លៃស្ថានភាពភូមិសាស្ត្រ ដើម្បីកំណត់សក្តានុពលនៃធនធានដីបឹងទន្លេសាបសម្រាប់បម្រើដល់ ការប្រើប្រាស់យូរអង្វែង។
ជាស្តែងដីតំបន់៣ (ដីរដ្ឋ)៖ បានចុះបញ្ជីដីតំបន់ ៣ជាដីរដ្ឋ រួចរាល់ជាស្ថាពរសម្រាប់ខេត្តកំពង់ឆ្នាំង (ទំហំ ៧០ ៥៧៤ហិកតា) ខេត្តបន្ទាយមានជ័យ (ទំហំ ៨ ៨៣៨ហិកតា) និងខេត្តកំពង់ធំ (១០៨ ៥៥២ហិកតា)។ ដីតំបន់២ (ដីរដ្ឋ)៖ បានចុះបញ្ជីតំបន់ ២ជាដីរដ្ឋ រួចរាល់ជាស្ថាពរសម្រាប់ខេត្តកំពង់ឆ្នាំង (៨២ ៩០៦ហិកតា) និងខេត្ត បន្ទាយមានជ័យ (ទំហំ ២០ ៩៣៨ ហិកតា) បានវាស់វែងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលក្នុងតំបន់២ ចំនួន ១៩១ ៨៨១ ក្បាលដីស្មើនឹង ១០០%។ ដីតំបន់១ (កម្មសិទ្ធិឯកជន)៖ បានវាស់វែងរួចចំនួន ១ ១១៦ ២៦៥ក្បាលដី និងចេញបណ្ណរួចចំនួន ៦៣៨ ៥៧៤ក្បាលដី។
សរុបមកគិតពីចាប់ផ្តើមអនុវត្តដល់ឆ្នាំ២០២៥ សម្រេចបាន (១) សម្រេចកែសម្រួលផ្ទៃដីទំហំ ២ ៩៨៨ហិកតា ចេញពីតំបន់៣ បញ្ចូលមកក្នុងតំបន់១ និងផ្តល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៩ ៦៣៩គ្រួសារ (២) កែសម្រួលផ្ទៃដីទំហំ ៨៤ ៩៦៧ហិកតា ចេញពីតំបន់២ បញ្ចូលមកតំបន់១ និងផ្តល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥៤ ៨៧៥គ្រួសារ និង ៣) កែសម្រួលផ្ទៃដីទំហំ ៧៩ ១២៦ហិកតា ចេញពីតំបន់៣ ទៅជាតំបន់២ និងផ្តល់សិទ្ធិកាន់កាប់និងអាស្រ័យផល ជូនប្រជាពលរដ្ឋចំនួន២៨ ០៧៥គ្រួសារ។ ដោយឡែកក្រោយការកែសម្រួលរួចផ្ទៃដីតំបន់៣ នៅសល់ប្រមាណ ៥៦ម៉ឺនហិកតា, ផ្ទៃដីតំបន់២ មានទំហំប្រមាណ ៣៨ម៉ឺនហិកតា និងផ្ទៃដីតំបន់១ មានទំហំប្រមាណ៤៦ម៉ឺនហិកតា។
ជាផែនការបន្ទាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តយកចិត្តទុកដាក់រក្សាអាយុជីវិតបឹងទន្លេសាប ដោយជំរុញចុះបញ្ជីដីតំបន់បឹងទន្លេសាបឱ្យបានចប់សព្វគ្រប់ រៀបចំផែនការប្រើប្រាស់ដីឃុំទាំង ១៣១ ក្នុងតំបន់បឹងទន្លេសាប ច្រានចោលរាល់ សំណើសុំកាត់ឆ្កៀលដីក្នុងតំបន់៣ និងអនុវត្តវិធានការច្បាប់ និងរិះរកមធ្យោបាយប្រែក្លាយជាសួនឧស្សាហកម្ម និងជាតំបន់សេដ្ឋកិច្ចពិសេស ដើម្បីផ្តល់ជម្រើសការងារថ្មីដល់ប្រជាកសិករក្នុងតំបន់៕






