ស្ថានទូតកម្ពុជានៅកូរ៉េ ប្រកាសបើកវគ្គបណ្តុះបណ្តាលរបាំប្រពៃណីខ្មែរ ដល់ពលរដ្ឋខ្មែរនៅកូរ៉េ ដោយឥតគិតថ្លៃ (Video inside)

02-12-2025 11:50

(កូរ៉េ)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសពីការរៀបចំវគ្គបណ្តុះបណ្តាល «មូលដ្ឋានគ្រឹះនៃរបាំប្រពៃណីខ្មែរ» ដោយឥតគិតថ្លៃ សម្រាប់ពលរដ្ឋ និងសហគមន៍ខ្មែរទាំងឡាយដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េ។ ជាពិសេស វគ្គនេះនឹងមានសាស្រ្តាចារ្យជំនាញពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកបង្រៀនផ្ទាល់។

វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលវប្បធម៌ខ្មែរ។ របាំដែលនឹងបង្រៀនរួមមាន៖

១៖ របាំគោះត្រឡោក
២៖ របាំសុវណ្ណមច្ឆា
៣៖ របាំជូនពរ
៤៖ របាំនារីជាជួរ
៥៖ របាំក្ងោកប៉ៃលិន
៦៖ របាំផ្លយសួយ
៧៖ របាំល្ខោនខោល

ឯកអគ្គរាជទូត បញ្ជាក់ថា គោលបំណងនៃកម្មវិធីនេះគឺដើម្បីលើកកម្ពស់របាំប្រពៃណីខ្មែរ និងផ្សព្វផ្សាយវប្បធម៌របស់ប្រទេសកម្ពុជា ឲ្យកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ ជាពិសេសនៅសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនេះ លោកឯកអគ្គរាជទូតបានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ដែលមានចំណាប់អារម្មណ៍ ចូលរួមចុះឈ្មោះមុនថ្ងៃទី៥ ខែធ្នូ ២០២៥ តាមរយៈផេកផ្លូវការរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ៕