ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ក្រុមហ៊ុនធំៗរបស់អាមេរិក ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគក្នុងវិស័យសក្ដានុពលនៅកម្ពុជាបន្ថែមទៀត (Video inside)

02-12-2025 14:29

(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗរបស់អាមេរិក បានប្តេជ្ញាបន្តពង្រីក និងស្វែងរកឱកាស​វិនិយោគ​ក្នុងវិស័យដែលមានសក្តានុពលនៅកម្ពុជាបន្ថែមទៀត។

នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសជំនួបនោះ លោក Ted Osius បានសម្ដែងនូវការអរគុណយ៉ាងជ្រាល​ជ្រៅ​ចំពោះសម្តេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចូល​ជួប​សម្ដែងការគួរសម និងពិភាក្សាការងារ។ លោក ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន​ ពាក់ព័ន្ធកម្ពុជាទាំងអស់ ដែលតែងតែបានផ្ដល់ការគាំទ្រ និង​ផ្តល់​កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ US-ABC នាពេលកន្លងមក ព្រមទាំងបាន​វាយ​តម្លៃ​​ខ្ពស់​ចំពោះ​ការប្ដេជ្ញាចិត្តរបស់ក្រសួង​-ស្ថាប័នកម្ពុជា ក្នុងការដោះស្រាយបញ្ហា និងសំណូមពរនានា របស់បណ្ដាក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជា ប្រកបភាពស្មោះត្រង់ និងបើកចំហ។

លោក Ted Osius ក៏បានសម្ដែងនូវសុទិដ្ឋិនិយមចំពោះភាពជាអ្នកដឹកនាំរបស់​សម្ដេច​មហាបវរធិបតី និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិការាជរដ្ឋា​ភិបាល-​ផ្នែក​ឯកជន (G-PSF) ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់វិនិយោគិន និង​វិស័យឯកជន។

ឆ្លៀតក្នុងឱកាសនេះ សមាជិកគណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគរបស់សហរដ្ឋអាម៉េរិក​ជាច្រើន​ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យទទួលបាន​ជោគ​​ជ័យ និងបានជម្រាបជូនសម្ដេចមហាបវរធិបតី អំពីវឌ្ឍនភាពនៃប្រតិបត្តិការ​អាជីវ​កម្ម​របស់ខ្លួននៅកម្ពុជា។

ជាមួយគ្នានេះ, គណៈប្រតិភូក៏បានបង្ហាញអំពីបំណងក្នុងការពង្រីកទុនវិនិយោគ ក៏ដូច​ជាការស្វែងរកឱកាសវិនិយោគថ្មីៗ ក្នុងវិស័យសក្តានុពលជាច្រើន រួមមាន៖ សុខា​ភិ​បាល, ទេសចរណ៍ និងសេវាកម្មសណ្ឋាគារ, បច្ចេកវិទ្យាឌីជីថល, ធនាគារ និង​ហិរញ្ញ​វត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ, ទីក្រុងឆ្លាតវៃ, យានយន្ត និងការធានារ៉ាប់រង ជាដើម។

បន្ថែម​ពីនេះ តំណាងក្រុមហ៊ុនវិនិយោគ ក៏បានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការ​ធ្វើ​ជា​​ដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តពង្រីកការវិនិយោគ​បន្ថែម​ទៀតនៅកម្ពុជា ក៏ដូចជាស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែម ដេីម្បីចូលរួមចំណែក​សម្រេច​ឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋ​សភា។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Ted Osius និងគណៈប្រតិភូ ដែលបានរៀបចំឱ្យមានបេសកកម្ម​ធុរកិច្ចនា​ឱកាស​នេះ និងបានស្វាគមន៍ចំពោះធុរជនអាម៉េរិក ដែលជឿជាក់ និងបានបណ្ដាក់ទុន​វិនិយោ​គ​នៅកម្ពុជា ដែលសកម្មភាពនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ​ពង្រឹង​​ទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ក៏ដូចជាការជំរុញវិស័យធុរ​កិច្ច​នៅកម្ពុជា។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីគោលនយោបាយ, យុទ្ធសាស្ត្រ និងយន្តការ​សំខាន់ៗ ដើម្បីលើកទឹកចិត្ត និងគាំទ្រភាពជោគជ័យរបស់វិនិយោគិន ដែលកំពុង​វិនិ​យោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី បានលើកឡើងពីការបន្តរៀប​ចំវេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដើម្បីដោះស្រាយបញ្ហាប្រឈម និង​សំណូមពររបស់វិស័យឯកជននៅកម្ពុជា។ សម្ដេចមហាបវរធិបតី បានលើកទឹកចិត្ត​ដល់បណ្ដាក្រុមហ៊ុនវិនិយោគទាំងអស់ បន្តសហការឱ្យកាន់តែជិតស្និទ្ធថែមទៀត​ ជា​មួយ​ក្រសួង​-ស្ថាប័នកម្ពុជា និងបន្តបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា៕