ឯកអគ្គរដ្ឋទូតដំបូងរបស់ប្រេស៊ីលនៅកម្ពុជា ប្រកាសពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ (Video inside)

02-12-2025 14:48

(ភ្នំពេញ)៖ លោកស្រី វីវៀន ឡូស សាន់ម៉ាទីន ឯកអគ្គរដ្ឋទូតលើកដំបូង​របស់ប្រេស៊ីល​ប្រចាំ​នៅកម្ពុជា ប្រកាសពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជា​មួយ​កម្ពុជាឱ្យកាន់តែល្អប្រសើរ។

លោកស្រី បានប្រកាសបែបនេះ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេច​មហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ។

ក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារនាពេលនេះ។ លោកស្រី បានបង្ហាញនូវសេចក្ដី​សោម​នស្ស​ជាខ្លាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ប្រចាំកម្ពុជា ក្នុងប្រវត្តិ​សាស្រ្ត នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុង​រយៈ​ពេលជាង ៣០ឆ្នាំកន្លងមកនេះ។

លោកស្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែល​មានការវិវត្តរីកចម្រើនឥតឈប់ឈរ រហូតឈានដល់ការបើកស្ថានទូតទៅវិញ​ទៅមក។ ក្នុងអាណត្តិការងារទូតនៅកម្ពុជា លោកស្រីប្ដេជ្ញាខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនលើវិស័យ​ជាច្រើនបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ស្វាគមន៍ និងសម្តែងក្តីរីករាយដែលបានជួប​ពិភាក្សា​ការងារជាមួយលោកស្រី ព្រមទាំងបានអបអរសាទរចំពោះលោកស្រី ដែល​ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ ប្រចាំកម្ពុជា។ សម្ដេចមហាបវរធិបតី ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបើកស្ថានទូតទៅវិញទៅមក។

សម្ដេចមហាបវរធិបតីមានជំនឿយ៉ាងមុតមាំថា ក្នុងអាណត្តិរបស់លោកស្រី ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងកាន់តែរីកលូតលាស់ និង រឹងមាំ។ ទន្ទឹមនឹង​នេះ សម្ដេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យលោកស្រីបន្តផ្សារភ្ជាប់ទំនាក់ទំនង​ជា​មួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការ ឱ្យទទួលបា​ន​ផ្លែ​ផ្កាបន្ថែមទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាអំពីការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច និង​ពា​ណិជ្ជ​កម្ម, អប់រំ, កសិកម្ម, បរិស្ថាន, ថាមពលកកើតឡើងវិញ, សុខាភិបាល និង សន្តិ​សុខ។ បន្ថែមពីនេះ សម្តេចមហាបវរធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បាន​ពិភាក្សា​អំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ដោយលោកស្រីបានថ្លែងអំណរ​គុណ​ដល់កម្ពុជា ដែលបានគាំទ្រឱ្យប្រទេសប្រេស៊ីលក្លាយជាដៃគូសន្ទនាតាម​វិស័យ​របស់អាស៊ានផងដែរ៕