ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ រៀបចំទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ត លើកទី១៦ ដើម្បីពង្រឹង និងបង្កើនវិជ្ជាជីវៈក្រុមគ្រូពេទ្យ

02-12-2025 14:45

(ត្បូងឃ្មុំ)៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១៦ ដើម្បីពង្រឹង និងបង្កើនវិជ្ជាជីវៈក្រុមគ្រូពេទ្យ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។

ទិវានេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកសាស្ត្រាចារ្យមហាបរិញ្ញា ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ព្រមទាំងលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ដែលមកពីថ្នាក់ជាតិ និងលោក-លោកស្រីវេជ្ជបណ្ឌិត គ្រូពេទ្យ នៅទូទាំងខេត្តត្បូងឃ្មុំ។

លើកឡើងនាឱកាសនោះ លោកវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខភីបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានបង្ហាញនៅរបាយការណ៍ថា ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៦ គឺសំដៅបង្កើនការអនុវត្តដែនកំណត់ និងនិយាមវិជ្ជាជីវៈវេជ្ជសាស្ត្រ ការបណ្តុះបណ្តាលបន្ត ជំរុញការលើកកម្ពស់សមត្ថភាព គុណវុឌ្ឍិ ក្រមសីលធម៌វិជ្ជាជីវៈ សម្បទា ដែលមានវិសាលភាពទូទាំងព្រះរាជាណាចក្រកម្ពុជា សម្រាប់អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ទាំងសេវាសាធារណៈ និងឯកជន។

ក្នុងន័យនេះ ដើម្បីធានាបាននូវសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាប្រកបដោយប្រសិទ្ធិភាព សុវត្ថិភាព មានទំនុកចិត្ត ក្នុងការចូលរួមកាត់បន្ថយអត្រាឈឺ ស្លាប់ ពិការភាព និងអត្រាគ្រោះថ្នាក់ផ្សេងៗ បណ្តាលមកពីការព្យាបាល ការប្រើប្រាស់ឱសថផ្សេងៗ។

លោកវេជ្ជបណ្ឌិត ឆន មុនី បានបន្តឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥នេះ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំនេះ មានមណ្ឌលសុខភាពចំនួន៧៤ បុស្តិ៍សុខភាពចំនួន១ និងវិស័យឯកជនមានចំនួន ៤៨កន្លែង។ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ក៏ដូចជាក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បានធ្វើការអនុវត្តការងារចុះបញ្ជី ការស្នើសុំអាជ្ញាបណ្ណគិតត្រឹមខែវិច្ឆិកា សរុបចំនួន ៩០ នាក់ ក្នុងនោះមានស្រីចំនួន២២នាក់, ការងារអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត បានធ្វើCPD ចំនួន១៥លើក មកហើយផងដែរ។

ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យមហាបរិញ្ញា ឡឹម តារា បានណែនាំឱ្យគណៈគ្រូពេទ្យរាជធានីខេត្ត ដាក់បញ្ចូលប្រធានបទទាក់ទងនឹងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត និងគោលការណ៍ក្រមសីធម៌គ្រូពេទ្យ បន្ថែមទៅលើប្រធានបទបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈដើម្បីបញ្រ្ជាបការយល់ដឹងពីលក្ខខណ្ឌតម្រូវ គុណវុឌ្ឍិ សមត្ថភាព និងសម្បទា រួមទាំងដែនកំណត់នៃការប្រកបវិជ្ជាជីវៈដល់គ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស។

លោកសាស្ត្រាចារ្យ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ក៏បានបង្ហាញពីបេសកម្មរបស់គណៈគ្រូពេទ្យក្នុងការចូលរួម ជាមួយក្រសួងសុខាភិបាលធ្វើការកែទម្រង់វិស័យសុខាភិបាល សំដៅឲ្យគុណភាពសេវាទាំងរដ្ឋនិងឯកជនមានភាពប្រសើរឡើង។ បន្ថែមពីលើនេះ ក៏មានការធ្វើបទបង្ហាញពីនិយាម ដែនកំណត់វិជ្ជាជីវៈវេជ្ជសាស្ត្រ ក្រមសីលធម៌គ្រូពេទ្យ និងច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ផងដែរ។

ជាចុងក្រោយ លោកសាស្រ្តាចារ្យ ឡឹម តារា បានក្រើនរំលឹក និងផ្តាំផ្ញើថា វិជ្ជាជីវៈវេជ្ជសាស្រ្ត គឺជាវិជ្ជាជីវៈដែលត្រូវដាក់ ផលប្រយោជន៍អ្នកជំងឺលើសផលប្រយោជន៍របស់គ្រូពេទ្យ ហើយបានជំរុញឲ្យគ្រូពេទ្យកម្ពុជាទាំងអស់រួបរួមគ្នាពង្រឹងក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈ ដើម្បីបម្រើប្រជាជន និងទាក់ទាញឲ្យបាននូវទំនុកចិត្តរបស់ប្រជាជន ជាពិសេស ក្នុងន័យគឺដើម្បីលើកតម្កើងកិត្តិយសគ្រូពេទ្យកម្ពុជាទាំងមូល៕