អភិបាលស្រុកស្ទោង អំពាវនាវប្រជាពលរដ្ឋ និងសិស្សានុសិស្ស ត្រូវរក្សារួបរួមសាមគ្គីគ្នាឱ្យបានរឹងមាំ ដើម្បីសច្ចធម៌ជាប្រវត្តិសាស្ត្រ ២ ធ្នូ សុខសន្តិភាព និងការអភិវឌ្ឍន៍
02-12-2025 14:50
(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវប្រជាពលរដ្ឋ និងសិស្សានុសិស្សត្រូវរួបរួមសាមគ្គីគ្នា ឱ្យបានរឹងមាំដើម្បីសច្ចធម៌ជាប្រវត្តិសាស្ត្រ ២ ធ្នូ សុខសន្តិភាព និងការអភិវឌ្ឍន៍។
លោក សាយ គឹមឡម បានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោក និងលោក ឡាយ ស៊ីលី ព្រមទាំងសហការី បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជាពី ២ ធ្នូ នៅស្រុកស្ទោង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ លោកបានអំពាវនាវសិស្សានុសិស្សត្រូវសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅថែមទៀតអំពីអត្ថន័យស្មារតី ២ ធ្នូ ដែលឥស្សរជន និងបុព្វការីមានគុណរបស់យើង បានរួបរួមសាមគ្គីសហការគ្នាបង្កើតឡើង និង នាំមកនូវមហាជ័យជម្នះ ៧ មករា ដែលបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីសេចក្តីស្លាប់ និងរស់នៅប្រកបដោយកិត្តិយសមសេចក្តីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើនសម្បូរសប្បាយ សិទ្ធិសេរីភាពយ៉ាងទូលំទូលាយប្រកប ដោយក្តីសង្ឃឹម និងភាពញញឹមគ្រប់ពេលវេលា គ្រប់ទីកន្លែង ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍដែលរាជរដ្ឋាភិបាលបានអនុវត្ត និងកំពុងបន្តអនុវត្តប្រកបដោយនិរន្តរភាព។
លោកបានគោរពការសរសើរ និងអបអរសាទរក្រៃលែងជាមួយប្រជាជនកម្ពុជា ដែលរស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយផ្លែផ្កាត្រចះត្រចង់ និងមោទកភាពបំផុត ជាពិសេសការអនុវត្តនូវយុទ្ធសាស្ត្របញ្ចាកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ហើយតម្កល់គុណតម្លៃនៃសុខសន្តិភាពនេះជាតម្លៃអមតៈដែលមិនអាចកាត់ថ្លៃ ឬដោះដូរបានទោះក្នុងតម្លៃណាក៏ដោយ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកបានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះបុណ្ណញាណ ណិប អ៊ាន ព្រះអនុគណស្រុក និងសាលាអនុគណស្រុកស្ទោង ព្រះមន្ត្រីសង្ឃព្រមទាំងសហការី ដែលបាននិងតែងតែចូលរួមសហការ លើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់បច្ច័យ ព្រមទាំងស្មារតីយ៉ាងសកម្មជាមួយនឹងរដ្ឋបាលស្រុក ក្នុងកិច្ចការមនុស្សធម៌ជាមួយពលរដ្ឋ ងាយរងហានិភ័យឬជួបឧបទ្ទវហេតុផ្សេងៗក្នុងមូលដ្ឋាន កន្លងមកនិងសូមចូលរួមសហការបន្តនូវកិច្ចការមនុស្សធម៌នេះឱ្យបានជានិរន្ត។
លោក សាយ គឹមឡម លើកទឹកចិត្តដល់យុវជនសិស្សានុសិស្សត្រូវ ខិតខំសិក្សារៀនសូត្រឱ្យអស់ពីសមត្ថភាព ហើយត្រូវធ្វើខ្លួនជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិទៅអនាគត ជាពិសេសមិនត្រូវមោទកភាពចំពោះលទ្ធផលសិក្សា របស់ខ្លួនហើយត្រូវមានភាពវាងវៃហ្នឹងបិទបែនគ្រប់កាលៈទេស។
សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរនេះមានសមាជិកសមាជិកចូលរួមសរុបប្រមាណ២៥៨នាក់៕
























