សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីព័រណ៍គ្រឿងកសិកម្មចម្រុះ ២០ស្តង់ ដែលជាស្នាដៃកូនខ្មែរ

02-12-2025 14:54

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិមានជ័យ ស្ថិតក្នុងភូមិបានណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីព័រណ៍គ្រឿងកសិកម្មចម្រុះចំនួន ២០ស្តង់ ដែលជាស្នាដៃកូនខ្មែរ ក្នុងសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៩ ក្រោមប្រធានបទ «ឧត្តមភាព បច្ចេកវិទ្យាកសិកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន» សម្រាប់ឲ្យអ្នកចូលរួមមកទស្សនា។

ក្នុងពិព័រណ៍គ្រឿងកសិកម្មនេះ មានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលបន្ទាយមានជ័យ សាស្ត្រាចារ្យ និស្សិត ជាច្រើនរយនាក់។

លោក ជា សឿន សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិមានជ័យ បានថ្លែងថា ថ្ងៃនេះក្នុងវិទ្យាល័យជាតិមានជ័យ បានរៀបចំពិព័រណ៍កសិកម្មចម្រុះ មានចំនួន ២០ ស្តង់ ដែលជាស្នាដៃកូនខ្មែរពិតៗក្នុងពិធីសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៩ ក្នុងគោលបំណងចង់បង្ហាញអំពី ស្នាដៃក្នុងការកែច្នៃវត្ថុធាតុដើមទៅជារបស់លក់មានតម្លៃ ហើយមានសកម្មភាពបែបណា កម្រិតណា និងសមត្ថភាពរបស់សិស្ស ចង់ឲ្យមាតាបិតា អាណាព្យាបាលសិស្ស សហគមន៍ និងភ្ញៀវកិត្តិយសបានឃើញអំពី លទ្ធផលសិក្សារបស់សិស្ស មានភាពឆ្នៃប្រឌិតបានដូចម្តេចខ្លះ គំនិតបង្កើតថ្មីបានយ៉ាងណាខ្លះ ហើយការបង្កើតឲ្យមានកម្មវិធីតាំងពិព័រណ៍នេះឡើង ដើម្បីក៏ចង់បង្ហាញឲ្យឃើញគុណភាពចំណេះដឹងរបស់សិស្សានុសិស្សដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្រៀនកន្លងមកផងដែរ។

លោក ជា សឿន បានបន្តទៀតថា ក្នុងពិព័រណ៍ទាំង ២០ ស្តង់នេះ ក៏ដើម្បីបង្ហាញស្នាដៃការងាររបស់សិស្សវិទ្យាល័យជាតិមានជ័យ លើប្រធានបទវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម លើសពីនេះ បង្ហាញបច្ចេកទេស គ្រឿងកសិកម្មផងដែរ ពន្យល់ដល់សិស្សផ្សេងទៀត ដើម្បីស្វែងយល់ពីកិច្ចខិតខំប្រឹងប្រែងទាំងអស់ តាមរយៈការផ្សព្វផ្សាយវិស័យអាជីព ដល់សិស្សានុសិស្ស និងលើកកម្ពស់ការគិតពិចារណាក្នុងការរៀនសូត្រដល់សិស្ស ពីលោកគ្រូ អ្នកគ្រូ និងមាតាបិតានៅទូទាំងខេត្តបន្ទាយមានជ័យផងដែរ។

ក្នុងនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ការតាំងពិព័រណ៍គ្រឿងកសិកម្ម ២០ស្តង់នេះ គោលបំណងការប្រកួតប្រជែង និង ពង្រឹងសាមគ្គី និងការងារជាក្រុម។

លោកបានសម្តែងនូវការសប្បាយរីករាយចំពោះស្នាដៃសិស្សទាំងអស់ ដែលបានខិតខំសាមគ្គីគ្នាប្រើគំនិតរួមគ្នា ដើម្បីបង្កើតជាពិព័រណ៍កសិកម្មនេះឡើង ដើម្បីអបអរសាទរក្នុងពិធីសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានការកែទម្រង់ ការអភិវឌ្ឍមូលធនមនុស្ស ដែលយកចិត្តទុកដាក់លើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបណ្តុះបណ្តាល ជំនាញបច្ចេកទេស។

លោកបានក្រើនរំលឹក និងជំរុញឲ្យសិស្សានុសិស្សទាំងអស់ បន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនឲ្យបានខ្ជាប់ខ្ជួន ជាពិសេសតាម បរិបទសង្គមឌីជីថល និងចូលរួមធ្វើអំពើល្អដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងក្លាយជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិយើងទាំងមូលផងដែរ៕