ឯកអគ្គរដ្ឋទូតឆែក ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឆែក-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត (Video inside)

02-12-2025 15:03

(ភ្នំពេញ)៖ លោកស្រី ម៉ាកេតា កូល ហៃកូវ៉ា ឯកអគ្គរដ្ឋទូតឆែកប្រចាំនៅកម្ពុជា ប្តេជ្ញា​ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងឆែក និងកម្ពុជា ឱ្យកាន់តែរីក​ចម្រើន​ថែមទៀត។

លោកស្រីឯកអគ្គរដ្ឋទូត បង្ហាញការប្តេជ្ញាចិត្តបែបនេះ ក្នុងឱកាសជួបសម្តែង​ការគួរ​សមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០២៥នេះ។

នៅក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន​ចំពោះសម្ដេចមហាបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យ​រូបលោកស្រី និងសហការី ចូលជួបសម្ដែងការគួរសមនាឱកាសនេះ។

លោកស្រី បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ​ល្អរ​វាង​​សាធារណរដ្ឋឆែក និងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកស្រី បាន​គោរព​ជម្រាបជូនសម្ដេចមហាបវរធិបតីថា ឆ្នាំ២០២៦ គឺជាខួបលើកទី៧០ នៃទំនាក់​ទំនងការទូតរវាងប្រទេសទាំងពីរ ដែលលោកស្រី នឹងពិនិត្យលើកសំណើ ដើម្បីរៀប​ចំ​ប្រារព្ធខួបនេះឱ្យបានល្អប្រសើរ។ លោកស្រី ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុង​ការ​ខិត​ខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឆែក-កម្ពុជា ឱ្យកាន់តែរីក​ចម្រើន​បន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានសម្ដែងការស្វាគមន៍ និងអបអរសាទរ​ចំពោះ​លោកស្រីដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ សម្ដេចមហា​បវរ​ធិបតី មានជំនឿជឿជាក់ថា នៅក្នុងអាណត្តិការទូតរបស់លោកស្រីទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការកម្ពុជា-ឆែក នឹងកាន់តែរីកចម្រើនថែមទៀត។

សម្ដេចមហាបវរធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាលើការបន្តជំរុញ និង​ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ មានជាអាទិ៍៖ អប់រំ​, សុខាភិបាល, សន្តិសុខ និងការពារជាតិ, កសិកម្ម, ទេសចរណ៍, ហេដ្ឋារចនា​សម្ព័ន្ធ និងបច្ចេកវិទ្យា។ បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី និងលោកស្រី បានឯកភាព​ក្នុង​ការលើកកម្ពស់ឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីបង្កើនកាលានុវត្តភាពបន្ថែមទៀតក្នុងការជំរុញដល់ការវិនិយោគ។

ជាកិច្ចបញ្ចប់ សម្ដេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យលោកស្រីឯកអគ្គរដ្ឋទូត បន្ត​ធ្វើការកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា និងបានជូនពរ​លោក​ស្រី ឱ្យទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតរបស់លោកស្រីនៅ​កម្ពុជា៕