ទីក្រុងសាម៉ាល់ នៅប្រទេសហ្វីលីពីន មិនឲ្យយកសំណល់ផ្លាស្ទិកឡើងកោះឡើយ (Video inside)

02-12-2025 15:57

(សាម៉ាល់)៖ ទីក្រុងសាម៉ាល់ គឺជាទីក្រុងមួយ​ស្ថិតនៅលើកោះ នៅក្នុងខេត្តដាវ៉ាវ ដេល ណត (Davao del Norte) ប្រទេសហ្វីលីពីន ដែលកោះនេះ អាជ្ញាធរមិនឲ្យយកសំណល់ផ្លាស្ទិកឡើងលើកោះឡើយ។ ទោះជាយ៉ាងណា ផ្ទាស្ទិកមិនត្រូវបានហាមទាំងស្រុងក្នុងការប្រើប្រាស់ទេ ប៉ុន្តែអាជ្ញាធរលើកទឹកចិត្តឲ្យប្រើប្រាស់ផ្ទាស្ទិកណា ដែលអាចប្រើប្រាស់បានឡើងវិញ។

ចំពោះសំណល់ផ្ទាស្ទិក ត្រូវបានហាមក្នុងការចោលផ្តេសផ្តាស ហើយនរណាដែលចោលពាសវាលពាសកាល ច្បាស់ជានឹងមានបញ្ហាមិនខានឡើយ។ ហេតុនេះហើយ ចំពោះភ្ញៀវទេសចរ ត្រូវបានហាមក្នុងការយកសំណល់ផ្លាស្ទិកឡើងលើកោះតែម្តង ប៉ុន្តែបើចង់យកឡើង ត្រូវតែវេចខ្ចប់ និងរកធុងសំរាមចោលឲ្យបានត្រឹមត្រូវបំផុត។

លោក Perry Lamanilao មកពីអង្គការយុវជនអាស៉ីអាគ្នេយ៍ដើម្បីមនុស្សធម៌ ប្រទេសហ្វីលីពីន បានអញ្ជើញអ្នកដឹកនាំវ័យក្មេងនៅក្នុងតំបន់អាស៊ាន ដែលមានទាំងកម្ពុជា ដើម្បីទស្សនកិច្ចទីក្រុងសាម៉ាល់ ខណៈលោក កែវ ពិសិដ្ឋ និពន្ធនាយករង Fresh News និងជាប្រធានផ្នែកចំណេះដឹងទូទៅក៏បានចូលរួមដែរ។

«ក្នុងនាមជាជនជាតិហ្វីលីពីន យើងពិតជារីករាយ ដែលទាំងអ្នកនៅក្នុងតំបន់ រដ្ឋាភិបាល និងសហគមន៍ បានព្យាយាមការពារ និងអភិរក្សកោះដ៏ស្រស់ស្អាតសាម៉ាល់មួយនេះ»។ លោក Perry បានបញ្ជាក់បែបនេះ។

សូមជម្រាបថា ទីក្រុងសាម៉ាល់ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ដោយបញ្ចូលឃុំចំនួន៣ គឺបាប៉ាក់ សាម៉ាល់ និងកាពូទៀន។ ដើម្បីមកដល់កោះដ៏ស្រស់ស្អាតមួយនេះ គេអាចធ្វើដំណើរតាមកប៉ាល់ និងជិះរថយន្តឆ្លងស្ពានក៏បាន ចេញពីទីក្រុងដាវ៉ាវ៕