មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងផ្នែករដ្ឋ និងផ្នែកឯកជន
02-12-2025 16:38
(សៀមរាប)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា តំណាងរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ នៅក្នុងវិស័យទេសចរណ៍ រួមទាំងផ្នែករដ្ឋ និងផ្នែកឯកជន។
លោកបន្តថា ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍មានភាពចម្រុះ ក្នុងនោះ ការបណ្តុះបណ្តាលអាចធ្វើឡើងដោយផ្នែករដ្ឋ ដែលមានក្រសួងទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ជាអ្នកបណ្ដុះបណ្តាល ដោយផ្ទាល់ ការធ្វើឡើងដោយឯកជន ដែលមានសាលាបណ្តុះបណ្តាលដំណើរការដោយឯកជន ហើយអាចធ្វើឡើងដោយអង្គការ សមាគម ដែលមាន មូលនិធិសម្រាប់ដំណើរការនូវវគ្គបណ្តុះបណ្តាល និងមានគ្រឹះស្ថានសិក្សាផ្សេងៗទៀត។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក ប៉ាក់ សុខុម នៅក្នុងកម្មវិធីបិទវគ្គ បណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច របស់សមាគមក្លឹបទេសចរណ៍សៀមរាប វគ្គទី០៣ ដែលគាំទ្រដោយសហហិរញ្ញប្បទានតាមរយៈ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការគាំទ្រឯកសារពីគណៈគ្រប់គ្រងគម្រោង ហ៊ូកា (Hoka) នៃក្រសួងទេសចរណ៍ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសណ្ឋាគារម៉េម័រផាឡេស រីសត និងស្ប៉ា។
លោកបានបន្តថា វិស័យទេសចរណ៍ ជាវិស័យមួយដែលរាជរដ្ឋាភិបាលចាត់ទុកជា មាសបៃតង ដែលជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រួមចំណែកក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពរស់នៅ និងជំរុញកំណើនផលិតផលក្នុងស្រុក ព្រមទាំងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រផងដែរ។
លោកបញ្ជាក់ថា ជាក់ស្ដែងក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៦,៧លាននាក់ បង្កើតឱកាសការងារ និងមុខរបរប្រមាណ ៥១ម៉ឺននាក់ និងនាំប្រាក់ចំណូលប្រមាណជិត ៣.៦៣៧លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ច ជាតិត្រូវនឹង ៩,៤% នៃផលិតផលក្នុងស្រុកសរុប។
លោកបន្តថា កំណើននេះ គឺលើសពីពេលមុនវិបត្តជំងឺកូវីដ-១៩ ឆ្នាំ២០១៩ទៅទៀត (៦,៦ លាននាក់) នេះដោយសាររដ្ឋាភិបាលបានយកចិត្តទុកដាក់ និងជំរុញយ៉ាងខ្លាំងដោយបានដាក់ចេញគោលនយោបាយជួយគាំទ្រ សហការជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធ ជាពិសេស ការខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍។
លោក ប៉ាក់ សុខុម ក៏បានស្នើដល់មូលនិធិអភិវឌ្ឍន៍ជំនាញ បន្តគាំទ្រដល់សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប
គ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ផ្សេងៗទៀត រួមទាំងវិស័យឯកជន ដើម្បីផ្តល់សហហិរញ្ញប្បទាន គាំទ្រដល់ការបណ្ដុះបណ្តាលអ្នកជំនាញថ្មី (Skilling) ការ បណ្តុះបណ្ដាលពង្រឹងសមត្ថភាពអ្នកជំនាញបច្ចុប្បន្ន (Up-Skilling) និងការបណ្តុះប ណ្តាលគ្រូបង្គោល (Training of Trainers) ឱ្យបានកាន់តែច្រើនក្នុងកម្រិតអប្បបរមាផងដែរ។
លោក សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប (STC) បានលើកឡើងថា ការបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្តល់ជំនាញជាក់លាក់មួយដល់ប្អូនៗនោះទេ ថែមទាំងទទួលបានសញ្ញាបត្រទទួលស្គាល់ដោយក្រសួងទេសចរណ៍ ដែលជាគុណតម្លៃមួយមិនអាចកាត់ថ្លៃបានសម្រាប់ប្អូនៗសិក្ខាកាម និងជាស្ពានចម្លងដ៏មានសក្តានុពលសម្រាប់ប្អូនៗយកទៅប្រើប្រាស់ ដើម្បីបន្តពង្រឹងសមត្ថភាពស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា។
លោកបញ្ជាក់ថា សមាគមក៏បានធ្វើការបណ្តុះបណ្តាលសិក្ខាកាមចំនួន ៣០០នាក់ក្នុងឆ្នាំ២០២៣ និងសិក្ខាកាមចំនួន ២០០នាក់ ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ ក្នុងឆ្នាំសិក្សា២០២៥នេះដែរ សមាគមក៏បានបណ្តុះបណ្តាលសិក្ខាកាមចំនួន ២០០នាក់បន្ថែមទៀត ដែលនឹងទទួលបានសញ្ញាបត្របញ្ចប់វគ្គសិក្សានាថ្ងៃនេះ។ ហើយសមាគម ក៏ត្រៀមទទួលសិក្ខាកាមចំនួន ២០០នាក់បន្ថែមទៀត នៅក្នុងឆ្នាំសិក្សា២០២៦ នឹងរៀបចំបើកវគ្គក្នុងពេលខាងមុខ។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប បានលើកឡើងថា ខេត្តសៀមរាប គឺពឹងផ្អែកលើវិស័យទេចរណ៍ ដូច្នេះហើយ ដើម្បីឲ្យវិស័យទេសចរណ៍អភិវឌ្ឍទៅបាន មានកត្តាសំខាន់នោះ គឹការអភិវឌ្ឍធនធានមនុស្សសម្រាប់ទ្រទ្រង់ដល់សេវាកម្មផ្សេងៗ នៅក្នុងខេត្តរបស់យើងនេះ។ វគ្គបណ្តុះបណ្តាលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនរបស់យើង ដែលមិនមានលទ្ធភាពក្នុងការជ្រើសរើសជំនាញមួយច្បាស់លាស់ដែលខ្លួនស្រឡាញ់។
ជាមួយនេះ លោកក៏បានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង និងថ្លែងអំណរគុណដល់អាណាព្យាបាលសិក្ខាកាម ដែលបានលះបង់ឲ្យកូនមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ៕
























