រដ្ឋបាលខេត្តសៀមរាប ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ

02-12-2025 16:49

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៥ ក្រោមវត្តមានរបស់លោក សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ព្រះសង្ឃ អាជ្ញាធរ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនអង្គ/នាក់។

ថ្លៃក្នុងឱកាសនោះ លោក សៀង ណាំ បានលើកឡើងថា ថ្ងៃ ២ ធ្នូ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលកម្លាំងអ្នកស្នេហាជាតិ បានរួបរួមគ្នាក្រោកឈរឡើង ដើម្បីរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងឈានទៅរកជ័យជម្នះ ៧ មករា ១៩៧៩។

លោកបានបន្តថា មេរៀនដ៏មានតម្លៃចំនួន ៧ចំណុច របស់សម្តេចតេជោ ហ៊ុន សែន ដោយក្នុងនោះ ចំណុចទី៣ បានបញ្ជាក់ច្បាស់ថា «សាមគ្គីភាពជាកត្តាស្លាប់រស់របស់ជាតិ មានសាមគ្គីភាពទើបជាតិយើងឈ្នះ»។ អង្គមីទ្ទិញបានក្រើនរំលឹកថា ដើម្បីធានាបាននូវការអភិវឌ្ឍ និងសន្តិភាពពេញលេញ កម្ពុជាត្រូវពង្រឹងឯករាជ្យភាព និងអធិបតេយ្យភាពជាតិ ដោយមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែក ឬបំបែកបំបាក់ពីមជ្ឈដ្ឋានខាងក្រៅឡើយ។

លោកបន្តថា ទោះបីជាមានបញ្ហាប្រឈមសកលយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងមានកំណើន ៤.៩% ក្នុងឆ្នាំ២០២៥ និង ៥% នៅឆ្នាំ២០២៦។ ជាពិសេស រណសិរ្សគ្រប់ថ្នាក់បានប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងប្រវត្តិសាស្ត្រ និងមានសារៈប្រយោជន៍មហាសាលសម្រាប់សេដ្ឋកិច្ចជាតិ។

លោកបានអំពាវនាវថ្នាក់ដឹកនាំ សមាជិក សមាជិកាដ៏សកម្មនៃរណសិរ្សគ្រប់ថ្នាក់ សូមលើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន ហើយខិតខំបញ្ចេញ អស់កម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាជន និងប្រទេសជាតិ។

លោក សៀង ណាំ បញ្ជាក់ថា ស្មារតី ២ធ្នូ មិនត្រឹមតែជាការចងចាំអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករដើម្បីជំរុញកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះផងដែរ៕