ទូតឥណ្ឌាប្រចាំកម្ពុជា និងមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ សហការគ្នាពង្រឹងសិទ្ធិអំណាចដល់យុវជន ដែលមានបញ្ហាសុខភាពផ្លូវចិត្ត និងពិការភាព
02-12-2025 17:06
(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ (CCAMH) នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការពង្រឹងសិទ្ធិអំណាចដល់យុវជនដែលមានបញ្ហាសុខភាពផ្លូវចិត្ត និងពិការភាព សម្រាប់ការអនុវត្តគម្រោងផ្តល់ផលរហ័ស (QIP) ដែលមានគោលបំណង ពង្រឹងសិទ្ធិអំណាចដល់យុវជនដែលជួបបញ្ហាសុខភាពផ្លូវចិត្ត និងពិការភាពក្នុងការសិក្សា នៅតាមសាលារៀន និងពន្ធនាគារ តាមរយៈការកសាងសមត្ថភាពអ្នកជំនាញសុខភាពផ្លូវចិត្តនៅកម្ពុជា ដោយផ្អែកលើអន្តរាគមន៍សមស្របតាមវប្បធម៌។
គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដល់យុវជនដែលមានបញ្ហាសុខភាពផ្លូវចិត្ត និងពិការភាពក្នុងការសិក្សា រួមទាំងអ្នកនៅតាមសាលារៀន និងពន្ធនាគារ។ មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ (CCAMH) គឺជាស្ថាប័នមួយដែលត្រូវបានបង្កើតឡើង តាមរយៈកិច្ចសហការរួមគ្នារវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការការីតាស។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត J. Bhoomikumar នាយក និងជាទីប្រឹក្សាគ្រូពេទ្យចិត្តសាស្រ្តកុមារនៃ CCAMH និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងបានធ្វើឡើងក្រោមអធិបតីភាពលោក ស្រ៊ី ថាមារុង្គ ទេសរដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។
នាឱកាសនោះលោក Vanlalvawna Bawitlung បានលើកឡើងថា គម្រោងផ្តល់ផលរហ័ស (QIP) មានគោលបំណងពង្រឹងជំនាញរបស់អ្នកជំនាញសុខភាពផ្លូវចិត្តនៅទូទាំងវិស័យ តាមរយៈការផ្តល់ការណែនាំអំពីវិធីសាស្រ្តសមស្របតាមវប្បធម៌ ដូចជា វិបស្សនាសមាធិ និងការកែលម្អភាពធន់នឹងសហគមន៍។ គម្រោងនេះស្របតាមអាទិភាពរបស់កម្ពុជា ក្នុងការពង្រីកសេវាសុខភាពផ្លូវចិត្ត ដែលមានលក្ខណៈរួមបញ្ចូល និងឆ្លើយតបចំពោះតម្រូវការរបស់យុវជនដែលងាយរងគ្រោះ។
លោកឯកអគ្គរដ្ឋទូត ក៏បានរំលឹកពីភាពជាដៃគូដ៏យូរអង្វែង រវាងប្រទេសឥណ្ឌា និងមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ (CCAMH)។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០មក ប្រទេសឥណ្ឌាបានគាំទ្រ CCAMH តាមរយៈការផ្តល់ឧបករណ៍វេជ្ជសាស្ត្រ ជំនាញបច្ចេកទេស និងក្រុមគ្រូពេទ្យឥណ្ឌា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសមត្ថភាពវិស័យសុខភាពផ្លូវចិត្តនៅកម្ពុជា។ ព្រឹត្តិការណ៍សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការនេះ គឺការពង្រីកមជ្ឈមណ្ឌល ក្រោមមូលនិធិឥណ្ឌា-ប្រេស៊ីល-អាហ្វ្រិកខាងត្បូង (IBSA) ដែលបានពង្រឹង CCAMH ឲ្យក្លាយជាស្ថាប័នឈានមុខគេ ក្នុងវិស័យសុខភាពផ្លូវចិត្តកុមារ និងវ័យជំទង់ នៅកម្ពុជា។
ក្រោមគម្រោងផ្តល់ផលរហ័ស (QIP) ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ–គង្គា ប្រទេសឥណ្ឌា បានអនុវត្តគម្រោងជោគជ័យចំនួនពីរ ជាមួយ CCAMH រួចមកហើយ។ ឥណ្ឌានៅតែប្តេជ្ញាចិត្តគាំទ្រ អាទិភាពអភិវឌ្ឍន៍របស់កម្ពុជា ឲ្យកាន់តែទូលំទូលាយ ក្នុងវិស័យសុខាភិបាល អប់រំ អភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាព។ តាមរយៈគម្រោង QIP ឥណ្ឌា បានគាំទ្រគម្រោងប្រមាណចំនួនដប់ក្នុងមួយឆ្នាំៗ នៅកម្ពុជា។ មកទល់ពេលបច្ចុប្បន្ន គម្រោងចំនួន៦៤ ត្រូវបានអនុម័ត និងគាំទ្រ ដែលក្នុងនោះ ៤៧ បានបញ្ចប់ដោយជោគជ័យ និង ១៧កំពុងស្ថិតក្នុងដំណើរការ។ គម្រោងទាំងនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលម្អជាក់ស្តែង នៅវិស័យដូចជា អប់រំ សុខភាព អនាម័យ ការពង្រឹងសិទ្ធិអំណាចស្ត្រី និងកសិកម្ម។
សូមបញ្ជាក់ដែរថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានមួយទៀត ក្នុងការពង្រឹងភាពជាដៃគូដ៏រឹងមាំ និងរីកចម្រើន រវាងឥណ្ឌា និងកម្ពុជា និងជាជំហានដ៏សំខាន់ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីផ្តល់សេវាសុខភាពផ្លូវចិត្ត ដែលមានគុណភាពខ្ពស់ និងអាចចូលដំណើរការបាន សម្រាប់យុវជនកម្ពុជា៕








