កម្ពុជា គ្មានតម្រូវការនាំចូលស្វាក្ដាមព្រៃពីប្រទេសដទៃទេ ព្រោះមានកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជស្របច្បាប់ច្រើន សម្រាប់ផ្គត់ផ្គង់និងបម្រើឱ្យការនាំចេញ

02-12-2025 17:12

(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងករណីបទល្មើសនៅប្រទេសថៃ ពីបទជួញដូរសត្វស្វាក្ដាម ក្រសួងកសិកម្ម នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា កម្ពុជាពុំមានតម្រូវការនាំចូលស្វាក្តាមព្រៃ ពីប្រទេសដទៃឬចាប់ស្វាក្តាមពីព្រៃមកជួញដូរឡើយ ព្រោះកម្ពុជាមានកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជស្របច្បាប់ច្រើន ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់និងបម្រើឱ្យការនាំចេញ។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អ្នកនាំំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ការបញ្ជាក់នេះ ធ្វើឡើងក្រោយកាសែត Bangkok Post របស់ប្រទេសថៃ បានផ្សាយពីការឃាត់ករណីប៉ុនប៉ងរត់ពន្ធសត្វស្វាក្ដាមពីប្រទេសថៃ ចូលមកកម្ពុជា។ ការណ៍នេះ​ ត្រូវបានក្រសួងកសិកម្ម ទាត់ចោលនូវការចោទប្រកាន់គ្មានមូលដ្ឋានបែបនេះ។

លោក​ ឃឹម ហ្វីណង់ បានបញ្ជាក់ថា រាល់កសិដ្ឋានចិញ្ចឹមស្វាក្តាមទាំងអស់នៅកម្ពុជា សុទ្ធតែមានការចុះបញ្ជីទទួលស្គាល់ច្បាស់លាស់ មានការអនុញ្ញាតនាំចេញពីអាជ្ញាធរគ្រប់គ្រងសាយតេស (CITES) កម្ពុជា និងតម្រូវឱ្យគោរពយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋានអនាម័យ និងវិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវ។

បន្ថែមពីនេះ អ្នកនាំំពាក្យដដែល បានសង្កត់ធ្ងន់ថា «ការជួញដូរសត្វព្រៃ គឺជាអំពើខុសច្បាប់ដែលមិនអាចលើកលែងបាន ដោយមិនសំខាន់ថាកើតមាននៅប្រទេសណាឬជនជាតិណាជាអ្នកប្រព្រឹត្តនោះទេ។ កម្ពុជាប្រកាន់ជំហរប្រឆាំងរាល់ការជួញដូរសត្វព្រៃខុសច្បាប់ ហើយសម្រាប់ករណីនេះ បើមានការនាំចូលដោយខុសច្បាប់មកកម្ពុជា យើងក៏មានវិធានការតាមផ្លូវច្បាប់ដើម្បីបង្ក្រាបរាល់បទល្មើសជួញដូរសត្វព្រៃឆ្លងដែនគ្រប់រូបភាព»