វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកសួត ប្រាប់ពីសញ្ញាដំបូងនៃជំងឺមហារីកសួត និងការព្យាបាលនាពេលបច្ចុប្បន្ន
02-12-2025 17:32
(ភ្នំពេញ)៖ ជំងឺមហារីកសួត មិនមែនកើតឡើងចំពោះតែអ្នកជក់បារីប៉ុណ្ណោះទេ ហើយបច្ចុប្បន្នបានសង្កេតឃើញថា មានប្រេវ៉ាឡង់កើតក្នុងចំណោមយុវជនក្មេងៗក៏មានបញ្ហាមហារីកសួតនេះដែរ។ នៅឆ្នាំ២០២០ មានអ្នកជំងឺមហារីកសួត ប្រហែល ២.២លាននាក់ទូទាំងសកលលោក ហើយក្នុងចំណោមនោះសឹងតែ ៩០% នៃអ្នកជំងឺមហារីកសួតមិនអាចជៀសផុតពីការស្លាប់ដោយសារជំងឺនេះ។ សម្រាប់នៅតំបន់អាស៊ីអាគ្នេយ៍ មានអ្នកកើតជំងឺមហារីកច្រើនគួរសម បើប្រៀបធៀបបណ្ដាប្រទេសផ្សេងទៀតដូចជាអាហ្វ្រិកជាដើម។
កត្តាមួយចំនួនដែលបណ្តាលឱ្យកើតជំងឺមហារីកសួត គឺបណ្ដាលមកពីការជក់បារី, អ្នកស្រូបផ្សែងបារី , ជាតិពុលដែលមាននៅក្នុងខ្យល់ ឬបរិយាកាស, ក្រុមគ្រួសារដែលមានសមាជិកកើតជំងឺមហារីកសួត ដូចជាឪពុកម្តាយ បងប្អូន ក៏អាចជាហានិភ័យឱ្យកូនចៅជំនាន់ក្រោយមានមហារីកសួតផងដែរ និងបញ្ហាវិទ្យុសកម្មផ្សេងទៀត។
បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Akhil Chopra ឯកទេសជំងឺមហារីកសួតរបស់ OncoCare នៅសិង្ហបុរី បានឱ្យដឹងថា «សញ្ញាដំបូងនៃជំងឺមហារីកដែលមិនគួរមើលរំលង គឺ ក្អក ហើយការក្អកក្នុងរយៈពេលវែង ២ទៅ៣ខែ, ថប់ដង្ហើម, ទ្រូងមានសភាពខុសធម្មតា ឬខុសទ្រង់ទ្រាយពីមុន, ពិបាកដកដង្ហើម និងធ្ងន់ធ្ងរជាងគេ គឺក្អកចេញឈាម»។
សម្រាប់ការធ្វើរោគវិនិច្ឆ័យវិញ ដើម្បីរកឃើញថាមានជំងឺមហារីកសួត យើងត្រូវស្កេនតាមរយៈកាំរស្មីអិច CTស្កេន និងតាមរយៈការច្រិបកោសិកាទៅមន្ទីរពិសោធន៍ ឬធ្វើតេស្ដហ្សេនមើលមេរោគមហារីក ដើម្បីប្រើប្រាស់ថ្នាំអ្វីឱ្យមានប្រសិទ្ធភាពបំផុត។ សម្រាប់ការធ្វើតេស្ដមហារីកនេះ មិនមែនរកឃើញតែមហារីសួតទេ មហារីកផ្សេងទៀតក៏អាចរកឃើញដូចគ្នា ។នេះជាអត្ថប្រយោជន៍នៃការធ្វើតេស្ដរកជំងឺមហារីក។
មហារីកសួតនេះទៀតសោត មានបួនដំណាក់កាល ហើយបើរកឃើញនៅដំណាក់ទី១,២,៣ គឺអាចព្យាបាលជាសះស្បើយ ដោយឡែកដំណាក់ទី៤ គឺពិបាកព្យាបាលឱ្យជា តែអាចព្យាបាលដើម្បីពន្យាអាយុជីវិត និងរីករាយជាមួយគុណភាពជីវិតបានយូរ។
ចំណែកវិធីសាស្ដ្រនៃការព្យាបាល៖ ករណីយើងមានជំងឺមហារីក ក្រៅពីការវះកាត់ គឺមានការចាក់ថ្នាំគីមី, ធ្វើកាំរស្មីអិចដើម្បីសម្លាប់មេរោគ និងប្រើប្រាស់ហ្សេនអ្នកជំងឺដើម្បីទប់នឹងខ្លួន ។ទោះជាយ៉ាងណាការវះកាត់នៅតែជាវិធីសាស្រ្តដ៏ល្អបំផុត
លើជំងឺមហារីក ជាពិសេសក្នុងដំណាក់កាលទី១,២ ដើម្បីកាត់យកដុំសាច់មហារីកចេញ ។ជាបទពិសោធន៍ជាក់ស្ដែងនៅប្រទេសសិង្ហបុរី គឺបានប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ តាមរយៈវះកាត់ដោយប្រើប្រាស់មនុស្សយន្ដ
ដែលធ្វើឱ្យការចោះក្នុងសាច់តូច ឈាមហូរតិច ចំទីតាំង និងឆាប់ជាសះស្បើយក្នុងរយៈពេលខ្លី អាចត្រលប់ទៅគេហដ្ឋានវិញ។
ម្យ៉ាងទៀតវិធីសាស្ត្រក្នុងការបុកថ្នាំគីមីវិញ គឺធ្វើឡើងបន្ទាប់ពីវះកាត់ដើម្បីសម្លាប់កោសិកាមហារីក ប្រសិនវានៅមានក្នុងរាងកាយរបស់អ្នកជំងឺ។ ការប្រើប្រាស់ថ្នាំគីមី មានផលរំខានមួយចំនួនដូចជា នឿយហត់ អស់កម្លាំង ក្អួតចង្អោរ តែបច្ចុប្បន្នផលរំខាននេះមានតិចតួចបុណ្ណោះ។ ចំណែកការធ្វើវិទ្យុសកម្ម ឬការប្រើកាំរស្មីអិចវិញ ធ្វើឡើងដើម្បីព្យាបាលសម្លាប់មេរោគតែម្តង ហើយវាមានប្រសិទ្ធភាពទាំងដំណាក់កាលដំបូង និងចុងក្រោយ។
ដោយសារបច្ចុប្បន្នបច្ចេកវិទ្យាជឿនលឿន យើញមានវិធីព្យាបាលឱ្យចំគោលដៅដើម្បីជៀសវាងការសម្លាប់កោសិកាល្អ ដែលពីមុនការព្យាបាលគឺសម្លាប់ទាំងកោសិកាល្អនិងអាក្រក់។ វិធីសាស្រ្តព្យាបាល Immunotheapy គឺជាវិធីសាស្ត្រមួយថ្មីដែលយើងដាក់ថ្នាំចូលទៅដើម្បីឱ្យភាពសាំរបស់អ្នកជំងឺខ្លាំងក្នុងការទប់ទល់ស្កាត់ ឬសម្លាប់កោសិកាមហារីកដោយខ្លួនឯង មានន័យថាធ្វើឱ្យភាពសុំាធម្មជាតិរបស់អ្នកជំងឺអាចកម្ចាត់មេរោគបាន។
អ្នកជំងឺមហារីកសួតនៅសិង្ហបុរី មិនអស់សង្ឃឹមទេ ទោះក្នុងដំណាក់កាល់ ទី៣ ទី៤ ក៏ដោយ ក៏ក្រុមគ្រួពេទ្យជួយឱ្យអ្នកជំងឺអាចរស់នៅប្រកបដោយគុណភាព ប្រកបរបរចិញ្ចឹមគ្រួសារ គ្រប់គ្រងផលរំខានផ្សេងៗបានយ៉ាងល្អ។ «នៅពេលមានជំងឺមហារីក អ្នកជំងឺតែងតែភ័យរន្ធត់តក់ស្លត់ បាក់ទឹកចិត្ត ដូច្នេះយើងមានគ្រូពេទ្យចិត្តសាស្រ្តដែលជួយប្រឹក្សាយល់បល់ធ្វើយ៉ាងណាឱ្យទឹកចិត្តពួកគាត់កាន់តែប្រសើរ។ មួយទៀតយើងមានក្រុមគ្រួពេទ្យផ្នែកអាហារូបត្ថ ម្ភដើម្បីឱ្យអ្នកជំងឺទទួលទានអាហារត្រឹមត្រូវ ល្អសម្រាប់សុខភាព»។
លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ទៀតថា «នៅក្នុងយុគសម័យថ្មីជាមួយនឹងវេជ្ជសាស្ត្រជាក់លាក់ ជំងឺមហារីកសួតនេះគឺអាចព្យាបាលបាន ហើយឥឡូវនេះយើងឃើញអ្នកជំងឺដែលមានជំងឺមហារីកកម្រិតខ្ពស់ គឺអាចរស់នៅបានធម្មតា និងមានរយៈពេលវែងផងដែរ ។ដូច្នេះអ្វីដែលធ្លាប់ត្រូវបានចាត់ទុកថា ជំងឺមហារីកសួត គឺជាជំងឺដ៏កាចសាហាវ សម្លាប់ជីវិតមនុស្សយ៉ាងឆាប់រហ័សនោះ គឺយើងអាចគ្រប់គ្រងបានហើយ»។ ដូចនេះអ្នកកើតជំងឺមហារីក មិនមែនជាទោសប្រហារជីវិតទេ ព្រោះបច្ចុប្បន្នវេជ្ជសាស្ត្រកាន់តែទំនើប ការព្យាបាលក៏កាន់តែមានប្រសិទ្ធភាព សំខាន់បំផុតយើងត្រូវពិនិត្យសុខភាពរកឱ្យឃើញនៅដំណាក់កាលដំបូងៗ ដើម្បទទួលបានការព្យាបាលជាសះស្បើយ។
នេះបញ្ជាក់បែបនេះរបស់លោក Akhil Chopra ក្នុងឱកាសមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិ SingMed ចុះហត្ថលេខាជាផ្លូវការលើភាពជាដៃគូរយុទ្ធសាស្ត្រជាមួយមជ្ឈមណ្ឌលមហារីក OncoCare សិង្ហបុរី នាចុងខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខនៅក្នុងការពង្រឹងការព្យាបាលជំងឺមហារីកជូនប្រជាជនកម្ពុជា ពិសេសផ្តល់ការថែទាំជំងឺមហារីកកាន់តែងាយស្រួល និងមានតម្លៃសមរម្យដល់អ្នកជំងឺកម្ពុជា។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមវត្ដមាន លោកស្រី Pin Netra ស្ថាបនិក SingMed។ នេះជាឱកាសសម្រាប់ប្រជាជនកម្ពុជា អាចពិគ្រោះយោបល់អំពីជំងឺមហារីកស្តង់ដារសិង្ហបុរី ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេស, ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងមតិទីពីរ (seek second opinion) ពីគ្រូពេទ្យឯកទេសជំងឺមហារីកកំរិតខ្ពស់, ការធ្វើផែនការព្យាបាលផ្ទាល់ខ្លួនស្របតាមគោលការណ៍ណែនាំដែលត្រឹមត្រូវតាមស្តង់ដាអន្តរជាតិ និងការត្រួតពិនិត្យ និងការតាមដានកាន់តែជិតស្និទ្ធពីស្ថានភាពរបស់អ្នកជំងឺ៕























