លោកបណ្ឌិត សឹង សំណាង៖ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ជានិមិត្តរូបនៃស្មារតីរួបរួម និងស្នេហាជាតិដ៏ខ្លាំងក្លា ដើម្បីបុព្វហេតុជាតិមាតុភូមិ

02-12-2025 17:44

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ លោកបណ្ឌិត សឹង សំណាង សមាជិកក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញ​ជាអធិបតីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៥)។

ពិធីនេះ បានរៀបចំឡើងនាទីស្នាក់ការគណៈកម្មាធិការគណបក្សស្រុកសូទ្រនិគម ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ និងប្រជាពលរដ្ឋ​ប្រមាណ ៤២៣អង្គ/នាក់។

នៅក្នុងពិធីនោះ លោកបណ្ឌិត សឹង សំណាង បានលើកឡើងថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបាន​បង្កើត​ឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងក្នុង និងក្រៅប្រទេស ដែលមាន​សម្តេច​ពញា​ចក្រី ហេង សំរិន សម្តេចធម្មពោធិសាល ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ១៩៧៩​។

ថ្ងៃ ២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែល «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបាន​ប្តូរ​ឈ្មោះជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងនៅភូមិ​ជើង​ឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភ គាំទ្រស្មារតី និងសម្ភារទៅ​វិញ​ទៅមករវាងបណ្តាប្រទេសជាមិត្ត និងត្រូវបានបន្តពង្រឹងសាមគ្គីភាព មិត្តភាព និង​សហប្រតិបត្តិការកាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត។

លោកបណ្ឌិត បានបន្តទៀតថា រយៈពេល៤៧ឆ្នាំកន្លងមកនេះ ប្រជាជនបានរួមរស់​ជា​មួយ​គ្នាក្នុងជួររណសិរ្ស ពុះពារឆ្លងកាត់ ឧបសគ្គតូចធំទាំងឡាយយ៉ាងអង់អាចក្លាហាន​បំផុត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជន​កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ និងជាអគ្គមគ្គទេសក៍​ដ៏​ឆ្នើម​របស់ប្រជាជនកម្ពុជា។ ស្មារតី២ធ្នូ ស្មារតី៧មករា បានចារឹកជាប់ក្នុងមនសិការរបស់​ប្រជាជន បានប្រែក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលធំៗ នៃសង្គមជាតិ។ ឥឡូវនេះ ក្រោមពន្លឺនៃសន្តិភាព សេរីភាព មនសិការជាតិ និងក្នុង​ជំហរ​ផ្សារភ្ជាប់នូវជោគវាសនាទាំងអស់គ្នា ជឿជាក់ថានឹងគ្មានការកើតឡើងជាថ្មី​ទៀត​នូវសោកនាដកម្ម ដូចក្នុងអតីតកាលឡើយ។

លោកបណ្ឌិត សឹង សំណាង ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសមា​ជិក សមាជិកា ដ៏សកម្មនៃរណសិរ្សគ្រប់ថ្នាក់ លើកកម្ពស់ស្មារតីថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន ហើយខិតខំបញ្ចេញ​អស់​កម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាជន និងប្រទេសជាតិ។ ដូចពេល​បច្ចុប្បន្ន​នេះ​ បើ​មិន​មានសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាជនកម្ពុជា ក្នុងការគាំទ្ររាជរដ្ឋាភិបាល ដើម្បី​ប្រឆាំងនឹងអំពើឈ្លានពាន និងការលេបទឹកដីខ្មែរ ពីសំណាក់ទាហានថៃ តើ​ប្រទេស​​កម្ពុជាតូចតាចមួយនេះអាចឈរដ៏រឹងមាំរបស់ខ្លួន បានដល់ថ្ងៃនេះដែរឬទេ?

ហេតុនេះហើយការរំលឹកខួបលើកទី៤៧ នៃការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិ​កម្ពុជា ដែលបានក្លាយជាឈ្មោះថ្មីថា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» មិន​មែនជាការរំលឹកព្រឹត្តិការណ៍ធម្មតាទេ។ វាជាការបញ្ជាក់ម្តងទៀតនូវ សេចក្តីក្លាហាន សាមគ្គីរូបរួមគ្នាអំណាចស្មារតី និងសេចក្តីស្រឡាញ់ជាតិ ដែលជាតិខ្មែរ បាន​ធ្វើជាបន្ត​បន្ទាប់តាំងពីថ្ងៃនោះមក។

ពលិកម្មរបស់យុទ្ធជនជារៀមច្បង ដែលបានធ្វើពលិកម្មជីវិតក្នុងភាពក្លាហាន ដើម្បី​រំដោះ​ជាតិមាតុភូមិ ពិតជាក្លាយជាមេរៀនមួយដ៏អស់កល្បជានិច្ច សម្រាប់ប្រជាជាតិ​ខ្មែរ​​ដែលតែងចងចាំនិងយកធ្វើជាគំរូមិនអាចបំភ្លេចបានឡើយ។ មហាពលិកម្មក្នុងការ​រំដោះប្រទេសឱ្យចេញរួចផុតពីអំពើកាប់សម្លាប់រង្គាលនោះ បន្តបំផុសស្មារតីជាតិ ដែល​ធ្វើឱ្យយុវជនខ្មែរជំនាន់ក្រោយមានទឹកចិត្តមុតមាំ មិនខ្លាចខ្មាំងសត្រូវ ឈរជាកម្លាំង​សសរ​ជាតិដ៏រឹងមាំ ប្តេជ្ញាការពារជាតិមាតុភូមិ មិនឱ្យបាត់បង់ទៅឡើយ។

ក្នុងឱកាសនោះ លោកបណ្ឌិតអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់អំពើព្រៃផ្សៃ​កុំ​ឱ្យវិលត្រឡប់មកវិញម្ដងទៀតនៅកម្ពុជា និងត្រូវចងចាំនូវអ្វីដែល​ជាសច្ចធម៌​ប្រវត្តិ​សាស្ត្រ ក៏ដូចជាសមិទ្ធផលដែលកើតមានបន្ទាប់ពីបង្ការណៈសិរ្សសង្គ្រោះជាតិកម្ពុជា ២ធ្នូ ១៩៧៨ ហើយបន្ទាប់មកទៀតត្រូវចងចាំនៅស្មារតីទិវាជ័យជំនះ ៧ មករា ជាប់​ក្នុងចិត្តជានិច្ច។

ជំនួសមុខឱ្យប្រជាពលរដ្ឋនៅស្រុកសូទ្រនិគមទាំងអស់ លោកបណ្ឌិតសម្ដែងនូវ​កត្តញ្ញូតាធម៌ជូនចំពោះសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស​ក្រុមប្រឹក្សាជា​តិ​រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គណៈអធិបតីកិត្តិយសរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន​ព្រឹទ្ធសភា ដែលជាអគ្គស្ថាបនិករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានធ្វើ​បលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន៕