វិភាគអន្តរជាតិ៖ អ្វីទៅជាគោលដៅនៃដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅឥណ្ឌា?
02-12-2025 20:35
(ញូវដែលី)៖ នៅក្រោមក្រសែភ្នែកតាមមើលរបស់សហរដ្ឋអាមេរិក ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ក្នុងសប្ដាហ៍នេះដើម្បីបើកកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី។ ក្រុមអ្នកជំនាញបានព្យាករថារបៀបវារៈកំពូលនៃជំនួបរវាងមេដឹកនាំទាំង២ នោះគឺជាការបញ្ជាក់ឡើងវិញពីទំនាក់ទំនងរឹងមាំទាំងផ្នែកថាមពល និងវិស័យការពារជាតិរវាងរុស្ស៉ី និងឥណ្ឌា។ លោក ពូទីនក៏នឹងត្រូវចូលរួមដែរក្នុងកិច្ចប្រជុំកំពូលឥណ្ឌា-រុស្ស៉ីប្រចាំឆ្នាំលើកទី២៣ អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រសប្ដាហ៍នេះ។
ដំណើរទស្សនកិច្ចរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តកាលពីខែសីហាកន្លងទៅ ដំឡើងពន្ធគយ៥០ភាគរយលើទំនិញនាំចូលពីឥណ្ឌាក្នុងនោះរួមមានពន្ធគយ ២៥ភាគរយជាការដាក់ទណ្ឌកម្មលើទីក្រុងញូវដែលីសម្រាប់ការបន្តទិញប្រេងពីរុស្ស៉ី។ លោក ពូទីនបានធ្វើដំណើរទស្សនកិច្ចលើកចុងក្រោយបំផុតទៅកាន់ឥណ្ឌាកាលពីខែធ្នូ ឆ្នាំ២០២១ តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុននឹង រុស្ស៉ីបើកធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ ឥណ្ឌាមិនបានថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ីជាសាធារណៈទេ ប៉ុន្តែបានអំពាវនាវឱ្យមានកិច្ចសន្ទនា និងមធ្យោបាយតាមផ្លូវការទូតដើម្បីបិទបញ្ចប់សង្រ្គាមដែល បានផ្ទុះឡើងតាំងតែពីខែកុម្ភៈ ឆ្នាំ២០២២មក។ កាលពីឆ្នាំ២០២២ លោក ម៉ូឌីបានប្រាប់លោក ពូទីន នៅខាងក្រៅកិច្ចប្រជុំកំពូលមួយនៅអ៊ូសបេគីស្ថានថា «យុគសម័យសព្វថ្ងៃមិនមែនជាយុគសម័យសង្រ្គាមនោះទេ»។ ប៉ុន្តែមិនថាលោក ម៉ូឌីនិយាយអ្វីក៏ដោយ ក៏ឥណ្ឌានៅតែបន្តទិញប្រេងក្រោមការលក់បញ្ចុះតម្លៃពីរុស្ស៉ី បើទោះទីក្រុងញូវដែលីកាលពីពេលថ្មីៗនេះ បានកាត់បន្ថយការទិញប្រេងពីរុស្ស៉ីដោយសារតែលោក ត្រាំ ប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងធំ២ របស់រុស្ស៉ីគឺ Rosneft និង Lukoil។
តាមក្រុមអ្នកជំនាញ លោក ពូទីនត្រូវបានរំពឹងថានឹងជំរុញឱ្យឥណ្ឌាបន្តទិញប្រេងពីរុស្ស៉ី រីឯទីក្រុងញូវដែលីទំនងជានឹងគូសបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តចំពោះទំនាក់ទំនងថាមពលរបស់ខ្លួនជាមួយរុស្ស៉ី។ ម្យ៉ាងវិញទៀត តាមរយៈដំណើរទស្សនកិច្ចរបស់លោក លោក ពូទីនចង់បញ្ជូនសារទៅកាន់លោកខាងលិចថា «ឃើញទេ! ទីក្រុងមូស្គូ និងទីក្រុងញូវដែលីកំពុងបង្ហាញថាពួកគេជាដៃគូដ៏រឹងមាំ។ ឥណ្ឌាអាចបញ្ជូនសារទៅកាន់លោក ត្រាំ ដែលកំពុងល្អូកល្អិនជាមួយប៉ាគីស្ថានដែលជាសត្រូវរបស់ឥណ្ឌាថាខ្លួននៅតែបន្តទទួលបានការគាំទ្រពីរុស្ស៉ី និងបច្ចេកវិទ្យាអាវុធទំនើបៗ ខណៈរុស្ស៉ីចង់បង្ហាញថាទោះជាត្រូវបានផ្ដាច់ចេញពីលោកខាងលិច តែមូស្គូអាច រក្សាទំនាក់ទំនងកក់ក្ដៅជាមួយមហាអំណាចមួយកំពុងរះឡើងដូចជាឥណ្ឌា។
តែទោះជាបែបនេះក្ដី បរិយាកាសសព្វថ្ងៃ មិនអំណោយផលសម្រាប់បណ្ដាក្រុមហ៊ុនឥណ្ឌាដែលកំពុងរកស៊ីជាមួយរុស្ស៉ីឡើយ។ លោក Harsh V. Pant ជាអនុប្រធាននៃមូលនិធិ Observer Research Foundation បានប្រាប់សារព័ត៌មាន Nikkei Asia ថា «នៅទីបំផុតទៅ វាជាបញ្ហារបស់បណ្ដាក្រុមហ៊ុនដែលកំពុងទិញប្រេង។ ប្រសិនបើពួកគេមានបញ្ហាជាមួយ logistics ធនាគារ ឬហិរញ្ញវត្ថុ នោះការទិញនឹងមិនអាចធ្វើទៅកើតទេ»។ ក្រុមហ៊ុនឥណ្ឌា Reliance Industries កាលពីខែវិច្ឆិកាបាននិយាយថាខ្លួនបានបញ្ឈប់ការនាំចូលប្រេងឆៅពីរុស្ស៉ីយកទៅចម្រាញ់បន្តនៅឯរោងចក្ររបស់ខ្លួនស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌា។ លោក Pant បានបន្ថែមថា «ជានិមិត្តរូប ដំណើរទស្សនកិច្ចរបស់លោក ពូទីន មានសារៈសំខាន់ដោយសារតែបរិយាកាសភូមិសាស្ត្រនយោបាយសព្វថ្ងៃដែលយើងកំពុងឆ្លងកាត់់ និងដោយសារតែរុស្ស៉ីបានក្លាយជាហេតុផលមួយដែលធ្វើឱ្យលោក ត្រាំ រករឿងឥណ្ឌា។ ដូច្នេះក្នុងបរិបទបែបនេះ វានឹងក្លាយជាឱកាសមួយឱ្យឥណ្ឌាបញ្ជាក់ឡើងវិញពីយុទ្ធសាស្ត្រស្វ័យភាពរបស់ខ្លួន ហើយនិយាយថាមើលចុះយើងនៅតែបន្តឱ្យតម្លៃលើភាពជាដៃគូរបស់យើងជាមួយរុស្ស៉ី មិនថាសហរដ្ឋអាមេរិកនិយាយអ្វីនោះទេ»។
តាមលោក Pant និយាយជារួម ការរក្សាទំនាក់ទំនងឥណ្ឌា និងរុស្ស៉ីកុំឱ្យរង្គោះរង្គើរដែលនេះមានសារៈសំខាន់បំផុតចំពោះទីក្រុងមូស្គូដែលកំពុងប្រេះឆាជាមួយលោកខាងលិច និងក្នុងពេលដែលរុស្ស៉ីកំពុងស្ថិតក្រោមឥទ្ធិពល របស់ចិន។ ក្រៅពីវិស័យថាមពល ការពិភាក្សាអំពីទំនាក់ទំនងការពារជាតិក៏ត្រូវបានរំពឹងថានឹងក្លាយជារបៀបវារៈដ៏សំខាន់នៃដំណើរទស្សនកិច្ចរបស់លោក ពូទីនដែរ ខណៈរុស្ស៉ីនៅតែជាដៃគូខាងវិស័យការពារជាតិដ៏សំខាន់ សម្រាប់ឥណ្ឌា។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថាអ្វីដែលត្រូវផ្តោត គឺអនាគតនៃការទិញប្រព័ន្ធខែលប្រឆាំងមីស៊ីល S-400 ពីរុស្ស៉ី។ ទីក្រុងញូវដែលីបានទិញប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះ៣ឈុតរួចទៅហើយ និង២ឈុតទៀតត្រូវបានរំពឹងថានឹងត្រូវប្រគល់នៅដំណាច់ឆ្នាំក្រោយ ក្រោមកិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៨។ ឥណ្ឌាក៏ត្រូវបានរាយការណ៍ថាកំពុងពិចារណាចូលរួមក្នុងការផលិតយន្ដហោះចម្បាំងបំបាំង កាយជំនាន់ទី៥ Su-57 ជាមួយរុស្ស៉ីផងដែរ។
លោក Rahul K. Bhonsle ជានាយកក្រុមហ៊ុនប្រឹក្សាយោបល់ Security Risks Asia បាននិយាយថា «មានការសង្ស័យជាច្រើនអំពី...យន្ដហោះចម្បាំង Su-57 និងការទិញ S-400 បន្ថែម។ ខ្ញុំមិនដឹងទេថាតើ កិច្ចពិភាក្សារីកចម្រើនដល់ណា...តែខ្ញុំមិនគិតនោះទេថាអាចនឹងមានកិច្ចព្រមព្រៀងអាវុធដ៏ធំមួយរវាងភាគីទាំង២»។ តាមអ្នកជំនាញរូបនេះ រឿងមានដែលអាចនឹងកើតឡើង ប្រហែលជាការធ្វើបច្ចុប្បន្នភាពកងយន្ដហោះចម្បាំង Su-30MKI របស់កងទ័ពអាកាសឥណ្ឌា។ ចំណែក លោក Sanjay Kumar Pandey វិញជាសាស្រ្តាចារ្យម្នាក់មកពីមជ្ឈមណ្ឌាសម្រាប់ការសិក្សាពីរុស្ស៉ី និងអាស៊ីកណ្ដាលនៃសាកលវិទ្យាល័យ Jawaharlal Nehru University (JNU) បានកត់សម្គាល់ថាទំនាក់ទំនងវិស័យការពារជាតិរវាងឥណ្ឌា និងរុស្ស៉ីគឺជាឆ្អឹងខ្នងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី បើទោះជាមានភាពមិនច្បាស់លាស់មួយចំនួនបានកើតឡើង នៅបន្ទាប់ពីរុស្ស៉ីឈ្លានពាន អ៊ុយក្រែនក៏ដោយ។ លោកបន្តថា «នៅពេលពាណិជ្ជកម្មថាមពលរវាងឥណ្ឌា និងរុស្ស៉ីកើនឡើង ពាណិជ្ជកម្មអាវុធបែរជាកំពុងដើរតាមពីក្រោយទៅវិញ។ នេះក៏ព្រោះតែរុស្ស៉ីត្រូវការប្រព័ន្ធអាវុធមួយចំនួនទុកសម្រាប់ប្រើខ្លួនឯង ដែរ»។ ជាឧទាហរណ៍៖ រុស្ស៉ីមិនទាន់អាចប្រគល់ប្រព័ន្ធខែលប្រឆាំងមីស៊ីល S-400 នៅសល់២ឈុត ក្នុងចំណោម៥ឈុតទៅឱ្យឥណ្ឌាឡើយ។ តាមលោក Pandey នឹងមានកិច្ចពិភាក្សា និងការប្រកាសអំពី កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ប៉ុន្តែលោកមិនគិតនោះទេថាកិច្ចព្រមព្រៀងទិញជាក់ស្ដែងនឹងត្រូវបានចុះហត្ថលេខាអំឡុងទស្សនកិច្ចរបស់លោក ពូទីន។
តាមលោក Bhonsle សង្រ្គាមអ៊ុយក្រែនក៏នឹងទំនងជាលេចឡើងជាប្រធានបទមួយអំឡុងកិច្ចចរចារវាងលោក ពូទីន និងលោក ម៉ូឌីដែរ។ លោក ម៉ូឌីត្រូវបានរំពឹងថានឹងអំពាវនាវសាជាថ្មីឱ្យមានដំណោះស្រាយដើម្បីបញ្ចប់ សង្រ្គាមនៅអ៊ុយក្រែនតាមផ្លូវការទូត ដ្បិតសង្រ្គាមអ៊ុយក្រែនមិនត្រឹមតែបង្កផលប៉ះពាល់ដល់រុស្ស៉ី និងអ៊ុយក្រែនប៉ុណ្ណោះទេ តែក៏ប៉ះពាល់ដល់ពិភពលោកទាំងមូលក្នុងនោះមានទាំងឥណ្ឌាដែរ។ យ៉ាងណាក៏ដោយ លោក Pandey យល់ថា «សារបញ្ជូនចេញពីដំណើរទស្សនកិច្ចរបស់លោក ពូទីន ពិតជាមានសារៈសំខាន់ នោះគឺសារទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប ចិន រួមទាំងប៉ាគីស្ថានផងនោះថាទំនាក់ទំនងរវាងឥណ្ឌា និងរុស្ស៉ី នៅតែបន្តដើរនៅលើផ្លូវតែមួយ»៕












