រដ្ឋមន្ត្រី ជា វ៉ាន់ដេត អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

02-12-2025 22:12

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Jack Myint នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ដីគោក និងភារៈធារីស្ដីទីរបស់ស្ថានទូតអាមេរិកនៅកម្ពុជា លោកស្រី Bridgette Walker និងក្រុមហ៊ុនអាមេរិកចំនួន ១២ ដើម្បីជួបសម្ដែងការគួរសមនិងពិភាក្សាការងារ។

ក្នុងជំនួបនេះ សហប្រធានគណៈប្រតិភូទាំងពីររូបបានថ្លែងអំណរគុណលោករដ្ឋមន្ត្រីចំពោះការទទួលស្វាគមន៍ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តបន្តកិច្ចសហការ ជាពិសេសក្រោយពេលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីពន្ធបដិការជាមួយសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានចែករំលែកអំពីទស្សនវិស័យរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ដោយផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សជាសសរស្ដម្ភ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានចែករំលែកដល់ក្រុមហ៊ុនដែលបានចូលរួមបានដឹងអំពីវឌ្ឍនភាពសំខាន់ៗនៃការកសាងទំនុកចិត្តឌីជីថលនៅកម្ពុជា ជាពិសេសលើផ្នែកសន្តិសុខសាយប័រនិងកិច្ចការពារទិន្នន័យបុគ្គល។

ក្នុងឱកាសនេះដែរ លោក Jack Myint បានណែនាំសមាសភាពទីប្រឹក្សាយុទ្ធសាស្ត្រប្រតិបត្តិថ្មីរបស់ US-ABC ប្រចាំនៅកម្ពុជា ដែលជាវត្តមានលើកដំបូងនៃបុគ្គលិក US-ABC ប្រចាំនៅកម្ពុជាផ្ទាល់ក្នុងប្រវត្តិបួនទសវត្សរ៍របស់ខ្លួន។

លោករដ្ឋមន្ត្រី បានចូលរួមអបអរសាទរការចូលកាន់តួនាទីថ្មីរបស់ទីប្រឹក្សាយុទ្ធសាស្ត្រ US-ABC និងបង្ហាញការគាំទ្រដល់បេសកកម្មថ្មីរបស់លោក៕