CMAC រកឃើញគ្រាប់បែកចង្កោម ២៥គ្រាប់ ប្រភេទ M46 បាញ់ចេញពីគ្រាប់កាំភ្លេីងធំ១៥៥មីលីម៉ែត្រ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល (Video inside)
02-12-2025 22:47
(ឧត្តមានជ័យ)៖ នៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងអង្គភាព CMAC បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាម ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ជាតំបន់គ្រាប់បែកចង្កោម ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរុករកឃើញគ្រាប់បែកចង្កោមចំនួន២៥គ្រាប់ ប្រភេទM46 បាញ់ចេញពីគ្រាប់កាំភ្លេីងធំ១៥៥មម។
សូមបញ្ជាក់ថា ក្រៅពីអនុសញ្ញាអន្តរជាតិនៃហាមឃាត់ប្រេីប្រាស់អាវុធនុយក្លេអ៊ែរ មានអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន៣ទៀតត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់និងរឹតបន្តឹងហាមប្រេីប្រាស់ក្នុងការធ្វេីសង្គ្រាមរួមមាន៖
១. អនុសញ្ញាអន្តរជាតិហាមប្រាមការប្រេីប្រាស់អាវុធគីមី (កម្ពុជា+ថៃ) ជារដ្ឋភាគី
២. អនុសញ្ញាអន្តរជាតិហាមប្រាមការប្រេីប្រាស់គ្រាប់បែកចង្កោម (កម្ពុជា+ថៃ) មិនមែនជារដ្ឋភាគី ប៉ុន្តែកម្ពុជាមិនបានប្រេីប្រាស់ក្នុងសង្គ្រាមជាមួយថៃឡេីយ រីឯថៃបានប្រេីប្រាស់មកលេីកម្ពុជា។
៣. អនុសញ្ញាអន្តរជាតិហាមប្រាមការប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (កម្ពុជា+ថៃ) ជារដ្ឋភាគី។
សូមឆ្លៀតឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃទាំង៧៧ភូមិ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតជាមួយគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីៗនេះ ។
សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ មានកុមារ៉ា អាយុ១០ឆ្នាំម្នាក់ បានផ្ទុះគ្រាប់បែកចង្កោមបែបនេះស្លាប់និងឪពុករងរបួសធ្ងន់ធ្ងរ៕











