រដ្ឋមន្រ្តីសុខាភិបាល ក្រើនរំលឹក អ្នកដឹកនាំតាមឋានានុក្រមខិតខំ ដោះស្រាយបញ្ហានៅក្នុងសមត្ថកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់

02-12-2025 22:52

(ភ្នំពេញ)៖ ក្នុងឳកាសដឹកនាំវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដល់មន្ត្រីក្រោមឱវាទតាមប្រព័ន្ធ វីដេអូសន្និសីទ(Zoom) ជាង៣ពាន់នាក់ នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹក អ្នកដឹកនាំតាមឋានានុក្រមខិតខំ ដោះស្រាយបញ្ហានៅក្នុងសមត្ថកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងបន្តថា ថ្នាក់ដឹកនាំសុខាភិបាលត្រូវលះបង់កម្លាំងកាយនិងចិត្ត ចូលរួមបំពេញគ្រប់បេសកម្មរបស់វិស័យសុខាភិបាលក៏ដូចជាបេសកម្មរបស់ជាតិ។

លើសពីនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឺកពីមុខងារសំខាន់ៗរបស់អ្នកដឹកនាំក្នុងវិស័យសុខាភិបាលដែលរួមមាន (១) ធ្វើជាអ្នករំលឹកអោយមានសន្ទុះការងារជាប្រចាំ (២)ជាអ្នកការទូតដែលស្វះស្វែងរក និងការពារផលប្រយោជន៍របស់វិស័យសុខាភិបាល និង (៣)ត្រូវមានទេពកោសល្យក្នុងការពន្យល់ភាគីពាក់ពន្ធ័និងប្រជាជនអោយអោយបានយល់ពីការងារគ្រប់គ្រងសុខភាព។

ជាមួយគ្នានោះលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកចំនុចសំខាន់មួយបន្ថែមទៀត របស់អ្នកដឹកនាំវិស័យសុខាភិបាល ដែលអ្នកដឹកនាំគ្រប់រូបត្រូវនាំមកនូវរូបភាពល្អនៃភាពជាអ្នកដឹកនាំ គ្រប់ពេលវេលា (ទាំងអាកប្បកិរិយា សំដី និងខ្លឹមសារ) មកបង្ហាញជាសាធារណៈនៅក្នុងដំណើរនៃការដឹកនាំក្នុងគោលនយោបាយដែលត្រឹមត្រូវ។

លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា អ្នកដឹកនាំគ្រប់រូបត្រូវព្យាយាមចូលរួមទាំងកម្លាំងកាយនិងចិត្តនៅក្នុងគ្រប់បេសកម្មទាំងអស់របស់អង្គភាពរបស់ខ្លួន ហើយក៍ត្រូវបង្ហាញរូបភាពល្អនៃភាពជាអ្នកដឹកនាំនេះ ទាំងនៅក្នុងអង្គភាព ក្នុងវេទិការអន្តរអង្គភាព និងនៅលើឆាកអន្តរជាតិ។

សូមជម្រាបថាក្នុងវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដល់មន្ត្រីក្រោមឱវាទតាមប្រព័ន្ធ វីដេអូសន្និសីទ ក៏មានបទបង្ហាញចំនួន២ត្រូវបានរៀបចំ។ ក្រុមការងាររបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញពីសមិទ្ធិផលសុខាភិបាលក្នុងខេត្តបាត់ដំបង និង ក្រុមការងារនៃមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹងក៍បានបង្ហាញពីPDIA សម្រាប់ការបង្កើនសេវាពិគ្រោះជំងឺក្រៅរបស់មន្ទីរពេទ្យ៕