លោក ម៉ឹង សំផន ដឹកនាំក្រុមការងារគណបក្សស្រុកចន្ទ្រា ប្រារព្ធពិធីអបអបអរសាទរខួប៤៧ឆ្នាំ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ

03-12-2025 08:54

(ស្វាយរៀង)៖ លោក ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅស្រុកចន្ទ្រា ខេត្តស្វាយរៀងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ។

សូមបញ្ជាក់ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

ក្រោយប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូនេះ លោក ម៉ឹង សំផន និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា ខេត្តសា្វយរៀង ក៏បានពិសារបាយសាមគ្គីដើម្បីបញ្ជាក់អំពីសាមគ្គីភាពរបស់កូនខ្មែរ ក្នុងការរំលឹកគុណ និងអរគុណចំពោះទិវាកំណើត២ធ្នូនេះផងដែរ៕