កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ» នៅខេត្តសៀមរាប
03-12-2025 10:01
(សៀមរាប)៖ លោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តសកម្មភាពដ៏ជោគជ័យលើការអភិរក្ស និងគ្រប់គ្រងសត្វផ្សោតទឹកសាបនិងជីវចម្រុះ»។
សិក្ខាសាលាមានការចូលរួមពី កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម, លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការ, លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក LU Qizhi នាយកការិយាល័យកុលស៊ុលប្រចាំខេត្តសៀមរាប នៃស្ថានទូតចិន , លោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រនៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន តំណាងមកពីប្រទេសចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី រដ្ឋបាលជលផល សកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងមន្ទីរកសិកម្មខេត្តក្រចេះ និងស្ទឹងត្រែង តំណាងអង្គការដៃគូWWF សរុបអ្នកចូលរួមប្រមាណ៥០នាក់ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប រៀបចំដោយនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល គាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិពិសេស មេគង្គ-ឡាងឆាង។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ លោក ហាស់ សារ៉េត បានគូសបញ្ជាក់ថា កម្ពុជាប្តេជ្ញាបង្កើនចំនួនសត្វផ្សោតក្នុងដែនទឹកធម្មជាតិឡើងវិញ ព្យាយាមកាត់បន្ថយ អត្រាស្លាប់ឱ្យនៅកំរិតទាបបំផុត។ ជាលទ្ធផល «ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះករណីសត្វផ្សោតស្លាប់នៅកម្ពុជាពុំមានកើតឡើយ នេះជាជោគជ័យគួរជាទីមោទនៈ ក្នុងកិច្ចការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ»។
សមិទ្ធផលដ៏វិសេសវិសាលនេះ ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ អង្គការ WWF សហគមន៍នេសាទ ជាពិសេសឆ្មាំទន្លេដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនេះដែរ លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ថ្វីត្បិតកម្ពុជាទទួលបានជោគជ័យលើការការពារសត្វផ្សោតនេះក៏ពិតមែន ប៉ុន្តែភាពជោគជ័យនេះមានភាពផុយស្រួយនៅឡើយ។
បើតាមលោក ហាស់ សារ៉េត, សិក្ខាសាលាចែករំលែកពីបណ្តាប្រទេសចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី នាពេលនេះ គឺជាឱកាសដែលកម្ពុជាត្រូវសហការ និងរៀនសូត្រពីបណ្តាប្រទេសក្នុងតំបន់ ដើម្បីធានាបាននូវនិរន្តរភាព នៃភាពជោគជ័យនេះ។ កម្ពុជាក៏ចង់ឃើញភាពជោគជ័យលើការការពារ និងស្តារសត្វផ្សោតនេះនៅបណ្តាប្រទេសក្នុងតំបន់ ក៏ដូចនៅលើសកលលោកផងដែរ៕

















