និយ័តករបរធនបាលកិច្ច និងប្រតិភូវិភាគទានច្បាប់ ប្ដេជ្ញារួមគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត
03-12-2025 10:12
(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ បានទទួលការជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូវិភាគទានច្បាប់ ដឹកនាំដោយលោកស្រី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ និងសហអ្នកនិពន្ធ នៃគម្រោងសរសេរសៀវភៅ «នីតិសន្តតិកម្ម»។
ជំនួបនេះ រៀបចំឡើង ក្នុងគោលបំណងបញ្ចូលយន្តការ និងទស្សនទាននៃបរធនបាលកិច្ច ទៅក្នុងសៀវភៅនីតិសន្តតិកម្ម ដោយបន្ស៊ីរបបសន្តតិកម្មនៃក្រមរដ្ឋប្បវេណី ជាមួយបរធនបាលកិច្ចគ្រួសារ ក្នុងវិស័យបរធនបាលកិច្ច។
ជាលទ្ធផលនៃជំនួបនេះ និយ័តករបរធនបាលកិច្ច និងវិភាគទានច្បាប់ បានគាំទ្រឲ្យបន្តកិច្ចសហប្រតិបត្តិក្នុងក្របខណ្ឌ៖
១៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយសិក្សាលទ្ធភាព នៃការចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាង ន.ប.ធ. និងវិភាគទានច្បាប់
២៖ រៀបចំសិក្ខាសាសា ឬវគ្គបណ្តុះបណ្តាលអំពីច្បាប់ពាក់ព័ន្ធនឹងសន្តតិកម្ម និងបរធនបាលកិច្ចគ្រួសារឱ្យកាន់តែទូលំទូលាយ
៣៖ ទទួលនិស្សិតរបស់វិភាគទានច្បាប់ ចូលរួមការបណ្តុះបណ្តាលរបស់ ន.ប.ធ.ដើម្បីសិក្សាអំពីវិស័យបរធនបាលកិច្ច ក៏ដូចជា ការចែករំលែក និងផ្សព្វផ្សាយក្របខណ្ឌច្បាប់ ស្តីពីបរធនបាលកិច្ច ក្នុងកម្មវិធីនានារបស់វិភាគទានច្បាប់
៤៖ បង្កើតជំនួបប្រជុំពិភាក្សា ជាមួយក្រុមវិនិយោគិន ធុរជន អ្នកវិជ្ជាជីវៈសេរី និងបរធនបាល ពាក់ព័ន្ធនឹងសន្តតិកម្ម និងបរធនបាលកិច្ចគ្រួសារ៕




















