អភិបាលខេត្តកំពង់ធំ នាំយកស្រូវពូជរបស់រាជរដ្ឋាភិបាល ចែកជូនពលរដ្ឋជិត ១៥០០គ្រួសារ នៅក្រុងស្ទឹងសែន និងស្រុកសន្ទុក

03-12-2025 10:25

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ បានជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងចែកស្បៀង ស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នាពេលកន្លងមក នៅក្នុងភូមិសាស្ត្រស្រុកសន្ទុក ចំនួន ៤០៨គ្រួសារ និងក្រុងស្ទឹងសែន ចំនួន ៩៧៤គ្រួសារ ខេត្តកំពង់ធំ។

លោក នួន ផារ័ត្ន បានគូសបញ្ជាក់ថា ចំពោះបញ្ហាទឹកជំនន់ទឹកភ្លៀង នៅរដូវវស្សាឆ្នាំ២០២៥ បានធ្វើឱ្យប៉ះពាល់លើផ្ទៃដីបង្កបង្កើនផលស្រូវ ប៉ះពាល់លើភូមិដ្ឋានប្រជាពលរដ្ឋ និងខ្នងផ្ទះជាច្រើនខ្នង។ ជាការឆ្លើយតបបានទាន់ពេលវេលា និងជាយន្តការអន្តរាគមន៍ឆាប់រហ័ស ក្រោមការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យចុះតាមដានលើករណីគ្រោះទឹកជំនន់ឆ្នាំ២០២០៥នេះ បានរៀបចំក្រុមការងារអន្តរាគមន៍បន្ទាន់ ចុះដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលបង្កឡើងដោយទឹកជំនន់ទឹកភ្លៀង បានទាន់ពេលវេលាក្នុងភូមិសាស្ត្រស្រុកសន្ទុក និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់អាយុជីវិត។ ណែនាំដល់កូនចៅ និងយុវជនចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ សូមរក្សាសុខភាពឱ្យបានល្អ ព្រោះរដូវនេះជារដូវរងារ ធ្វើឱ្យប៉ះពាល់ដល់សុខភាព ត្រូវតែបរិភោគចំណីអាហារមានអនាម័យបីប្រការគឺ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការដាំដុះ ចិញ្ចឹមសត្វ និងប្រកបមុខរបរផ្សេងៗទៀត ទើបឱ្យជីវភាពគ្រួសារមានលក្ខណៈបានល្អប្រសើរ។

សូមបញ្ជាក់ផងដែរថា អំណោយរបស់គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅស្រុកសន្ទុកចំនួន ៤០៨គ្រួសារ និងក្រុងស្ទឹងសែន ចំនួន ៩៧៤ គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ ១បាវ ទឹកសុទ្ធ ១កេស មី ១កេស ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី ១យួរ និងត្រីខ ១យួរ ផងដែរ៕