អ្នកឧកញ៉ា គិត ម៉េង កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈការសន្ទនាបើកចំហ និងកិច្ចសហការយ៉ាងស្អិតរមួតជាមួយវិស័យឯកជន លើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា

03-12-2025 10:38

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសហប្រធាននៃយន្តការភាពជាដៃគូ អគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន បានកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានលោក គង់ វិបុល ជាថ្នាក់ដឹនាំ តាមរយៈការសន្ទនាបើកចំហ និងកិច្ចសហការយ៉ាងស្អិតរមួតជាមួយវិស័យឯកជន ក្នុងលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា។

ការបញ្ជាក់របស់អ្នកឧកញ៉ា គិត ម៉េង ធ្វើឡើងក្នុងឱកាសដឹកនាំសមាជិក សមាជិកជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា ចូលរួមជាសហដឹកនាំ ក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមពាក់ព័ន្ធនឹងពន្ធដារ និងការរៀបចំវេទិការស្តីពីពន្ធដារ ដែលសហដឹកនាំដោយលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ និងជាសហប្រធាននៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន តំណាងផ្នែករដ្ឋាភិបាល។

កម្មវិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងគ្រឹះស្ថាន សមាគម ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងយន្តការនៃភាពជាដៃគូ រវាងអគ្គនាយកដ្ឋានពន្ធដារ និងវិស័យឯកជន ដែលបានកសាងទំនុកចិត្តកាន់តែរឹងមាំរវាងស្ថាប័នរដ្ឋាភិបាល និងសហគមន៍អាជីវកម្ម ដោយរួមចំណែកដល់បរិយាកាសវិនិយោគ ដែលមានសុខភាពល្អ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព របស់ប្រទេសកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ការជួបជុំគ្នានៅថ្ងៃនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់តម្លាភាព ភាពអាចទស្សន៍ទាយបាន និងបរិយាកាសពន្ធដារដែលងាយស្រួលសម្រាប់ធុរកិច្ចនៅកម្ពុជា។

អ្នកឧកញ៉ា បានកោតសរសើរចំពោះអគ្គនាយកដ្ឋានពន្ធដារ (GDT) ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ខ្លួន ក្នុងការចូលរួមជាមួយវិស័យឯកជន តាមរយៈការសន្ទនាបើកចំហ និងកិច្ចសហការ។ ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានកោតសរសើរដល់ការបន្តធ្វើកំណែទម្រង់ និងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដាររបស់កម្ពុជា ទៅជាប្រព័ន្ធឌីជីថល កាន់តែមានតម្លាភាព ដែលបានលើកកម្ពស់ភាពងាយស្រួលនៃការទូទាត់ ប្រសិទ្ធភាព និងទំនុកចិត្តរបស់អ្នកវិនិយោគ។

អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា ឆន្ទៈរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការធ្វើការរួមគ្នាជាមួយសហគមន៍ធុរកិច្ច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនុកចិត្ត និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា។

អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់ថា វេទិកាពន្ធដារ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការពិភាក្សាប្រកបដោយស្ថាបនា ការដោះស្រាយបញ្ហា និងភាពជាដៃគូ។ លើសពីនេះ វេទិកានេះ ក៏អាចឱ្យយើងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងរបស់អាជីវកម្ម ការបញ្ជាក់ពីបញ្ហាអនុវត្តពន្ធដារ និងការផ្តល់ធាតុចូលគាំទ្រដល់កំណែទម្រង់គោលនយោបាយពន្ធដារផងដែរ។

អ្នកឧកញ៉ា បានបន្តថា ស្មារតីសហការដែលបានបង្កើតឡើងរវាងរដ្ឋាភិបាល និងវិស័យឯកជន រួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា ពិសេសឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង បានលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មពីតំណាងទាំងអស់មកពីវិស័យឯកជន ជួយចែករំលែកទស្សនៈ បញ្ហាប្រឈម និងអនុសាសន៍របស់ខ្លួន ដើម្បីជួយកែលម្អការគ្រប់គ្រងពន្ធដារតាមរបៀបដែលមានប្រសិទ្ធភាព យុត្តិធម៌ និងគាំទ្រដល់ការប្រកួតប្រជែងផ្នែកអាជីវកម្ម។

អ្នកឧកញ៉ាប្រធាន បានបង្ហាញសុទិដ្ឋិនិយមថា ការពិភាក្សាទាំងនេះនឹងនាំឱ្យមានលទ្ធផលប្រកបដោយស្ថាបនា ដែលមានប្រយោជន៍ដល់ទាំងអ្នកជាប់ពន្ធ និងសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះដែរ លោក គង់ វិបុល បានទទួលស្គាល់ពីសារៈសំខាន់របស់វិស័យឯកជន ក៏ដូចជា សភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ តាមរយៈយន្តការនៃភាពជាដៃគូរវាងអគ្គនាយកដ្ឋានពន្ធដារ និងវិស័យឯកជន ក្នុងការកែទម្រង់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់អ្នកធុរកិច្ច ពាក់ព័ន្ធវិស័យពន្ធដារ។

លោករដ្ឋមន្ត្រី គង់ វិបុល ក៏បានលើកឡើងអំពីដំណើរដ៏វែងឆ្ងាយនៃកិច្ចខិតខំប្រឹងកែទម្រង់របស់អគ្គនាយដ្ឋានពន្ធដារ ចាប់តាំងពីការប្រកាសពន្ធ និងការបង់ពន្ធទាំងអស់ត្រូវធ្វើនៅលើក្រដាស ឥឡូវបានផ្លាស់ប្តូរមកប្រើប្រព័ន្ធឌីជីថលដែលសន្សំសំចៃពេលវេលា កាត់បន្ថយភាពស្មុគស្មាញ និងកសាងទំនុកចិត្តសម្រាប់អ្នកវិនិយោគ។

ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់អំពីការបើកចំហរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការបន្តសហការយ៉ាងជិតស្និតជាមួយវិស័យឯកជន ក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា សំដៅធ្វើយ៉ាងណាបន្តការកែទម្រង់ និងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារឲ្យកាន់តែល្អប្រសើរ ក្នុងគោលបំណងធានាការផ្តល់សេវាពន្ធដារមានភាពងាយស្រួល មានតម្លាភាព និងប្រកបដោយទំនុកចិត្តខ្ពស់ ។

គិតចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បញ្ហាប្រឈមក្នុងវិស័យពន្ធដារដែលផ្នែកឯកជនបានលើកឡើងសរុបមានចំនួន ៥៦។ ក្នុងនោះបញ្ហាទាំងនោះមិនបានរាប់បញ្ចូលវិធានការទាំង ៥៦ ដែលបានដោះស្រាយរួចរាល់កាលពីឆ្នាំ២០២៤ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នោះទេ។
គួរបញ្ជាក់បន្ថែមថា ការរៀបចំវេទិកានេះនឹងក្លាយជាយន្តការមួយថ្មី ដើម្បីបំពេញបន្ថែមទៀតពីលើយន្តការនៃកិច្ចសហការជាមួយវិស័យឯកជន និងអ្នកជាប់ពន្ធដែលកំពុងអនុវត្តស្រាប់ជាធរមាន។

ក្នុងន័យនេះ បន្ទាប់ពីមានការរៀបចំ វេទិកាស្តីពីពន្ធដារ-Tax Forum យន្តការសហការជាមួយអ្នកជាប់ពន្ធពាក់ព័ន្ធនឹងពន្ធដារជាធរមានក៏មានផងដែរ រួមមាន៖
១. យន្តការ ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម ឃ) នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ដែលជាក្រុមការងារសម្រួលដល់ក្រុម ឃ ជាយន្តការទទួល ពិភាក្សា និងដោះស្រាយ បញ្ហាប្រឈម និងការស្រាយបំភ្លឺចំណុចនានា ពាក់ព័ន្ធនឹងពន្ធដារកម្រិតបច្ចេកទេស ជូនដល់សហគ្រាសជាអ្នកជាប់ពន្ធធំ ឬអ្នកជាប់ពន្ធមធ្យម ដែលយន្តការនេះត្រូវឆ្លងកាត់កិច្ចពិភាក្សា និងដោះស្រាយដោយលក្ខណៈបច្ចេកទេស។

២. យន្ដការ វេទិកាស្តីពីពន្ធដារ-Tax Forum ជាយន្តការលើកកម្ពស់ការ យល់ដឹង និងការផ្សព្វផ្សាយការងារពាក់ព័ន្ធនឹងពន្ធដារ ជូនអ្នកជាប់ពន្ធពីគ្រប់ស្រទាប់ទាំងអស់ ដែលរួមមាន សហគ្រាសអាជីវកម្ម, សហគ្រាសអ្នកជាប់ពន្ធតូចនិងមធ្យម, សហគ្រាសមីក្រូ, សហគ្រាសស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, និងរូបវន្តបុគ្គលដែលជាប្រជាពលរដ្ឋទូទៅ ពោលគឺជាយន្តការផ្សព្វផ្សាយ អប់រំលក្ខណៈទូលាយ៕