ធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ពិភាក្សាពីវឌ្ឍនភាពសេដ្ឋកិច្ច និងសក្តានុពលវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរឹងមាំ
03-12-2025 10:39
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃ US-ABC អមដោយមន្រ្តីការទូតនៃស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា។
គោលបំណងនៃជំនួបនេះ ធនាគារជាតិនៃកម្ពុជា និង US-ABC គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពសេដ្ឋកិច្ច និងសក្តានុពលវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរឹងមាំថែមទៀត។
កិច្ចពិភាក្សាក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អាមេរិក ការបន្តលើកកម្ពស់តម្លាភាព ក្នុងវិស័យធុរកិច្ច និងសុចរិតភាពហិរញ្ញវត្ថុ និងការបង្កើតបរិយាកាសវិនិយោគល្អ សម្រាប់ទាក់ទាញគម្រោងវិនិយោគសហរដ្ឋអាមេរិកនៅកម្ពុជាឱ្យបានកាន់តែច្រើន។
លោកស្រីបណ្ឌិត ជា សិរី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចធុរកិច្ចរបស់គណៈប្រតិភូ US-ABC មកកាន់កម្ពុជា និងបានជម្រាបជូនពីប្រវត្តិសេដ្ឋកិច្ចកម្ពុជា និងវឌ្ឍនភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
លោកស្រីបណ្ឌិតបានបង្ហាញពីសារៈសំខាន់នៃការសន្ទនា ដោយបើកចំហជាមួយគ្រប់ដៃគូសហការ រួមទាំងវិនិយោគិនសហរដ្ឋអាមេរិក។
លោកស្រីបណ្ឌិតក៏បានលើកឡើងទៀត ពីបទពិសោធជោគជ័យនៃការអភិវឌ្ឍប្រព័ន្ធទូទាត់បាគងរបស់កម្ពុជា ដោយមានកិច្ចសហការជាមួយវិស័យឯកជន ដែលជាឧទាហរណ៍គំរូសម្រាប់បង្ហាញវិនិយោគិនសហរដ្ឋអាមេរិក ពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាឱកាសក្នុងការបង្កើនកិច្ចសហការក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍។
លោក Ted Osius បានលើកឡើងពីកត្តាអំណោយផលនៃគោលនយោបាយគាំទ្រធុរកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងបញ្ជាក់ពីការទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចធិបតី និងការលើកទឹកចិត្តឱ្យមានការសន្ទនាដោយបើកចំហ។
បន្ថែមលើនេះ សមាជិកគណៈប្រតិភូ US-ABC ដែលជាតំណាងក្រុមហ៊ុនអាមេរិកធំៗកំពុងមានប្រតិបត្តិការនៅកម្ពុជា ក៏បានជម្រាបជូនពីវឌ្ឍនភាពនៃប្រតិបត្តិការនៅកម្ពុជា និងបញ្ជាក់ពីគម្រោងពង្រីកប្រតិបត្តិការថែមទៀតក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងបានថ្លែងអំណរគុណធនាគារជាតិនៃកម្ពុជា ដែលតែងផ្ដល់កិច្ចសហការនិងការគាំទ្រនាពេលកន្លងមក។
នាឱកាសនេះ ភាគីទាំងពីរក៏បានពិភាក្សាពីស្ថានភាពសេដ្ឋកិច្ច បញ្ហាប្រឈម និងទស្សនវិស័យសេដ្ឋកិច្ជកម្ពុជាផងដែរ៕














