តើសារព័ត៌មានថៃហ៊ានទទួលស្គាល់កម្សោយលើការផ្សាយរបស់ខ្លួនទេ ក្រោយពេលឧត្តមសេនីយ៍ឯក ស្រី ឌឹក បង្ហាញមុខ? (Video inside)
03-12-2025 11:08
(ព្រះវិហារ)៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានបង្ហាញមុខជាសាធារណៈនៅក្នុងពិធីប្រគល់អំណោយដល់កងទ័ព និងគ្រួសារកងទ័ពនៅទិសខេត្តព្រះវិហារ។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ម៉ែន សំអន។
ការបង្ហាញមុខជាសាធារណៈរបស់ឧត្តមសេនីយ៍ឯក ស្រី ឌឹក គឺជាការបញ្ចប់នូវមន្ទិល និងព័ត៌មានអកុសលទាំងឡាយ ដែលសារព័ត៌មានថៃ បានផ្សាយនាពេលកន្លងទៅ។
ក្រោយបញ្ចប់សង្គ្រាម៥ថ្ងៃ (២៤-២៨ ខែកក្កដា) នៅតាមព្រំដែនកម្ពុជា-ថៃ សារព័ត៌មានថៃទាំងទូរទស្សន៍ កាសែត និងអនឡាញ បានផ្សាយយ៉ាងខ្លាំងក្លាបំផុតនូវព័ត៌មានអកុសលថា លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានទទួលមរណភាពលើសមរភូមិ។
ការផ្សាយទាំងនេះ បានបង្កើតនូវមន្ទិលសង្ស័យមួយចំនួនលើសាធារណជនរបស់ខ្មែរ ហើយរហូតក្រុមប្រឆាំងក្រៅប្រទេសខ្លះ ចោទប្រកាន់ថា កម្ពុជាលាក់បាំងព័ត៌មានមរណភាពរបស់ឧត្តមសេនីយ៍ឯក ស្រី ឌឹក ថែមទៀតផង។
នៅពេលនេះអ្វីៗហាក់បានបង្ហាញច្បាស់លាស់ហើយ រូបភាពលោកឧត្តមសេនីយ៍ ស្រី ឌឹក ក្នុងពិធីប្រគល់អំណោយនោះ ជារូបពិតៗ មិនមែនជាការប្រឌិត ឬច្នៃដោយ AI នោះឡើយ (បញ្ជាក់ការពិតដោយ Fresh AI) ។ ក្រោយការពិតត្រូវបានបង្ហាញបែបនេះ ជាការឆ្លុះបង្ហាញឱ្យឃើញថា ការផ្សាយរបស់សារព័ត៌មានថៃនាពេលកន្លងទៅ ខ្វះការផ្ទៀងផ្ទាត់ និងខ្វះក្តីគោរពដល់ក្រឹត្យក្រមសារព័ត៌មាន ជាពិសេសបង្ហាញឱ្យឃើញពីកម្សោយនៃការផ្សាយរបស់សារព័ត៌មានតែម្តង។
ក្រោយការពិតត្រូវបានលាតត្រដាងបែបនេះហើយ តើបណ្តាញសារព័ត៌មានថៃ ដែលធ្លាប់បានផ្សាយព័ត៌មានអកុសលលើឧត្តមសេនីយ៍ ស្រី ឌឹក ហ៊ានផ្សាយបំភ្លឺ ឬហ៊ានទទួលស្គាល់នូវកម្សោយនៃការផ្សាយរបស់ខ្លួនដែរឬទេ?






