បេក្ខជនមកពីគ្រឹះស្ថានសិក្សាចំនួន៨ ចូលរួមប្រកួតប្រជែងជំនាញថ្នាក់ភូមិភាគ លើកទី១ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
03-12-2025 11:45
(ស្វាយរៀង)៖ លោកស្រី ឡាយ ផល្លីន អគ្គនាយករង អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តំណាងលោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញបើកកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ភូមិភាគ លើកទី១ ឆ្នាំ២០២៥ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។
កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ភូមិភាគនេះដែរ ក៏មានចូលរួមពីលោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង, លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, លោក ធួង សំណាង នាយកបេឡាជាតិ របបសន្តិសុខសង្គម សាខាខេត្តស្វាយរៀង, លោក ឃឹម បូរីយុទ្ធ ប្រធានមជ្ឈមណ្ឌលការងារ ខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋាន តំណាងដៃគូ អភិវឌ្ឍន៍ តំណាងក្រុមហ៊ុនឯកជន និងលោក-លោកស្រី ជាគណៈកម្មការរៀបចំ, គណៈកម្មការបច្ចេកទេស ក្រុមលេខាធិការដ្ឋាន ប្អូនៗបេក្ខជន និងសិស្ស និស្សិត ៣០០នាក់ផងដែរ។
ក្នុងឱកាសនោះ លោក មុត ចិន្តា បានថ្លែងថា ការប្រកួតប្រជែងជំនាញថ្នាក់ភូមិភាគ រៀបចំឡើងក្នុងគោលបំណងសំខាន់៤ គឺ៖
*ទី១៖ ជំរុញការប្រកួតប្រជែងជំនាញប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌
*ទី២៖ លើកកម្ពស់ការអភិវឌ្ឍគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងលើកតម្លៃការងាររបស់យុវជន និងអ្នកបច្ចេកទេស អ្នកប្រើប្រាស់ជំនាញ
*ទី៣៖ ពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ
*និង ទី៤៖ ផ្តល់ជាមធ្យោបាយទទួលស្គាល់គុណភាព សមត្ថភាព សម្រាប់ការងារល្អប្រសើររបស់ពលករ ជំនាញ អ្នកជំនាញបច្ចេកទេស។
លោកនាយកបានបន្តថា ការប្រកួតប្រជែងជំនាញថ្នាក់ភូមិភាគ លើកទី១ ឆ្នាំ២០២៥ មានរយៈពេលបីថ្ងៃ បេក្ខជនសរុបចំនួន៣៦រូប (ស្រីចំនួន១៦រូប) មកពីគ្រឹះស្ថានសិក្សាចំនួន៨ ចូលរួមប្រកួតប្រជែងលើ ៤ជំនាញ៖
*ទី១៖ ជំនាញតបណ្តាញអគ្គិសនីបេក្ខជនចំនួន ៩រូប (ស្រី២រូប)
*ទី២៖ ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច មានបេក្ខជនចំនួន ៥រូប (ស្រី០រូប)
*ទី៣៖ ជំនាញរចនាគេហទំព័របេក្ខជនចំនួន ៨រូប (ស្រី៤រូប)
*ទី៤៖ ជំនាញរចនាក្រាហ្វិកបេក្ខជនចំនួន១៤រូប (ស្រី១០រូប)។
លោកបានបន្ថែមថា ក្នុងកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ភូមិភាគឆ្នាំនេះ មានគ្រឹះស្ថានសិក្សា៨ រួមមាន៖
*ទី១៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង មានបេក្ខជនសរុប១៤រូប ស្រីចំនួន៦រូប លើ៤ជំនាញ
*ទី២៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម មានបេក្ខជនសរុប ៧រូប ស្រីចំនួន៤រូប លើ៤ជំនាញ
*ទី៣៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន មានបេក្ខជនសរុប ៣រូប ស្រីចំនួន២រូប លើ២ជំនាញ
*ទី៤៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង មានបេក្ខជនសរុប ១រូប ស្រី០រូប លើ១ជំនាញ
*ទី៥៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង មានបេក្ខជនសរុប ៥រូប ស្រី១រូប លើ៤ជំនាញ
*ទី៦៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ មានបេក្ខជនសរុប២រូប ស្រី១រូប លើ២ជំនាញ
*ទី៧៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី មានបេក្ខជនសរុប២រូប ស្រី០រូប លើ២ជំនាញ
* ទី៨៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគីរី មានបេក្ខជនសរុប២រូប ស្រី២រូប លើ២ជំនាញ។
លោកបានបញ្ជាក់ថា បេក្ខជន ដែលជាប់ចំណាត់ថ្នាក់ទទួលបានមេដាយនឹងត្រូវ ទទួលបានរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ដែលមេដាយមាស ទទួលបានប្រាក់រង្វាន់ចំនួន ១.៥០០.០០០ រៀល មេដាយប្រាក់ ទទួលបានប្រាក់រង្វាន់ ១.០០០.០០០រៀល និងមេដាយសំរឹទ្ធិ ទទួលបានរង្វាន់ ៥០០.០០០រៀលផងដែរ។
លោកស្រី ឡាយ ផល្លីន បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្នុងនាមលោកស្រីផ្ទាល់សូមសម្តែងនូវការកោត សរសើរ និងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា ដោយសហការ ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, គណៈកម្មការសម្រាប់ការរៀបចំការប្រកួតប្រជែង ជំនាញ និងគ្រប់ភាគីពាក់ព័ន្ធក្នុងការដឹកនាំ និងសម្របសម្រួលរៀបចំ «ការប្រកួតប្រជែងជំនាញថ្នាក់ភូមិភាគ លើកទី១- នាថ្ងៃនេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ លោកស្រីបានលើកទឹកចិត្តក្មួយៗជាបេក្ខជន ខិតខំប្រឹងប្រែងប្រើប្រាស់ឱ្យអស់នូវសមត្ថភាព ចំណេះដឹង ជំនាញ ទេពកោសល្យ និងភាពប៉ិនប្រសប់របស់ខ្លួន ក្នុងការប្រកួតប្រជែងដណ្តើមជ័យលាភី ដោយ ត្រូវគោរព និងអនុវត្តទៅតាមលក្ខន្តិកៈ និងការណែនាំរបស់គណៈកម្មការសម្រាប់ការប្រកួតប្រជែង។
បន្ថែមលើសពីនេះ លោកស្រីបានណែនាំដល់គណៈកម្មការសម្រាប់ការប្រកួតប្រជែង ត្រូវគោរពទៅតាមតួនាទីភារកិច្ចរបស់ខ្លួន និងត្រូវផ្តល់ នូវសុភវិនិច្ឆ័យដោយយុត្តិធម៌ដល់បេក្ខជនដែលបានចូលរួមប្រកួតប្រជែងជំនាញភូមិភាគតេជោសែនស្វាយរៀងនេះផងដែរ៕





























