មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ៖ ការរីកចម្រើនផ្លូវជនបទ កំពុងដើរស្របគន្លឹះអាទិភាពយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋនៅមូលដ្ឋាន

03-12-2025 12:56

(ភ្នំពេញ)៖ ពីមួយអាណត្តិទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលក្រួសល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង បានជាច្រើនខ្សែនៅទូទាំងប្រទេស ដែលកិច្ចខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធនេះ បាននឹងកំពុងដើរស្របទៅនឹងគន្លឹះអាទិភាព នៃយុទ្ធសស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ជាពិសេសនៅទីជនបទ។

ក្នុងឱកាសតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យវាយតម្លៃលើការងារថែទាំប្រចាំ និងការងារថែទាំខួបផ្លូវចំនួន២គម្រោង នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ការសម្រេចទៅបានចក្ខុវិស័យ ឆ្នាំ២០៣០ ប្រជាពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ពលរដ្ឋមានចំណូលខ្ពស់ ក៏មិនអាចកាត់ផ្ដាច់បាននូវការកសាងផ្លូវគមនាគមន៍ ហើយផ្លូវជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏ជាចំណែកដ៏សំខាន់ ក្នុងការចូលរួមធ្វើឱ្យសម្រេចបាននូវគោលដៅនេះ។

លោកបណ្ឌិតបានបន្តថា ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងយុទ្ធសាស្ត្រសំខាន់របស់ខ្លួន គឺកំពុងប្រឹងប្រែងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង។

ក្នុងឱកាសនេះ លោករដ្ឋលេខាធិការ បានបន្ថែមថា ចំពោះកិច្ចការងារអភិវឌ្ឍន៍ និងថែទាំផ្លូវនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងតែងតែចុះពិនិត្យនៅតាមបណ្តាខេត្តនានា លើការងារស្ថាបនាផ្លូវជនបទ ព្រោះផ្លូវមានសារៈសំខាន់ណាស់ ដើម្បីជំរុញដល់ចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែរីកចម្រើន។

លោកបណ្ឌិត នួន ដាញ៉ិល បានបន្ថែមថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាគន្លឹះដ៏សំខាន់ ដើម្បីគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ ដូច្នេះហើយបានជារាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍនៅតាមជនបទ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានោះគណៈកម្មការអន្តរក្រសួង ក៏បានស្នើទៅកាន់អាជ្ញាធរមូលដ្ឋានចូលរួមទប់ស្កាត់ការដឹកលើសទម្ងន់ ដែលធ្វើឱ្យផ្លូវឆាប់រងការខូចខាត ហើយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ និងអ្នកធ្វើដំណើរពីទីកន្លែងនានា សូមចូលរួមថែទាំ ដើម្បីធានាថាអាចប្រើប្រាស់បានយូរអង្វែង។

ក្នុងពេលទទួលបាននូវសមិទ្ធផលផ្លូវថ្មី ប្រជាពលរដ្ឋរស់នៅអមសងផ្លូវទាំង ២គម្រោង បានសម្ដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពួកគាត់ ហើយជួយលើកកម្ពស់កម្រិតជីវភាព ជាមួយនឹងការប្ដេជ្ញាខិតខំចូលរួមថែទាំផ្លូវ ដើម្បីប្រើប្រាស់បានយូរអង្វែង៕