រដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើឲ្យមន្រ្តី និងអាជ្ញាធរទាំងអស់ ចូលរួមជំរុញការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ

03-12-2025 13:17

(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅរដូវប្រាំងចាប់ពីខែធ្នូ ដល់ខែមេសា គុណភាពខ្យល់នៅតាមបណ្តាក្រុង ស្រុកទូទាំងខេត្តមានការធ្លាក់ចុះជាពិសេសកំណើនកំហាប់ភាគល្អិតនិចលអណ្តែត ក្នុងខ្យល់ (PM2.5 និង PM10) អាចមានកម្រិតលើសស្តង់ដាកំណត់ដែលជាហានិភ័យបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបន្ថែមថា ប្រភព និងសកម្មភាពសំខាន់ៗ ដែលបង្កឱ្យមានកំណើនកំហាប់ភាគល្អិតនិចលនេះរួមមាន៖ ភ្លើងឆេះព្រៃ ការដុត វាលស្មៅ ការដុតសំណល់កសិកម្ម ការដុតរានព្រៃ ការដុតគល់ជញ្ជាំង ការដុតសំរាម សំណល់រឹង និងសំណល់ ប្លាស្ទិកនៅទីចំហ ការឆេះនៅទីលានចាក់សំរាម និងការបញ្ចេញផ្សែងពីរោងចក្រ ឧស្សាហកម្ម និងយានយន្ត ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។

ក្នុងន័យនេះ ដើម្បីការពារ និងទប់ស្កាត់បញ្ហាបំពុលខ្យល់នៅតាមក្រុង ស្រុកនីមួយៗរដ្ឋបាលខេត្តស្នើមន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក ជំរុញការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ដូចខាងក្រោម៖

*ទី១៖ អប់រំ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជាំង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅទីចំហ
*ទី២៖ ទប់ស្កាត់ការដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជាំង សំរាម សំណល់រឹង និងសំណល់ ប្លាស្ទិកនៅទីចំហ និងការឆេះទីលានចាក់សំរាម
*ទី៣៖ ទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារៈសំណង់
*ទី៤៖ ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ
*ទី៥៖ ត្រៀមមធ្យោបាយ សម្ភារៈ បរិក្ខារ ដើម្បីទប់ស្កាត់ ឬពន្លត់ភ្លើង ករណីមានការដុតវាលស្មៅ សំណល់ កសិកម្ម រានព្រៃ គល់ជញ្ជាំង និងការដុតសំណល់ផ្សេងៗទៀត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ណែនាំឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម អនុវត្តនូវវិធានការដូចខាងក្រោម៖

*ទី១៖ បញ្ឈប់ជាបន្ទាន់ការដុតកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទនៅក្នុងឡចំហាយ ឡកំដៅ ឬឡឥដ្ឋដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស
*ទី២៖ បញ្ឈប់ជាបន្ទាន់រាល់ការដុតសំណល់គ្រប់ប្រភេទនៅក្នុង និងក្រៅបរិវេណរោងចក្រ សហគ្រាស សិប្បកម្ម និងទីសាធារណៈ
*ទី៣៖ រៀបចំបំពាក់ប្រព័ន្ធសម្អាតផ្សែងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាថាការបញ្ចេញសារធាតុបំពុលខ្យល់ឆ្លើយតបតាមស្តង់ដាបញ្ចេញ។

ក្នុងករណីសង្កេតឃើញមានម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មមិនអនុវត្តទៅតាម វិធានការខាងលើ រដ្ឋបាលខេត្តស្នើឱ្យមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ចាត់វិធានការជាបន្ទាន់អនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយ មិនមានការលើកលែង៕