ប្រកាសលោក សុខ សីហា ចូលកាន់មុខតំណែងប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តស្វាយរៀង
03-12-2025 13:15
(ស្វាយរៀង)៖ លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញប្រកាសលោក សុខ សីហា ចូលកាន់មុខតំណែងប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តស្វាយរៀង ជំនួសលោក គង់ សេរីវុធ ដែលបានចូលនិវត្តន៍។
ពិធីប្រកាសនេះមានការចូលរួមពីលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សាអភិបាលខេត្ត និងលោក លោកស្រីជាប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្តប្រមាណ ១៥០នាក់។
លោក ប៉េង ពោធិ៍សា បានជំរុញឲ្យប្រធានមន្ទីរថ្មី បន្តកិច្ចសហការ និងខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមតួនាទីភារកិច្ច រួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យ ប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងខេត្តឲ្យកាន់តែមានការរីកចម្រើន ឆ្លើយតបទៅនឹងក្របខ័ណ្ឌ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានចាត់ទុកវិស័យនេះ គឺជាកត្តាលីករដ៏ចម្បង គាំទ្រដល់ដំណើរការឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្នុងការកសាងរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងការជំរុញធុរកិច្ចឌីជីថល ដូចមានគូសរំលេចនៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
លោក ខាយ ឃុនហេង បានថ្លែងថា ក្នុងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ លំដាប់ថ្នាក់ នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ទាំងក្នុងរយៈកាល នៃការដឹកនាំរបស់លោក គង់ សេរីវុធ អតីតប្រធានមន្ទីរដែលដល់អាយុចូលនិវត្តន៍ និងក្នុងអំឡុងពេល អន្តរកាលក្រោមការដឹកនាំរបស់លោកស្រី ស្រី វណ្ណរ៉េន កន្លងមក បានយកអស់កម្លាំងកាយចិត្ត ដឹកនាំអនុវត្តការងារតាមតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវ សហការ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធានាបាននូវនិរន្តភាព នៃការដឹកនាំការអនុវត្តការងារប្រៃសណីយ៍ និង ទូរគមនាគមន៍ ស្របតាមយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល គោលការណ៍ ផែនការយុទ្ធសាស្ត្ររបស់ក្រសួង ទិសដៅការងាររបស់រដ្ឋបាលខេត្ត និងផែនការការងាររបស់ មន្ទីរ ដោយទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ក្នុងការជំរុញការអភិវឌ្ឍ និងលើក កម្ពស់វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍នៅក្នុងខេត្ត ឲ្យមានការរីកចម្រើន ជាពិសេស ក្នុងការជួយសម្របសម្រួល និងចូលរួមសហការក្នុងការអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាប ករណីលួចលាក់ និងបង្កប់សារធាតុញៀននៅក្នុងកញ្ចប់បញ្ញើប្រៃសណីយ៍ ដែលធ្លាប់បាន កើតមានឡើងនៅក្នុងខេត្តរបស់យើងនាពេលកន្លងមក៕





























