អភិបាលខេត្តបាត់ដំបង អំពាវនាវឲ្យពលរដ្ឋទាំងអស់ ត្រូវមានស្មារតីជាតិនិយម ចូលរួមគាំទ្រផលិតផលខ្មែរឱ្យបានផុសផុល ដើម្បីសេដ្ឋកិច្ចខ្មែរកាន់តែរឹងមាំបន្ថែមទៀត
03-12-2025 13:27
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីអបអរ
សាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ ធ្នូ ២០២៥) ដែលប្រារព្ធធ្វើឡើង នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង។
ក្នុងឱកាសនោះ លោក សុខ លូ បានថ្លែងថា ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណង រំលឹកឡើងវិញនូវទិវា ជាប្រវត្តិសាស្ត្រនៃដំណើរចាប់ផ្ដើម រស់រានមានជីវិតឡើងវិញ របស់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា និងជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិ មកពីគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសរួបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើត «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដើម្បីដឹកនាំការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាពីគ្រោះមហន្តរាយ និងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
លោកបានសង្កត់ធ្ងន់ថា ជោគជ័យ និងក្តីសប្បាយរីករាយដែលយើងទទួលបាននៅថ្ងៃនេះគឺមានប្រភពពីស្មារតី២ធ្នូ និងជ័យជម្នះ៧មករាដ៏រុងរឿង ដែលបានបំភ្លឺផ្លូវ ក្នុងរយៈពេល៤៧ឆ្នាំកន្លងមក ហើយបច្ចុប្បន្ន យើងអាចឃើញច្បាស់នូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល លើគ្រប់វិស័យដ៏ច្រើនអនេក ដោយមានការចូលរួមចំណែកពីរណសិរ្ស ព្រមទាំងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ជូនជាតិមាតុភូមិ និងប្រជាជន។
ឆ្លៀតក្នុងឱកាសនេះលោក សុខ លូ បានអំពាវនាវដល់មន្រ្តីរាជការ អាជ្ញាធរ កងកម្លាំង អតីតយុទ្ធជន និវត្តន៍ជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីជាមួយភាគីថៃ ដោយផ្នែកលើច្បាប់អន្តរជាតិ។
លោក សុខ លូ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីជាតិនិយម ចូលរួមគាំទ្រផលិតផលខ្មែរឱ្យបានផុសផុល ដើម្បីសេដ្ឋកិច្ចខ្មែរកាន់តែរឹងមាំបន្ថែមទៀត។ លោកបានជំរុញឱ្យលោកគ្រូ-អ្នកគ្រូ ត្រូវបញ្ជ្រាបស្មារតីជាតិនិយមទៅកាន់សិស្សានុសិស្ស និងណែនាំឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ បង្កើនសមត្ថភាពឱ្យក្លាយជាធនធានមនុស្ស នៅក្នុងសង្គម ចៀសឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខផ្សេងៗ និងគោរពច្បាប់ចរាចរណ៍។
លោកក្រើនរំលឹកដល់មន្រ្តីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញយុទ្ធនាការអប់រំអនាម័យបរិស្ថាន កាត់បន្ថយការរំពងសំឡេង នៅតាមទីប្រជុំជន និងកន្លែងកម្សាន្តផ្សេងៗ ដែលនាំឱ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ។
លោក សុខ លូ បានរំលេចពីការអភិវឌ្ឍន៍ទីលានចាក់សំរាមស្ដង់នៅស្រុកបាណន់ ការសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកភ្លៀង នៅក្នុងក្រុងបាត់ដំបង ការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅស្រុកសង្កែ និងស្រុកឯកភ្នំ ដើម្បីរំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបង ធ្វើប្រព្រឹត្តកម្មមុនបញ្ចេញទៅប្រភពទឹកធម្មជាតិ ដែលការអភិវឌ្ឍន៍ទាំងអស់នេះ សំដៅបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋអ្នកក្រុងបាត់ដំបង។
ឆ្លើយតបនឹងការអភិវឌ្ឍន៍សមិទ្ធផលធំៗខាងលើនេះ លោក សុខ លូ សំណូមពរដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់សូមមេត្តាយោគយល់អធ្យាស្រ័យខ្ពស់ អត់ធ្មត់រយៈពេលខ្លី ខណៈរដ្ឋបាលខេត្តបាត់ដំបង ប្ដេជ្ញានឹងសាងសង់ផ្លូវក្នុងក្រុងបាត់ដំបងទាំងអស់ឡើងវិញ នៅពេលបញ្ចប់គម្រោងអភិវឌ្ឍន៍។
លោក សុខ លូ បានបង្ហើបពីទស្សនៈវិស័យអភិវឌ្ឍន៍ និងរៀបចំក្រុងបាត់ដំបង ឱ្យក្លាយទៅជាក្រុងមួយដែលមានភាពស្អាត បៃតង ស្មាត និងងាយស្រួលរស់
នៅប្រកបដោយផាសុខភាព ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ៕




































