រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់លើជនមានពិការភាព, មួយខែចំណាយជាង ២.៥លានដុល្លារ ចិញ្ចឹមជនមានពិការភាព (Video inside)
03-12-2025 15:19
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ទៅលើជនមានពិការភាពតាមរយៈការលើកកម្ពស់សិទ្ធិ សុខុមាលភាព ឱកាសការងារ ក៏ដូចជាការធានាដល់ការរស់នៅក្នុងជីវភាពសមរម្យ។ ក្នុងមួយខែរដ្ឋបានចំណាយជាង ២.៥លានដុល្លារអាមេរិក ជួយចិញ្ចឹមជនមានពិការរភាពតាមរយៈកម្មវិធីជាតិជំនួយសង្គម។
ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាទិវាជនមានពិការភាពលើកទី២៧ សម្រាប់កម្ពុជា និងលើកទី៤៣សម្រាប់ពិភពលោក។ ទិវានេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនមានពិការភាព។
ក្នុងសារលិខិតផ្ញើជូនជនរួមជាតិសម្រាប់ទិវានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់លើជនមានពិការភាព។ ក្នុងនោះក្រសួង ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ សម្រេចបាននូវកិច្ចការជាច្រើនពាក់ព័ន្ធនឹងជនមានពិការភាព មានដូចជាការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនមានពិការភាពដោយផ្តោតលើការលើកកម្ពស់សមភាព ការកាត់បន្ថយ និងលុបបំបាត់ ការរើសអើង បង្កើនការយល់ដឹងអំពីពិការភាពឱ្យកាន់តែទូលំទូលាយ ការរៀបចំនិងកែសម្រួលផាសុកវត្ថុ ការរស់នៅប្រកបដោយភាពសុខដុមរមនានិងភាពធន់ក្នុងសហគមន៍ បង្កើនការផ្ដល់ និងទទួលបាននូវឧបករណ៍ ទ្រទ្រង់រាងកាយសម្រាប់ការចល័តទីផ្ទាល់ខ្លួន ការធានាបាននូវការគោរពភាពជាឯកជនរបស់បុគ្គល ការផ្តល់ និងជួសជុលលំនៅឋាន ការគាំទ្រ និងលើកទឹកចិត្តឱ្យរៀបអាពាហ៍ពិពាហ៍ដើម្បីបង្កើតគ្រួសារ ការបង្កើត និងពង្រឹងគុណភាពអប់រំទាំងកម្មវិធីអប់រំបរិយាបន្ននិងអប់រំពិសេស ការផ្ដល់ និងការទទួលបានសេវាសុខភាព និងស្តារលទ្ធភាពពលកម្មដោយមិនគិតថ្លៃ និងមានលក្ខណៈគ្របដណ្តប់ ការលើកកម្ពស់ជីវភាពសមរម្យតាមរយៈការផ្ដល់ ឱកាសទទួលបានការងារ និងមុខរបរសមស្របទៅតាមចំណេះដឹងនិងជំនាញ ការលើកទឹកចិត្តនិងជំរុញការចូលរួម ក្នុងជីវភាពនយោបាយនិងឱកាសក្លាយជាអ្នកដឹកនាំ ការសម្របសម្រួលឱ្យមានការរៀបចំ និងចូលរួមសកម្មភាពសង្គមនានាដូចជា សិល្បៈ វប្បធម៌ សាសនា វិស្សមកាល លម្ហែកាយ និងកីឡា ការបង្កើនការផ្ដល់ និងការទទួលបានសេវាយុត្តិធម៌ ការចាត់វិធានការម៉ឺងម៉ាត់ចំពោះការបោះបង់ទារកមានពិការភាពជាការគោរពសិទ្ធិរស់រានមានជីវិត ការផ្ដល់អន្តរាគមន៍ទាន់ពេលវេលាទាំងមុនពេល អំឡុងពេលផ្នែកមនុស្សធម៌ បង្កើនភាពងាយស្រួលក្នុងការផ្ដល់ និងទទួលបាននូវឯកសារអត្រានុកូលដ្ឋានគ្រប់ប្រភេទ បង្កើនបរិយាកាសយ៉ាងទូលំទូលាយក្នុងការបញ្ចេញមតិយោបល់ និងឱកាសទទួលបានព័ត៌មានសង្គម ការចាត់ និងក្រោយពេលមានស្ថានភាពហានិភ័យ និងបន្ទាន់ អមនុស្សធម៌ បន្ទាបបន្ថោក ដែលរបាយការណ៍ដំបូងស្តីពីរាល់វិធានការផ្លូវច្បាប់ក្នុងការការពារ និងទប់ស្កាត់រាល់សកម្មភាពធ្វើបាប អំពើឃោរឃៅ ឬការដាក់ទារុណកម្ម ការកេងប្រវញ្ច រំលោភបំពាន និងអំពើហិង្សាជាដើម ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជានេះ ត្រូវបានសម្រេចដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ។
បន្ថែមពីលើនេះទៀតជាការរួមចំណែកក្នុងការលើកកម្ពស់វឌ្ឍនភាពសង្គម រាជរដ្ឋាភិបាលនីតិកាលទី៧ បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈយ៉ាងស្រួចស្រាវ និងស៊ីជម្រៅសម្រាប់ក្រសួង សា្ថប័នសាធារណៈនានា តាមរយៈការអនុវត្តវិធានការគន្លឹះចំនួន៣ គឺ(១) ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ (២) ការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់ គុណភាពការងារ និង(៣)ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។
គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ មានក្រសួង ស្ថាប័នចំនួន៤០ បានទទួលយកជនមានពិការភាពចូល បម្រើការងារសរុបចំនួន៧ ៥០២នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ១ ០៣៥នាក់ ជនមានពិការភាព កម្រិតធ្ងន់ចំនួន៣ ០៣៥នាក់ បើគិតជាភាគរយគឺស្មើនឹង២,៤៨%។
ដោយឡែក វិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា បានចុះបញ្ញិកានិងទទួលបានវិញ្ញាបនបត លើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានសរុបចំនួន៤៦៦ និងបានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន៦ ៩០៥នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ៥២៧នាក់។ សរុបទាំងក្រសួង ស្ថាប័នសាធារណៈ និងវិស័យឯកជននៅទូទាំងប្រទេស បានទទួលយកជនមានពិការភាពតាមអត្រាកំណត់នៃច្បាប់សរុបចំនួន១៤ ៤០៧នាក់ ឱ្យបម្រើការងារដោយទទួលបាន ប្រាក់ចំណូល និងអត្ថប្រយោជន៍សង្គមទៅតាម មុខតំណែង តួនាទី និងការងារ ស្របតាមសមត្ថភាព និង ទេពកោសល្យរៀងៗខ្លួន។
ក្នុងសារលិខិតនេះ បានឱ្យដឹងទៀតទៀតថា គិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណ កម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន ៣៥៥ ២៨០នាក់ ក្នុងនោះស្ត្រីចំនួន ១៧៤ ០១៣នាក់ ត្រូវបានកំណត់ អត្តសញ្ញាណតាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្ដល់បណ្ណសម្គាល់ជនមានពិការភាព បានចំនួន ២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន ១៤១ ០៨៥នាក់។ រាជរដ្ឋាភិបាលនឹងបន្តពង្រឹងប្រព័ន្ធកំណត់ អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ក្នុងគោលដៅកំណត់អត្តសញ្ញាណជនមានពិការភាពឱ្យបានគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
ប្រព័ន្ធនេះនឹងផ្តល់ទិន្នន័យគោលស្តីពីពិការភាពសម្រាប់ជាមូលដ្ឋានក្នុងការគិតគូរផ្នែកគោលនយោបាយគាំពារសង្គម និងសង្គមកិច្ចផ្សេងទៀតទៅតាមតម្រូវការជាក់ស្តែង និងទៅតាមវិស័យរៀងៗខ្លួន។ ជាក់ស្ដែងគិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ គ្រួសារគោលបានចុះឈ្មោះក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារចំនួន ៧១៧ ១៣២គ្រួសារ ក្នុងនោះជនមានពិការភាពដែលបានទទួលផលពីកម្មវិធីនេះមានចំនួន ៥៤ ៨១៩នាក់ ដោយបានចំណាយថវិកាប្រចាំខែចំនួន ១០ ៣២១ ៥០០ ០០០រៀល ស្មើទំហំប្រមាណ ២,៥៨០,៣៧៥ដុល្លារអាម៉េរិក។ ជាការកត់សម្គាល់ជនមានពិការភាពមួយនាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ ០០០រៀល ក្នុងករណីជនមានពិការភាពជាជនចាស់ជរាផងនិងមានផ្ទុកមេរោគអេដស៍ផងនោះ គាត់នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមគុណនឹង៣ដងក្នុងមួយខែ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្ត (១) ពង្រឹងយន្តការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ក្រីក្រ ដែលបានធ្វើសមាហរណកម្មទៅក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីធានាថា ក្រុមគោលដៅនេះទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលពិតប្រាកដ (២) ពង្រឹងយន្តការគាំពារពាក់ព័ន្ធនឹងពិការភាព ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធនសម្រាប់មន្ត្រីសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត ដែលត្រូវផ្តោតសំខាន់លើការស្ដារនីតិសម្បទា និង(៣) ពិនិត្យលទ្ធភាពក្នុងការគិតគូរផ្ដល់ការគាំពារដល់ជនមានពិការភាព ដែលជាសមាជិកនៃគ្រួសារងាយរងហានិភ័យ ទៅតាមលទ្ធភាពទ្រទ្រង់បាននៃថវិកាជាតិ។
គិតត្រឹមខែតុលា ឆ្នាំ២០២៥ បានផ្តល់សេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទជូនជនមានពិការភាពចំនួន ៧៧ ៣៣៤នាក់ ស្ត្រីចំនួន ២៥ ៥៨៦នាក់ ក្នុងនោះសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ៤០ ៦០៨នាក់ ស្ត្រី ៧ ៤៨៦នាក់ និងស្តារលទ្ធភាពពលកម្មវេជ្ជសាស្ត្រចំនួន៣៦ ៦៥៤នាក់៕










