យុវជនវ័យក្មេងមកពីវិទ្យាល័យនានា នៅកម្ពុជាជាង១៥០នាក់ បង្ហាញសមត្ថភាពជំនាញសរសេរកូដ ដើម្បីបង្កើតជាឧបករណ៍ឆ្លាតវៃ ជួយដោះស្រាយបញ្ហាកសិកម្ម បរិស្ថាន និងជីវភាពរស់នៅ

03-12-2025 15:30

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សហការជាមួយអង្គការស្វីសខនថាក់រៀបចំពិព័រណ៍ និងការប្រកួតប្រជែងកូដក្លឹប» (Code Club Showcase & Coding Challenge Day) ដើម្បីពីបង្ហាញសក្តានុពល និងការកសាងមូលដ្ឋានគ្រឹះការអប់រំចំណេះដឹងឌីជីថលសម្រាប់យុវជនកម្ពុជា ដោយក្នុងវេទិកានេះ យុវជនវ័យប្រមាណ១៥០ នាក់ ដែលពោរពេញដោយគំនិតច្នៃប្រឌិតមានឱកាសបង្ហាញសមត្ថភាពលើជំនាញសរសេរកូដ ដើម្បីបង្កើតជាឧបករណ៍ឆ្លាតវៃ (Smart Devices) ដែលអាចដោះស្រាយបញ្ហាកសិកម្ម បរិស្ថាន និងជីវភាពរស់នៅ។

កម្មវិធីនេះរៀបចំឡើងដោយគម្រោងគំនិតផ្ដួចផ្ដើមអំពីចំណេះដឹងឌីជីថល Digital Literacy Initiative (DLI) ក្រោមការឧបត្ថម្ភពី មូលនិធិដារីយូ (The Dariu Foundation) និងអនុវត្តដោយ អង្គការស្វីសខនថាក់ (Swisscontact) សហការជាមួយដៃគូជំនាញបច្ចេកទេស Tech for Kids Academy។

ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពនៃលទ្ធផលគម្រោងរយៈពេល ២ ឆ្នាំ (២០២៤-២០២៥)។ គម្រោងគំនិតផ្ដួចផ្ដើមអំពីចំណេះដឹងឌីជីថល Digital Literacy Initiative (DLI) បានដើរតួជាថ្នាលបណ្តុះបណ្តាលថ្នាក់កូដដល់សិស្សជាង ៤០០០នាក់ និងបង្កើតកូដក្លឹបចំនួន ៨ នៅតាមសាលានិងវិទ្យាស្ថានTVETគោលដៅ នៃខេត្ដសៀមរាបនិងបាត់ដំបង ដោយបម្លែងពួកគេពីអ្នកប្រើប្រាស់បច្ចេកវិទ្យា ឱ្យក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា។

អ្វីដែលសំខាន់ជាងជំនាញកូដ គឺគម្រោងនេះបានបណ្តុះបំណិនជីវិតដល់ពួកគេ។ តាមរយៈកូដក្លឹប (Code Clubs) សិស្សានុសិស្សបានរៀនពីរបៀបធ្វើការងារជាក្រុម ការទំនាក់ទំនង ការគិតបែបតក្កវិជ្ជា និងភាពក្លាហានក្នុងការបង្កើតអ្វីដែលថ្មី។ តាមរយៈស្នាដៃដែលដាក់ដាក់បង្ហាញក្នុងព្រឹត្តិការណ៍ មិនមែនគ្រាន់តែជាឧបករណ៍អេឡិចត្រូនិកទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្ត និងក្តីស្រមៃរបស់ពួកគេក្នុងការដោះស្រាយបញ្ហាសង្គម។

ក្នុងព្រឹត្តិការណ៍នេះ បានរៀបចំការប្រកួតជាលក្ខណៈបុគ្គល Coding Debugging Challenge ដោយតម្រូវឱ្យបេក្ខជនប្រើប្រាស់តក្កវិជ្ជា ដើម្បីស្វែងរក និងកែតម្រូវកំហុសកូដក្នុងកម្មវិធី Scratch និងការការប្រកួតជាក្រុម Micro:bit Wheel Robot Maze Challenge ដោយតម្រូវឱ្យសិស្សសរសេរកូដបញ្ជារ៉ូបូតឱ្យធ្វើដំណើរឆ្លងកាត់ទីលានខ្វាត់ខ្វែង (Maze) ដោយប្រើប្រាស់ភាពជាក់លាក់ និងការសហការគ្នា។

ក្នុងចំណោមគម្រោងរាប់រយរបស់សិស្សានុសិស្ស មានតែគម្រោងឆ្នើមចំនួន ១៥ ក្រុម ប៉ុណ្ណោះដែលត្រូវបានសម្រាំងមកដាក់បង្ហាញ។ ប្អូនៗបានធ្វើបទបង្ហាញយ៉ាងច្បាស់លាស់អំពីរបៀបប្រើប្រាស់ Micro:bit និង AI ដើម្បីបង្កើតជាឧបករណ៍ឆ្លាតវៃ (Smart Devices) ដែលអាចដោះស្រាយបញ្ហាកសិកម្ម បរិស្ថាន និងជីវភាពរស់នៅ។

បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃយ៉ាងសុក្រឹតលើគំនិតច្នៃប្រឌិត និងបច្ចេកទេស គណៈកម្មការបានរកឃើញម្ចាស់ជ័យលាភីរួមមាន៖ សម្រាប់ពានរង្វាន់គម្រោងឆ្នើម៖

* គម្រោងជ័យលាភី៖ បានទៅលើគម្រោង«Smart House» មកពី វិទ្យាល័យនេតយ៉ង់
* គម្រោងនវានុវត្តន៍៖ បានទៅលើគម្រោង «Smart Green House» មកពី វិទ្យាល័យព្រះមុនីវង្ស
* គម្រោងបច្ចេកទេស៖ បានទៅលើគម្រោង «Tech for the better« មកពី វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
* គម្រោងបទបង្ហាញឆ្នើម៖ បានទៅលើគម្រោង «Smart Wheelchair» មកពី វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប

ជ័យលាភីការប្រកួតរ៉ូបូតជាក្រុម (Micro:bit Wheel Robot Maze Challenge):
* ជ័យលាភីលេខ ១៖ បានទៅលើ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA)
* ជ័យលាភីលេខ ២៖ បានទៅលើ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT)
* ជ័យលាភីលេខ ៣៖ បានទៅលើ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (RPITS-SR)

ជ័យលាភីការប្រកួតប្រជែងដកកំហុសកូដ (Coding Debugging Challenge):
* ផ្នែកអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET): លេខ ១ (សុវណ្ណ មុនីនាថ), លេខ ២ (គី ដាវិត), លេខ ៣ (លឹម រិទ្ធីសិទ្ធិ)។
* ផ្នែកវិទ្យាល័យចំណេះទូទៅ: លេខ ១ (នៀម ច័ន្ទបញ្ញា), លេខ ២ (កែវ សំណាង), លេខ ៣ (ថុល សុវណ្ណា)។

ថ្លែងក្នុងពិធីបិទ និងប្រគល់ពានរង្វាន់ជូនម្ចាស់ជ័យលាភី លោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (DGTVET)មានប្រសាសន៍ថា ការបំពាក់បំប៉នក្មួយៗយុវជនឱ្យចេះសរសេរកូដ (Coding) ការប្រើប្រាស់ Micro:bit និងការបង្កើតគម្រោងបច្ចេកវិទ្យា គឺជាការផ្តល់នូវ «អាវុធ» និង «ឧបករណ៍» ដ៏មុតស្រួចដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារសតវត្សរ៍ទី២១។ ទីផ្សារការងារបច្ចុប្បន្ន និងអនាគត មិនត្រឹមតែទាមទារនូវចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាមទារនូវជំនាញទន់ (Soft Skills) ដូចជាការដោះស្រាយបញ្ហា (Problem Solving) ការគិតបែបតក្កវិទ្យា (Logical Thinking) និងការធ្វើការងារជាក្រុម (Collab oration) ដែលជំនាញទាំងនេះសុទ្ធតែទទួលបានតាមរយៈការរៀនសរសេរកូដ និងការធ្វើគម្រោង។

លោកបន្ថែមថា«ថាមពល ភាពច្នៃប្រឌិត និងស្មារតីនៃការប្រកួតប្រជែងប្រកបដោយក្រមសីលធម៌ដែលខ្ញុំបានឃើញនៅថ្ងៃនេះ គឺលើសពីការរំពឹងទុក ហើយវាបានបញ្ជាក់យ៉ាងច្បាស់ថា គម្រោងគំនិតផ្តួចផ្តើមអំពីចំណេះដឹងឌីជីថល (Digital Literacy Initiative - DLI) ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយសក្តានុពលរបស់យុវជនកម្ពុជា ឱ្យក្លាយជាមូលធនមនុស្សដ៏រឹងមាំ និងជាកោសិកាដ៏សកម្មសម្រាប់សង្គមជាតិ»។

សូមជម្រាបថា គម្រោង Digital Literacy Initiative (DLI) គឺជាគម្រោងរយៈពេលពីរឆ្នាំ (២០២៤-២០២៥) ក្រោមជំនួយឧបត្ថម្ភពីមូលនិធិដារីយូ (The Dariu Foundation) និងអនុវត្តដោយ Swisscontact សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមាន Tech for Kids Academy ជាដៃគូជំនាញបច្ចេកទេស៕