ធនាគារវីង របស់អ្នកឧកញ៉ា គិត ម៉េង ប្រកាសផ្តល់ឥណទានចំនួន ១០០លានដុល្លារ គាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី ក្នុងការចាប់ផ្តើមអាជីវកម្មរបស់ស្ត្រី
03-12-2025 16:03
(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសផ្តល់ឥណទាន ចំនួន ១០០លានដុល្លារអាម៉េរិក ដើម្បីគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី ក្នុងការចាប់ផ្តើមអាជីវកម្មរបស់ស្ត្រីនៅកម្ពុជា។
ការប្រកាសនេះ បានធ្វើឡើងតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី ដែលហៅកាត់ «ម.ស.ស.ស ឬ WEE-DC» របស់ក្រសួងកិច្ចការនារី មានទីតាំងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានគណៈប្រឹក្សាយោបល់របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងសហគ្រិនភាពស្ត្រី បានថ្លែងថា មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី គឺជាកន្លែងប្រមូលផ្តុំ ដែលអនុញ្ញាតឱ្យវិស័យរដ្ឋ និងឯកជនសង្គមស៊ីវិល ដូចជា ស្ថាប័នហិរញ្ញវត្ថុ អ្នកសិក្សាស្រាវជ្រាវ អ្នកបច្ចេកទេស ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល សាធារណជន អនុវត្តការងាររួមគ្នាក្នុងភាពជាដៃគូដើម្បីបង្កើតនូវគំនិត និងការវិនិយោគរួម (Co-Creation and Co-Investment)។
លោកស្រីរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា មជ្ឈមណ្ឌលនេះមានបេសកកម្ម ក្នុងការអភិវឌ្ឍសហគ្រិនភាពនិងបង្កើនការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យសេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចគ្រួសារ។ បេសកកម្មនិងមុខងាររបស់មជ្ឈមណ្ឌលនេះ ផ្តោតសំខាន់លើ៖ ១. ការអភិវឌ្ឍសមត្ថភាពផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី, ២. កម្មវិធីគាំទ្រការចាប់ផ្តើមនិងអភិវឌ្ឍសហគ្រិនភាពស្ត្រី, ៣. កម្មវិធីសិក្សាស្រាវជ្រាវនិងនវានុវត្តន៍ និង៤. ការពង្រីកបណ្តាញនិងទីផ្សារដល់សហគ្រិននិងអាជីករជាស្ត្រី ក្នុងស្រុក តំបន់ និងជាសកល។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី ២៨ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ធនាគារ វីង ក៏បានប្រកាសនឹងផ្តល់ឥណទាន ២០០លានដុល្លារអាម៉េរិក ក្រោមកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជាផងដែរ។
ក្នុងនាមជាធនាគារឌីជីថលមួយដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ធនាគារ វីង ប្តេជ្ញាចិត្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ តាមរយៈកិច្ចសហការជាមួយដៃគូអភិវឌ្ឍជាច្រើន ក៏ដូចជា ក្រសួង-ស្ថាប័នរបស់រដ្ឋាភិបាល ធនាគារ វីង បានរួមចំណែកដ៏សំខាន់លើការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ និងគំនិតផ្តួចផ្តើមនានា ក្នុងន័យជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងអភិវឌ្ឍប្រទេសឱ្យបានកាន់តែរីកចម្រើន។
ធនាគារ វីង ដែលរីកចម្រើនជាមួយកម្ពុជាអស់រយៈពេល ១៧ឆ្នាំ បានក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយដែលទទួលបានការជឿជាក់ និងច្នៃប្រឌិតបំផុត ដោយបច្ចុប្បន្នកំពុងគ្រប់គ្រងប្រាក់បញ្ញើជិត ៣ពាន់លានដុល្លារអាម៉េរិក។
បច្ចុប្បន្ន ធនាគារ វីង មានបណ្តាញប្រតិបត្តិការទូលំទូលាយ រួមមានសាខាធនាគារ ២៧ទីតាំង ភ្នាក់ងារជាង ១២.០០០កន្លែង និងភ្នាក់ងារវីង ម៉ាស្ទ័រ ជិត ២០០កន្លែង នៅទូទាំងប្រទេស។ មកទល់ពេលនេះ ធនាគារ វីង បានបម្រើអតិថិជនជាង ៩,៨លានគណនី ដោយផ្តល់ជូននូវដំណោះស្រាយធនាគារប្រកបដោយសុវត្ថិភាពយ៉ាងពេញលេញ រហ័ស និងងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ៕














