មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់បន្តយកចិត្តទុកដាក់ ការលើកកម្ពស់សមភាពយេនឌ័ររបស់មន្ត្រីរាជការ

03-12-2025 16:29

(ស្វាយរៀង)៖ លោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តី ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល» ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អ្នកនាងកញ្ញា ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង មន្ទីរ ប.ទ. ខេត្ត តំណាងប្រតិបត្តិករ ប្រៃសណីយ៍ ទូរគមនាគមន៍ ព្រមទាំងលោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តស្វាយរៀងនិងសហការី សរុបប្រមាណ ១០០នាក់ នៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង (១) ពង្រឹងសមត្ថភាពមន្ត្រីរាជការនារី ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយសុវត្ថិភាព និងអាចឆ្លើយតបទៅនឹង ការផ្លាស់ប្តូរនៃបច្ចេកវិទ្យាថ្មីៗ ដូចជាទាញយកប្រយោជន៍ នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធិភាពការងារ ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និង (២) ដើម្បីបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងមន្ទីរខេត្តឱ្យបង្កើនការគាំទ្រចូលរួមលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងចូលរួមការបង្កាទប់ស្កាត់អំពើជួញដូរមនុស្ស និងកាត់បន្ថយអំពើហឹង្សាទាក់ទងនឹងយេនឌ័រ តាមប្រព័ន្ធអនឡាញ។

ជាមួយគ្នានេះ លោកស្រីរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ក្នុងនោះ «ស្រ្តី គឺជាស្នូល»។ រាជរដ្ឋាភិបាលបានបន្តបង្កើនការវិនិយោគសំខាន់ៗលើសមភាពយេនឌ័រ និងផ្តល់ ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដែលក្នុងនោះមានដូចជាវិស័យ សេដ្ឋកិច្ច សុខភាព អប់រំ និងបច្ចេកវិទ្យា ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិយើងឱ្យកាន់តែប្រសើរឡើង។

បន្ថែមលើនេះ លោកស្រីរដ្ឋលេខាធិការ ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់បន្ដយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវ សិទ្ធិ ឋានៈ តួនាទី និងជីវភាពរស់នៅ របស់មន្ដ្រីរាជការនារី នៅអង្គភាពរបស់ខ្លួនតាមរយៈការបន្ដលើកកម្ពស់សមភាពយេនឌ័រ ជំរុញភាពអង់អាចរបស់ស្ដ្រី ដោយជំរុញការបណ្ដុះបណ្ដាលបំប៉នជំនាញបច្ចេកទេស និងផ្ដល់ឱកាសដល់ស្ដ្រី ដើម្បីទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗបន្ថែមទៀត ព្រមទាំងបន្ដបង្កើនសមាមាត្រការចូលរួមរបស់ស្ដ្រី ឱ្យបានកាន់តែច្រើនឡើងតាមរយៈការលើកកម្ពស់សិទ្ធិ ឋានៈ របស់ស្ដ្រី ដើម្បីឱ្យចូលរួមកាន់តែសកម្មក្នុងការធ្វើសេចក្ដីសម្រេចនានា។

មុននឹងបញ្ជប់ លោកស្រីរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដែលបានយកចិត្តទុកដាក់គាំទ្រ និងផ្តល់ឱកាសដល់មន្ត្រីរាជការនារីទាំងអស់ ក្នុងការចូលរួមអភិវឌ្ឍន៍សមត្ថភាពជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនិងបំពេញការងារដោយស្មើភាពគ្នាជាមួយបុរស ដើម្បីរួមចំណែកអភិវឌ្ឍក្រសួង និងប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត៕