អភិបាលខេត្តរតនគិរី បើកការរដ្ឋានជួសជុលផ្លូវជាតិលេខ 78C (អូរជុំ-វើនសៃ) ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ពលរដ្ឋទៅកាន់ទីផ្សារ

03-12-2025 16:36

(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញបើកការដ្ឋានជួសជុល ផ្លូវជាតិលេខ78C ប្រវែង ២,៨០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូ២ជាន់ (DBST) របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលផ្លូវនេះតភ្ជាប់ពីស្រុកអូរជុំ-ស្រុកវើនសៃ ក្នុងខេត្តរតនគិរី។

ថ្លែងនាឱកាសនោះលោក ញ៉ែម សំអឿន បានឱ្យដឹងថា ផ្លូវជាតិលេខ ៧៨C (អូរជុំ-វើនសៃ) ជាផ្លូវសេដ្ឋកិច្ចមួយដ៏សំខាន់ដើម្បីបំរើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋក្នុងស្រុកអូរជុំ និងស្រុកវើនសៃ ក្នុងការដឹកកសិផលដែលប្រមូលផលបាន ទៅកាន់ទីផ្សារ ក៏ដូចជាងាយស្រួលក្នុងការដឹកសម្ភារផ្សេងៗ ដែលផ្គត់ផ្គង់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ ផ្លូវនេះ ពិតជាបំរើផលប្រយោជន៍ដល់ស្រុកអូរជុំ-ស្រុកវើនសៃ រួមមានប្រជាជន ក្នុងឃុំកាឡៃ និងឃុំអូរជុំ ដែលតភ្ជាប់ពីស្រុកអូរជុំ-ស្រុកវើនសៃ ទៅកាន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងពីស្រុកវើនសៃ ស្រុកអូរជុំ មកកាន់ផ្លូវជាតិលេខ៧៨ ទីរួមខេត្តរតនគិរីផងដែរ។

ដើម្បីដំណើរការជួសជុលផ្លូវនេះឲ្យទទួលបានជោគជ័យ, លោក ញ៉ែម សំអឿន បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ជួយសហការ កុំដឹកជញ្ជូនសំពីងសំពោង ជាពិសេសអាជ្ញាធរដែនដី នៃស្រុកទាំង២ មេត្តាផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅតាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួលរាល់បញ្ហា ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ។

ឆ្លៀតក្នុងឱកាសនេះផងដែរលោក ញ៉ែម សំអឿន បានលើកឡើងថា កត្តាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងអាទិភាពបំផុត ដែលទាមទារឲ្យយើងត្រូវរួមគ្នាធានាឲ្យបាននូវកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ដូច្នេះអាជ្ញាធរនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ ត្រូវបង្កើនការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ សំខាន់ចំពោះសិស្សានុសិស្ស ពីច្បាប់ចរាចរណ៍ និងគ្រឿងញៀន និងក្តាប់ឲ្យបាននូវរាល់សភាពការណ៍នានាដែលកើតមាននៅតាមភូមិ ឃុំ ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងនោះត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋ អំពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ និងរួមគ្នាដោះស្រាយ។

សូមបញ្ជាក់ថាបើតាមការលើកឡើងរបស់លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី គម្រោងជួសជុលផ្លូវជាតិលេខ 78C នេះមានប្រវែង ២,៨០០ម៉ែត្រនិង ទទឹង៧ម៉ែត្រ ពី PK 125+900 ដល់ PK 128+700 ជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូ ២ជាន់ (DBST) មាន ២គន្លងដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជួសជុលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី តាមកិច្ចសន្យាដែលបានកំណត់ ក្នុងគម្រោងសម្រាប់ឆ្នាំ២០២៦៕