ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា៖ មហាប្រាសាទព្រះធម្មចេតិយទី១ មានតម្កល់សិលាចារិកព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១.១៧០ផ្ទាំង ដែលបម្រើដល់វិស័យពុទ្ធសាសនា ក្នុងការអប់រំ និងទេសចរណ៍វប្បធម៌ (Video inside)
03-12-2025 17:09
(កំពង់ស្ពឺ)៖ ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា បានលើកឡើងថា មហាប្រាសាទព្រះធម្មចេតិយទី១ មានតម្កល់សិលាចារិកព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១.១៧០ផ្ទាំង ដែលបម្រើដល់វិស័យពុទ្ធសាសនា ក្នុងការអប់រំ និងទេសចរណ៍វប្បធម៌ មានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ។
ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត បានបញ្ជាក់ថា ការកសាងប្រាសាទនេះ គឺត្រូវការព្យាយាយអត់ធ្មត់ជាទីបំផុត។ មូលហេតុដែលមិនចាក់ប្លង់សេ ពីព្រោះសម្បត្ដិនេះ ចង់ទុកឱ្យកូនចៅជំនាន់ក្រោយ បានដឹងអំពីការសាងសង ហើយសួរថា តើមានការលំបាកប៉ុណ្ណា តស៊ូអត់ធ្មត់ប៉ុណ្ណា នៅពេលដែលមិនទាន់មានគ្រឿងចាក់ឡើងដល់នោះទេ? គឺធ្វើឡើងដោយដៃ ដាក់ខ្សែរ៉តយោង អូសឡើងលើ ហើយត្រូវដាក់ដែកទាក់ពីមួយទៅមួយ សម្រាប់រ៉េងឬស្សី នៅខាងលើដើម្បីទ្រាំទម្ងន់អន្ទារ ដែលត្រូវចាក់ទៅលើដំបូលទៀតនោះ។
សូមជម្រាបជូនថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ ២១៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ស្តីពីការកំណត់តំបន់ គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ដោយត្រូវបានកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» លើផ្ទៃដីសរុបចំនួន ១២៦ហិកតា ទៅជា តំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងការរៀបចំកសាងអភិវឌ្ឍប្រែក្លាយ ទៅជាបូជនីយដ្ឋានជាទីគោរពសក្ការៈបូជាដ៏ល្អប្រណិតថ្នាក់ជាតិ អន្តរជាតិ និងជារមណីយដ្ឋានទេសចរណ៍វប្បធម៌បែបព្រះពុទ្ធសាសនា ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកជាមរត៌កដល់កូនចៅជំនាន់ក្រោយ និងដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ ពីព្រះពុទ្ធសាសនានៅកម្ពុជា៕
សូមស្ដាប់ប្រសាសន៍របស់ ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ដូចតទៅ៖

























