អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ/សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុល នៅខ្លោងទ្វារជ័យ

03-12-2025 19:37

(សៀមរាប​)៖ អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានចុះពិនិត្យតាមការដ្ឋានជួសជុលនៅខ្លោងទ្វារខាងជ័យ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

កំឡុងពេលចុះពិនិត្យនោះ ក្រុមអ្នកជំនាញការអន្ដរជាតិ រួមនិងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលមានលោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានចុះពិនិត្យការងារជួសជុលការដ្ឋាននៅខ្លោងទ្វារជ័យ បាននិងកំពុងអនុវត្តន៍គម្រោងជួសជុល ដែលនៅទីនោះអ្នកជំនាញការបានស្ដាប់ការធ្វើបទបង្ហាញពីក្រុមការងារជួសជុល ក៏ដូចជា ការផ្តល់អនុសាសន៍បន្ថែមដល់ការងារទាំងនោះ ឱ្យកាន់តែល្អប្រសើរ។

ការងារនេះ ធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាម អនុសាសន៍ដែលអ្នកជំនាញការបានផ្តល់អនុសាសន៍នាពេលកន្លងមក៕